ថ្ងៃព្រហស្បតិ៍ ទី១៩​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រីឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ។ ហេព្រើរ ១១:១

ប្រវត្តិសាស្ត្រនៃអ៊ីស្រាអែលបុរាណ គឺជាគំរូដ៏ល្អបំផុតអំពីពិសោធន៍ពីអតីតកាលនៃក្រុមជំនុំនិវត្តកៈ។ ព្រះបាននាំរាស្ត្រទ្រង់ក្នុងចលនានិវត្ត ដូចទ្រង់បាននាំកូនចៅអ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទដែរ។ ប្រសិនបើអស់អ្នកដែលបានធ្វើការដោយសាមគ្គីគ្នាក្នុងឆ្នាំ១៨៤៤ បានទទួលព្រះរាជសារ របស់ទេវតាទីបី ហើយប្រកាសក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ នោះផែនដីនឹងត្រូវបានព្រមានរាប់ឆ្នាំមុនម៉្លេះ ហើយព្រះគ្រីស្ទនឹងបានយាងមករំដោះយករាស្ត្រទ្រង់ទៅហើយ។

ពុំមែនជាព្រះហឫទ័យរបស់ព្រះ

ពុំមែនជាព្រះហឫទ័យរបស់ព្រះទេដែលជនជាតិអ៊ីស្រាអែលបាននៅវិលវល់ក្នុងទីរហោស្ថានអស់សែសិបឆ្នាំនោះ ព្រោះទ្រង់មានព្រះទ័យចង់នាំគេចេញទៅស្រុកកាណាន ហើយតាំងគេនៅទីនោះ ធ្វើជារាស្ត្របរិសុទ្ធ និងជារាស្ត្រដ៏សប្បាយរីករាយ ប៉ុន្តែ «អ្នកទាំងនោះពុំអាចនឹងចូលបានទេ ព្រោះគេមិនជឿ»។ ហេព្រើរ ៣:១៩។ ក៏ដូចគ្នាដែរ ពុំមែនជាព្រះហឫទ័យរបស់ព្រះទេដែលការយាងមករបស់ព្រះគ្រីស្ទត្រូវពន្យារដ៏យូរយា ហើយរាស្ត្រទ្រង់ត្រូវស្ថិតនៅក្នុងពិភពនៃបាបកម្ម និងសេចក្តីទុក្ខសោកអស់រាប់ឆ្នាំដូច្នេះ។ ការមិនជឿបានញែកគេចេញពីព្រះ។ ព្រះយេស៊ូវបានពន្យារការយាងមករបស់ទ្រង់ ដោយសារសេចក្តីមេត្តាករុណាដល់លោកីយ៍ ដើម្បីឱ្យអ្នកមាន បាបបានឮសេចក្តីព្រមាន ហើយរកជម្រកជ្រកកោន មុននឹងសេចក្តីក្រោធរបស់ព្រះត្រូវបានបង្អុរចុះមក។

ឥឡូវនេះ ដូចនៅជំនាន់ពីអតីតកាលដែរ ការបង្ហាញសេចក្តីពិតនឹងបង្កសេចក្តីប្រឆាំង។ មនុស្សជាច្រើនប្រើសេចក្តីព្យាបាទ ដើម្បីជិះជាន់ចរិត លក្ខណៈ និងគោលបំណងរបស់អ្នកដែលឈរការពារជំនឿដែលគេមិននិយមជឿ។ គេបានហៅហោរាអេលីយ៉ាថាជាអ្នកបង្ករឿងក្នុងអ៊ីស្រាអែល ហោរាយេរេមាថាជាអ្នកក្បត់ សាវ័កប៉ុលថាជាអ្នកធ្វើឱ្យព្រះវិហារកខ្វក់។ ចាប់ពីពេលនោះមកដល់ពេលនេះ អ្នកដែលស្មោះត្រង់ដល់សេចក្តីពិតត្រូវបានគេថ្កោលថាជាមនុស្សបះបោរបែកឆ្វេង ឬបែកគណៈ។

ការថ្លែងជំនឿដែលបានពោលដោយពួកបរិសុទ្ធ និងអ្នកប្តូរជីវិត និងឧទាហរណ៍នៃភាពបរិសុទ្ធ និងភាពសុចរិតដ៏មាំមួន បណ្តាលឱ្យមានទឹកចិត្តដល់អ្នកដែលឥឡូវនេះបានហៅមកធ្វើជាស្មរបន្ទាល់សម្រាប់ព្រះ។ បទបញ្ជាដល់អ្នកបម្រើរបស់ព្រះក្នុងពេលនេះគឺ៖ «ចូរបន្លឺសំឡេងឡើង ដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ»។ «អញបានតាំងឯងឡើងធ្វើជាអ្នកចាំយាមដល់ពូជវង្សអ៊ីស្រាអែល ដូច្នេះចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឱ្យអញ»។ អេសាយ ៥៨:១; អេសេគាល ៣៣:៧។

ឧបសគ្គដ៏ធំក្នុងការទទួលជឿសេចក្តីពិត គឺដោយព្រោះមានការរំខាន និងការកែប្រែ។ នេះជាសេចក្តីអះអាងតែមួយគត់ទាស់នឹងសេចក្តីពិតដែលអ្នកគាំទ្រសេចក្តីពិតមិនអាចកាត់ស្រាយបាន។ ប៉ុន្តែ អ្នកដើរតាមព្រះគ្រីស្ទពិតប្រាកដ ពុំចាំឱ្យសេចក្តីពិតបានល្បីល្បាញទេ។ គេទទួលស្គាល់ឈើឆ្កាងជាមួយសាវ័កប៉ុលដោយជឿថា «សេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ នោះបង្កើតឱ្យយើងខ្ញុំមានសិរីល្អដ៏នៅអស់កល្បជានិច្ចវិញ» ឯលោកម៉ូសេ «បានរាប់សេចក្តីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទទុកជាទ្រព្យសម្បត្តិ ប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ» ទៅទៀត។ កូរិនថូសទី២ ៤:១៧; ហេព្រើរ ១១:២៦។

យើងត្រូវជ្រើសរើសយកសេចក្តីត្រូវពីព្រោះវាត្រូវ ហើយទុកលទ្ធផលនៃការជ្រើសរើសនេះឱ្យព្រះចុះ។ ពិភពលោកត្រូវការជនដែលប្រកបដោយគន្លងធម៌ ជំនឿ និងសេចក្តីក្លាហាន ដើម្បីធ្វើការកែទម្រង់ដ៏ចម្បង។ តាមរយៈជនទាំងនេះ កិច្ចកែទម្រង់សម្រាប់ពេលនេះត្រូវតែឆ្ពោះទៅមុខ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ។ រ៉ូម ៣:២៤

Powered by CAM