ថ្ងៃពុធ ទី១៨​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្តី​នេះ​ឲ្យ​ខ្ជាប់ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ។ អេសាយ ៥៦:២

ថ្ងៃឈប់សម្រាកពិតប្រាកដត្រូវបានកាន់តាំងតែពីដើមមក

ថ្ងៃឈប់សម្រាកត្រូវបានរក្សាដោយលោកអ័ដាមក្នុងសួនអេដែនតាំងតែពីកាលដែលលោកមិនទាន់បាបម៉្លេះ។ លោកបានភ្លាត់មានបាប តែបានលន់តួវិញ ហើយទោះជាត្រូវបានបណ្តេញចេញពីគេហដ្ឋានរបស់លោកក៏ដោយ ក៏លោកនៅតែរក្សាថ្ងៃនោះដែរ។ ថ្ងៃឈប់សម្រាកនេះត្រូវបានរក្សាដោយអស់ទាំងពួកអយ្យកោចាប់តាំងពីអេបិលដល់លោកណូអេ ដល់អាប្រាហាំ ដល់យ៉ាកុប។ នៅពេលព្រះយេហូវ៉ារំដោះអ៊ីស្រាអែល ទ្រង់បានប្រកាសក្រឹត្យវិន័យរបស់ទ្រង់ ទៅដល់ពួកមនុស្ស។

តាំងតែពីថ្ងៃនោះមកដល់បច្ចុប្បន្នកាលនេះ គេបានកាន់ថ្ងៃឈប់សម្រាកជាប់។ ទោះបីជា «មនុស្សដែលជាតួបាប» មានជ័យជម្នះក្នុងការ ជាន់ឈ្លីដោយជើងដល់ថ្ងៃបរិសុទ្ធរបស់ព្រះក៏ដោយ ក៏នៅតែមានអ្នកគោរពដ៏ស្មោះត្រង់នៅទីស្ងាត់ដែរ។ តាំងតែពីគ្រាកែទម្រង់មក មានមនុស្សខ្លះក្នុងគ្រប់តំណនៅតែគោរពដល់ថ្ងៃបរិសុទ្ធនេះ។

សេចក្តីពិតទាំងនេះ រួមទាំង «ដំណឹងល្អដ៏នៅអស់កល្បជានិច្ច» នឹងញែកឱ្យឃើញនូវក្រុមជំនុំរបស់ព្រះគ្រីស្ទនៅពេលទ្រង់យាងមក។ «នេះ ហើយជា...ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្តិរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ»។ វិវរណៈ ១៤:១២។

អ្នកដែលបានទទួលពន្លឺស្តីពីរោងឧបោសថ និងក្រឹត្យវិន័យរបស់ព្រះបានពេញទៅដោយអំណរ នៅពេលគេឃើញមានការស្របគ្នាក្នុងសេចក្តីពិត។ គេចង់ឱ្យពន្លឺបានចាំងជះដល់អស់ពួកគ្រីស្ទានទាំងឡាយ ប៉ុន្តែ សេចក្តី​ពិតដែលខុសប្លែកពីលោកីយ៍ ត្រូវបានបដិសេធដោយជនជាច្រើនដែលអះអាងថាដើរតាមព្រះគ្រីស្ទ។

នៅពេលសេចក្តីទាំងប៉ុន្មាននៃថ្ងៃឈប់សម្រាក ត្រូវបានសម្តែងឱ្យគេឃើញ មនុស្សជាច្រើននិយាយថា៖ «យើងតែងតែកាន់ថ្ងៃអាទិត្យ ជីដូន ជីតាយើងបានកាន់ថ្ងៃនោះដែរ ហើយមនុស្សល្អជាច្រើនដែលកាន់ថ្ងៃនេះបានស្លាប់ទៅដោយសុខដុមរមនា។ តើក្រុមដ៏តូចមួយដែលកាន់ថ្ងៃទីប្រាំពីរអាចទទួលលទ្ធផលអ្វីខ្លះ ក្នុងពេលអស់ទាំងពិភពលោករក្សាថ្ងៃអាទិត្យនោះ?» ពួកជូវបានប្រើការវែកញែកដូចគ្នា ដើម្បីបដិសេធព្រះគ្រីស្ទ។ ដូចនឹងជំនាន់លោកលូធើរដែរ អ្នកកាន់សាសនាកាតូលិកបានវែកញែកថា អ្នកគ្រីស្ទានពិតប្រាកដបានស្លាប់ក្នុងជំនឿកាតូលិក ដូច្នេះសាសនានោះ គឺគ្រប់គ្រាន់ហើយ។ ការវែកញែករបៀបនេះ នឹងបានជារនាំងបាំងការជឿនលឿនក្នុងជំនឿជាប្រាកដ។

ជនជាច្រើនបានលើកឡើងថា ការរក្សាថ្ងៃអាទិត្យត្រូវបានជាទំនៀមទម្លាប់ទូទៅនៃព្រះវិហាររាប់សតវត្សមកហើយ។ ផ្ទុយនឹងសេចក្តីដែលបានថ្លែងនេះ ថ្ងៃឈប់សម្រាក និងការរក្សាថ្ងៃនេះ គឺបុរាណជាងថែមទាំងមានអាយុចាស់ដូចជាផែនដីដែរ ហើយត្រូវបានតាំងឡើងដោយព្រះដ៏មានព្រះជន្មពីបុរាណទៀតផង។

ក្នុងពេលដែលឥតមានទីបន្ទាល់ពីព្រះគម្ពីរនោះ មនុស្សជាច្រើនបានពោលថា៖ «ហេតុអ្វីបានជាវីរបុរសរបស់យើងពុំបានយល់ពីថ្ងៃឈប់សម្រាកនេះ? មានតិចតួចណាស់ដែលជឿដូចជាអ្នក។ អ្នកមិនអាចត្រូវ ហើយអស់ទាំងមនុស្សនៃចំណេះវិជ្ជាខ្ពង់ខ្ពស់នោះខុសទេ»។

ដើម្បីបង្ហាញថាការវែកញែកនេះខុស គឺគ្រាន់តែមើលបទគម្ពីរ និងការប្រស្រ័យទាក់ទងរបស់ព្រះយេហូវ៉ា ជាមួយរាស្ត្រទ្រង់ក្នុងគ្រប់ទាំងសម័យចុះ នោះគ្រប់គ្រាន់ហើយ។ មូលហេតុដែលព្រះពុំសូវជ្រើសរើសអ្នកមានចំណេះវិជ្ជា និងតំណែងខ្ពង់ខ្ពស់ ដើម្បីដឹកនាំក្នុងការកែទម្រង់ គឺព្រោះគេពឹងពាក់ទៅនឹងគោលជំនឿ និងប្រព័ន្ធសាសនវិទ្យារបស់គេ ហើយមិនត្រូវការចង់រៀនពីព្រះ។ ជនដែលមានចំណេះវិជ្ជាស្តួចស្តើងពីសាលា ជួនកាលត្រូវបានហៅមកដើម្បីប្រកាសសេចក្តីពិត គឺពុំមែនដោយគេគ្មានតម្រិះនោះទេ ប៉ុន្តែដោយគេមិនពឹងលើខ្លួន តែដាក់ខ្លួនឱ្យព្រះបង្រៀនវិញ។ ការឱនលំទោន និងការស្តាប់បង្គាប់តាម ធ្វើឱ្យគេក្លាយទៅជាវីរជន។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ។ រ៉ូម ៣:២៤

Powered by CAM