ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក១១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូររក្សាសេចក្តីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្តីសុចរិតចុះ ពីព្រោះសេចក្តីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្តីសុចរិតរបស់អញ ក៏រៀបនឹងសំដែងឲ្យឃើញដែរ។ អេសាយ ៥៦:១
ការកែទម្រង់ដល់ថ្ងៃឈប់សម្រាកនៅថ្ងៃចុងក្រោយ ត្រូវបានទាយទុកនៅក្នុងគម្ពីរអេសាយថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូររក្សាសេចក្តីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្តីសុចរិតចុះ ពីព្រោះសេចក្តីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្តីសុចរិតរបស់អញ ក៏រៀបនឹងសម្តែងឱ្យឃើញដែរ។ មានពរហើយមនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្តីនេះឱ្យខ្ជាប់ខ្ជួន គឺជាអ្នកថែរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ ហើយរក្សាដៃមិនឱ្យធ្វើការអាក្រក់ណាឡើយ...។ ឯពួកសាសន៍ដទៃដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីធ្វើការងារទ្រង់ ហើយនិងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឱ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញដែលសម្រាប់ជាទីអធិស្ឋាន»។ អេសាយ ៥៦:១,២,៦,៧។
ព្រះបន្ទូលទាំងនេះ គឺសំដៅមកជំនាន់គ្រីស្ទាន ដូចបានឃើញក្នុងន័យទាំងមូលនៃខនោះហើយ៖ «ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នកដែលត្រូវបំបរបង់ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលមកហើយ» (ខ៨)។ ទីនេះ គឺទាយពីការប្រមូលពួកសាសន៍ដទៃដោយដំណឹងល្អ នៅពេលអ្នកបម្រើរបស់ទ្រង់ផ្សាយដល់អស់ទាំងសាសន៍អំពីដំណឹងដ៏រីករាយ។
ព្រះអម្ចាស់បង្គាប់ថា៖ «បិទត្រាបញ្ញត្តិច្បាប់នៅក្នុងពួកសិស្សរបស់ អញចុះ»។ អេសាយ ៨:១៦។ ត្រាបញ្ញត្តិច្បាប់របស់ព្រះនោះ គឺត្រូវបានចែងនៅក្នុងបញ្ជីទីបួន។ បញ្ញត្តិនេះក្នុងអស់ទាំងបញ្ញត្តិដប់ប្រការ គឺនាំឱ្យឃើញទាំងព្រះនាម និងងារនៃព្រះដែលជាអ្នកបង្កើតច្បាប់។ នៅពេលថ្ងៃឈប់សម្រាក ត្រូវបានផ្លាស់ប្តូរដោយអំណាចស្តេចសង្ឃ ត្រាក៏ត្រូវបានបកចេញពីក្រឹត្យវិន័យ។ ពួកសាវ័ករបស់ព្រះយេស៊ូវត្រូវបានហៅមក ដើម្បីឱ្យកែតម្រូវឡើងវិញ ដោយលើកតម្កើងថ្ងៃឈប់សម្រាកទុកជាការរំលឹកដល់ព្រះអាទិករ និងទុកជាទីសម្គាល់នៃអំណាចរបស់ទ្រង់។
មានចេញបទបញ្ជាឡើងថា៖ «ចូរស្រែកឱ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសម្លេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពី អំពើរំលងរបស់គេ»។ អ្នកដែលទ្រង់ហៅថា «រាស្ត្រអញ» នឹងត្រូវបានកែតម្រង់ឡើងវិញចំពោះការប្រព្រឹត្តល្មើសរបស់គេ ព្រោះគេជាក្រុមដែលគិតថាខ្លួនសុចរិតក្នុងការបម្រើព្រះ។ ប៉ុន្តែការបន្ទោសដ៏ម៉ឺងម៉ាត់នៃព្រះដ៏ជាអ្នកស្វែង រកចិត្តមនុស្សបញ្ជាក់ថា គេកំពុងជាន់ឈ្លីសិក្ខាបទរបស់ព្រះ។ អេសាយ ៥៨:១,២។
ដូច្នេះហោរាបង្ហាញបញ្ញត្តិដែលគេបានបំភ្លេចចោលថា៖ «ពួកអ្នកដែលនឹងកើតមកពីឯង គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំងដែលមានតាំងពីច្រើនតំណមកហើយ ក៏នឹងមាន ឈ្មោះថាជាអ្នកជួសជុលទីបាក់បែក គឺជាអ្នករៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។ បើឯងឃាត់ជើងឯង មិនឱ្យបែរចេញពីថ្ងៃឈប់សម្រាក គឺមិនឱ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ាទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬពោលតែពាក្យរបស់ផងខ្លួន គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា»។ អេសាយ ៥៨:១២-១៤។
«ទីចាស់ដែលខូចបង់» គឺបានកើតឡើងដល់ក្រឹត្យវិន័យរបស់ព្រះ នៅពេលថ្ងៃឈប់សម្រាកត្រូវបានប្តូរដោយអំណាចរ៉ូម។ ប៉ុន្តែ ពេលវេលាបានមកដល់សម្រាប់ជួសជុលទីខូចបង់នោះហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ រ៉ូម ៣:២៤