ថ្ងៃច័ន្ទ ទី​១៦ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹងបាន​សង្គ្រោះ​វិញ។ ហេព្រើរ ១០:៣៩

បើដូច្នោះ តើការផ្លាស់ប្តូរថ្ងៃឈប់សម្រាកគឺជាអ្វីទៅ ក្រៅពីគ្រាន់តែ ជាសញ្ញា ឬជាទីសម្គាល់នៃអំណាចរបស់វិហាររ៉ូមនោះ? ជា «ទីសម្គាល់របស់សត្វ»ទេដឹង?

វិហាររ៉ូមពុំដែលលះបង់ចោលសេចក្តីអះអាងចង់បាននូវអំណាចគ្រប់គ្រងឡើយ។ នៅពេលពិភពលោក និងវិហារប្រូតេស្តង់ទទួលថ្ងៃឈប់សម្រាកដែលវិហាររ៉ូមបង្កើតនោះ ក្នុងពេលដែលគេបដិសេធថ្ងៃឈប់សម្រាកនៃព្រះគម្ពីរ ពួកគេប្រៀបដូចជាទទួលស្គាល់នូវអំណាចគ្រប់គ្រងរបស់វិហាររ៉ូមដូច្នោះឯង។ ក្នុងការប្រព្រឹត្តដូចនេះ គឺគេបំភ្លេចគោលការដែលញែកពួកគេចេញពីរ៉ូមហើយ ថា «ព្រះគម្ពីរហើយមានតែព្រះគម្ពីរតែមួយគត់ គឺជាសាសនានៃពួកប្រូតេស្តង់»។ នៅពេលចលនានៃការចេញ ច្បាប់ឱ្យគោរពថ្ងៃអាទិត្យ ទាក់ចិត្តមនុស្សកាន់តែខ្លាំងឡើង នោះពិភពប្រូតេស្តង់ទាំងមូលនឹងស្ថិតនៅក្រោមនឹមរបស់រ៉ូមក្នុងទីបំផុតជាប្រាកដ។

ពួកកាន់សាសនារ៉ូមថ្លែងថា «ការដែលពួកប្រូតេស្តង់គោរពថ្ងៃអាទិត្យ ក៏ដូចជាគេគោរពដល់អំណាចនៃវិហារ [កាតូលិក] ដូច្នោះ ទោះជាគេមានជំនឿខុសគ្នាក៏ដោយ»៧។ ការបង្ខិតបង្ខំឱ្យមានភារកិច្ចគោរព សាសនាដោយអំណាចលោកីយ៍ នឹងបង្កើតរូបសត្វ ម៉្លោះហើយការចេញច្បាប់ឱ្យរក្សាថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិក នឹងបានជាការចេញច្បាប់ឱ្យគោរពសត្វនិងរូបសត្វវិញ។

ពួកគ្រីស្ទាននៅជំនាន់ដើម គោរពថ្ងៃអាទិត្យដោយគិតថាគេរក្សាថ្ងៃឈប់សម្រាកក្នុងព្រះគម្ពីរ ហើយឥឡូវនេះ មានពួកគ្រីស្ទានពិតប្រាកដក្នុងគ្រប់ព្រះវិហារ ដែលជឿស្មោះអស់ពីចិត្តថា ថ្ងៃអាទិត្យជាថ្ងៃដែលព្រះបាន ដាក់មកឱ្យគោរព។ ព្រះទ្រង់ទទួលស្គាល់សេចក្តីស្មោះត្រង់ និងសេចក្តីសុចរិតរបស់គេ។ ប៉ុន្តែ នៅពេលគេចេញច្បាប់ឱ្យគោរពថ្ងៃអាទិត្យ ហើយពិភពលោកនឹងបានយល់ច្បាស់ពីថ្ងៃឈប់សម្រាកពិតប្រាកដនោះ នោះអស់អ្នកណាដែលបំពានសេចក្តីបង្គាប់របស់ព្រះ ដើម្បីស្តាប់តាមសិក្ខាបទរបស់រ៉ូម នឹងគោរពលទ្ធិកាតូលិករ៉ូមលើព្រះហើយ។ គឺគេគោរពវិហាររ៉ូមតែម្តង។ គេគោរពសត្វ និងរូបសត្វ។ មនុស្សនឹងទទួលស្គាល់សញ្ញានៃសេចក្តីស្មោះស្ម័គ្រដល់រ៉ូម ដែលជា «ទីសម្គាល់របស់សត្វ»។ លុះដល់រឿងនេះបានលាត ត្រដាងនៅចំពោះមនុស្សទាំងឡាយ ហើយគេត្រូវជ្រើសរើសរវាងបញ្ញត្តិរបស់ព្រះ និងបញ្ញត្តិរបស់មនុស្ស នោះទើបអ្នកដែលនៅតែប្រព្រឹត្តរំលងនឹងទទួល «ទីសម្គាល់របស់សត្វ»។

ការព្រមាននៃទេវតាទីបី

សេចក្តីបំភិតបំភ័យដ៏ខ្លាំងក្លាបំផុតដែលបានធ្វើដល់មនុស្សជាតិ គឺមាននៅក្នុងព្រះរាជសាររបស់ទេវតាទីបី។ មនុស្សនឹងមិនត្រូវស្ថិតនៅក្នុងសេចក្តីងងឹត ស្តីពីរឿងដ៏សំខាន់នេះទេ ព្រោះសេចក្តីព្រមាននឹងត្រូវប្រទានដល់ពិភពលោកសិន មុននឹងការជំនុំជម្រះរបស់ព្រះមកដល់ ប្រយោជន៍ឱ្យមនុស្សទាំងអស់មានឱកាសដើម្បីគេចខ្លួនបាន។ ទេវតាទីមួយប្រកាសដល់គ្រប់ «ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ ដែរ»។ សេចក្តីព្រមាននៃទេវតាទីបី នឹងមិនត្រូវសុសសាយតិចជាងមុនទេ។ សេចក្តីព្រមាននោះនឹងត្រូវប្រកាសដោយសំឡេងយ៉ាងខ្លាំង ហើយនឹងទាក់ស្មារតីនៃពិភពលោក។

ទាំងអស់គ្នានឹងត្រូវបានចែកជាពីរក្រុម៖ អ្នកដែលរក្សាបញ្ញត្តិរបស់ ព្រះ ហើយមានជំនឿលើព្រះគ្រីស្ទ និងអ្នកដែលគោរពដល់សត្វ និងរូបសត្វ ហើយទទួលទីសម្គាល់របស់វា។ វិហារ និងរដ្ឋនឹងរួបរួមគ្នា ដើម្បីបង្ខំអស់ទាំងមនុស្សឱ្យទទួល «ទីសម្គាល់របស់សត្វ» តែរាស្ត្ររបស់ព្រះនឹងមិនបានទទួលទេ។ ហោរាសម្លឹងមើលទៅពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា និងលេខឈ្មោះវាផង ឃើញគេឈរលើសមុទ្រកែវ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។ វិវរណៈ ១៥:២។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ។ រ៉ូម ៣:២៤

Powered by CAM