ថ្ងៃច័ន្ទ ទី២​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៣) ​

ការបើកសម្តែងអាថ៌កំបាំងនៃរោងឧបោសថ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ។ ហេព្រើរ ១០:៣៥

បទគម្ពីរដែលសំខាន់ជាងអ្វីៗទាំងអស់ដែលជាគ្រឹះ និងជាសសរកន្លោងនៃជំនឿនៃដំណើរនិវត្ត គឺជាបទទំនាយដែលចែងថា «ដរាបដល់បានកន្លង២៣០០ព្រឹកនិងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើង»។ ដានីយ៉ែល ៨:១៤។ ពាក្យទាំងនេះជាពាក្យធ្លាប់ដឹងឮច្បាស់ដល់អស់អ្នកដែលជឿក្នុងការយាងមកជាឆាប់របស់ព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ពុំបានយាងមកឡើយ។ អ្នកជឿទាំងឡាយបានដឹងថា ព្រះបន្ទូលរបស់ព្រះមិនអាចខុសបានទេ ការបកស្រាយបទទំនាយរបស់គេត្រូវតែខុសវិញ។ ប៉ុន្តែ តើវាខុសកន្លែងណាខ្លះ?

ព្រះបានដឹកនាំរាស្ត្រទ្រង់ក្នុងចលនានិវត្តដ៏ធំនេះ។ ទ្រង់ពុំអនុញ្ញាតឱ្យកិច្ចការនេះចប់ក្នុងភាពងងឹត និងក្នុងការខកចិត្តនាំឱ្យតែគេថ្កោលទោសថា ខុស ឬវង្វេងស៊ប់ហួសហេតុនោះទេ។ ទោះជាមានភាគច្រើនបានបោះបង់ចោលលេខអត្តក្នុងអំឡុងពេលវេលានៃបទទំនាយ ហើយបដិសេធចលនាដែលស្ថិតនៅលើអំឡុងពេលវេលានោះក៏ដោយ មានខ្លះទៀតមិនព្រមលះបង់ជំនឿ និងការពិសោធដែលបានទ្រទ្រង់ដោយបទគម្ពីរ និងព្រះវិញ្ញាណរបស់ព្រះឡើយ។ ភារកិច្ចរបស់គេ គឺដើម្បីកាន់ខ្ជាប់នូវសេចក្តីពិតដែលមានមកហើយ។ គេបានសិក្សាបទគម្ពីរ ដើម្បីរកកំហុសរបស់ខ្លួនដោយការអធិស្ឋានដ៏អស់ពីចិត្ត។ ពេលគេរកកំហុសក្នុងការគិតលេខក្នុងអំឡុងពេលវេលានៃបទទំនាយមិនឃើញគេក៏បែរមកពិនិត្យកម្មវត្ថុនៃរោងឧបោសថឱ្យបានជិតដិតថែមទៀត។

គេបានរកឃើញថា គ្មានភ័ស្តុតាងណាក្នុងបទគម្ពីរដែលគាំទ្រទស្សនៈដែលគេនិយមថាផែនដីជារោងឧបោសថទេ ប៉ុន្តែ គេបានរកឃើញការពន្យល់ពីរោងឧបោសថយ៉ាងពេញលេញស្តីពីប្រភេទទីកន្លែង និងយញ្ញកិច្ចនៃរោងឧបោសថនោះ៖

«ចំណែកសេចក្តីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធជាកន្លែងមានជើងចង្កៀង និងតុ ហើយនំបុ័ងតាំងទុក។ ខាងក្រោយវាំងននទីពីរមានកន្លែងហៅថា ទីបរិសុទ្ធបំផុត។ ទីនោះមានជើងពានមាសសម្រាប់ដុតគ្រឿងក្រអូប និងហឹបនៃសេចក្តីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់។ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង និងបន្ទះថ្មនៃសេចក្តីសញ្ញាផង។ ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អដែលបាំងទីសន្តោសប្រោស»។ ហេព្រើរ ៩:១-៥។

រោងឧបោសថជាអាគារដែលបានសង់ដោយលោកម៉ូសេក្រោម បញ្ជាពីព្រោះជាព្រះទីនាំងនៅលោកីយ៍នៃព្រះដ៏ខ្ពស់បំផុត។ «ឱ្យគេស្អាងទីបរិសុទ្ធដើម្បីឱ្យអញបាននៅកណ្តាលគេ» (និក្ខមនំ ២៥:៨) នេះគឺជាការបង្គាប់ពីព្រះដល់លោកម៉ូសេ។ រោងឧបោសថជាទម្រង់ដ៏រុងរឿងសម្បើមមួយ។ ក្រៅពីទីធ្លាខាងក្រៅរោងឧបោសថមានពីរបន្ទប់ ហៅថាទីបរិសុទ្ធ និងទីបរិសុទ្ធបំផុតបែងចែកដាច់ពីគ្នាដោយវាំងនន ឬស្បៃដ៏ស្អាតមួយ។ វាំងននស្រដៀងគ្នាមួយទៀតបិទផ្លូវចូលទៅកាន់បន្ទប់ទីមួយ។

ទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត

នៅក្នុងទីបរិសុទ្ធជើងចង្កៀង និងទៀនទាំងប្រាំពីរស្ថិតនៅខាងត្បូង ហើយបញ្ចេញពន្លឺទាំងយប់ទាំងថ្ងៃ។ នៅខាងជើងមានតុ និងនំបុ័ងតាំងទុក។ នៅពីមុខវាំងននដែលខណ្ឌទីបរិសុទ្ធ និងទីបរិសុទ្ធបំផុតនោះមានជើងពានមាសនៃគ្រឿងក្រអូបដែលផ្សែងក្រអូបព្រមទាំងពាក្យអធិស្ឋាននៃសាសន៍អ៊ីស្រាអែលបានហុយភាយនៅចំពោះព្រះរៀងរាល់ថ្ងៃ។

ក្នុងទីបរិសុទ្ធបំផុតមានហឹបជាប្រអប់មួយដែលស្រោបដោយមាស ហើយជាប្រដាប់ដាក់ក្រឹត្យវិន័យដប់ប្រការ។ នៅលើហឹបជាទីសន្តោសប្រោសដែលមានរូបចេរូប៊ីនពីរធ្វើពីមាសសុទ្ធ។ នៅក្នុងបន្ទប់នេះ មានវត្តមានរបស់ព្រះសម្តែងក្នុងពពកនៃសិរីល្អនៅចន្លោះចេរូប៊ីន។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នកដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ​១​នោះ។ ហេព្រើរ ១០:១៤

Powered by CAM