ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់។ រ៉ូម ៣:២៥
នៅទីណាដែលគេផ្សាយព្រះបន្ទូលរបស់ព្រះដោយស្វាហាប់នោះ ឃើញថាបានទទួលលទ្ធផលជាលំដាប់ បង្ហាញឱ្យឃើញពីដើមកំណើតដ៏ពិសិដ្ឋអំពីការផ្សាយនេះ។ អ្នកមានបាបបានគិតថាសតិសម្បជញ្ញៈរបស់ខ្លួនបានភ្លឺជ្រះថ្លា។ ការយល់ដឹងដ៏ច្បាស់បានដិតជាប់នៅក្នុងចិត្តគំនិតរបស់គេ។ ពួកគេដូចជាមានភាពសុចរិតរបស់ព្រះ ហើយស្រែកឡើងថា៖ «តើអ្នកណានឹងជួយឱ្យខ្ញុំរួចពីតួសេចក្តីស្លាប់នេះបាន?» រ៉ូម ៧:២៤។ នៅពេលគេឃើញឈើឆ្កាងគេបានយល់ថា មានតែគុណសម្បត្តិរបស់ព្រះគ្រីស្ទទេដែលនឹងអាចលោះអំពើល្មើសរបស់គេបាន។ គេបានទទួលការលើកលែងទោសដែលបានប្រព្រឹត្តកន្លងមកហើយ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ រ៉ូម ៣:២៥។
ជនទាំងនេះបានជឿហើយបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងបានងើបឡើងដើរក្នុងជីវិតថ្មី ដោយជំនឿរបស់ព្រះរាជបុត្រានៃព្រះ គេដើរតាមជំហានទ្រង់ យកចរិតលក្ខណៈរបស់ទ្រង់មកធ្វើជាគំរូរបស់ខ្លួន ព្រមទាំងធ្វើឱ្យខ្លួនបានបរិសុទ្ធដូចជាទ្រង់ដែរ។ អ្វីៗដែលគេធ្លាប់ស្អប់ ឥឡូវគេស្រឡាញ់ ហើយអ្វីដែលគេធ្លាប់ស្រឡាញ់ គេស្អប់វិញ។ អ្នកមានឫកខ្ពស់ ទៅជាសុភាព មនុស្សឥតប្រយោជន៍ និងកោងក្រអឺត ទៅជានឹងន ហើយលែងក្អេងក្អាងវិញ។ អ្នកប្រមឹកបានក្លាយទៅជាបាត់ស្រវឹង អ្នកឥតសីលធម៌ បានក្លាយជាបរិសុទ្ធ។ អ្នកគ្រីស្ទានគេពុំរវល់នឹងការតាក់តែងខ្លួនដោយបែបខាងក្រៅ «ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ» តែ «ដោយគ្រឿងដ៏មិនចេះពុករលួយរបស់ព្រះវិញ្ញាណសម្លូត ហើយរម្យទម នោះឯងជាសេចក្តីមានតម្លៃវិសេសនៅចំពោះព្រះ»។ ពេត្រុសទី១ ៣:៣,៤។
ការភ្ញាក់រលឹកឡើងវិញ គឺបានសម្គាល់ដោយការអង្វរករយ៉ាងអស់ពីចិត្តទៅដល់អ្នកមានបាប។ លទ្ធផលគឺបានឃើញក្នុងអ្នកដែលមិនរួញរា ចំពោះការលះបង់ខ្លួន ហើយបានអរសប្បាយព្រោះគេបានរាប់ជាសម ប្រសើរ ដើម្បីរងទុក្ខសម្រាប់ព្រះគ្រីស្ទ។ មនុស្សបានឃើញការផ្លាស់ប្តូរក្នុងអ្នកដែលកាន់ជឿដល់ព្រះនាមព្រះយេស៊ូវ។ នេះជាផលក្នុងឆ្នាំមុនៗបន្ទាប់ពីរដូវនៃការភ្ញាក់រលឹកខាងសាសនាមក។
ប៉ុន្តែការភ្ញាក់រលឹកឡើងវិញនៅសម័យបច្ចុប្បន្ននេះ បង្ហាញពីការ ផ្ទុយគ្នាស្រឡះ។ ជាការពិតណាស់ដែលមានភាគច្រើនបានផ្លាស់ប្រែគំនិត ហើយមានកំណើនយ៉ាងច្រើនក្នុងព្រះវិហារ។ តែទោះជាយ៉ាងណាក៏ដោយលទ្ធផលនេះមិនមែនបង្ហាញឱ្យឃើញថាមានការរីកចម្រើនខាងព្រលឹងវិញ្ញាណនោះទេ។ ពន្លឺដែលឆេះឆួលក្នុងមួយរយៈបន្តិចទៀតនឹងរលត់ទៅវិញ។
ការភ្ញាក់រលឹកឡើងវិញដ៏ល្បីៗ តែងតែរំជួលមនោសញ្ចេតនា ហើយបំប៉នសេចក្តីត្រេកត្រអាលចំពោះអ្វីដែលថ្មីហើយអស្ចារ្យ។ ដូច្នេះ អ្នកដែលទើបនឹងជឿ មានចំណង់ស្តួចស្តើងណាស់ក្នុងការចង់ស្តាប់សេចក្តីពិតក្នុង ព្រះគម្ពីរ។ បើសាសនកិច្ចនោះគ្មានអ្វី ដើម្បីបណ្តែតអារម្មណ៍ទេ នោះគេមិនរវីរវល់ឡើយ។
ចំពោះអ្នកដែលបានប្រែចិត្តគំនិតច្បាស់លាស់វិញ ការប្រស្រ័យជាមួយព្រះ និងរឿងរ៉ាវស្តីពីអនន្តភាព នឹងបានជាមេរៀនដ៏ធំដល់ជីវិត។ ចុះតើការឧទ្ទិសពិតប្រាកដដល់ព្រះនៅក្នុងវិហារល្បីៗនាសព្វថ្ងៃនេះនៅឯណាទៅ? អ្នកប្រែចិត្តទាំងឡាយ ពុំបានលះបង់ឫកឆ្មើងឆ្មៃ និងសេចក្តីត្រេកត្រអាលនៃលោកីយ៍ទេ។ គេពុំមានចិត្តចង់លះបង់ខ្លួន ដើម្បីដើរតាមព្រះយេស៊ូវដ៏ស្លូតស្រទន់ ដូចកាលដែលគេមិនប្រែចិត្តនោះដែរ។ កិរិយាថ្លៃថ្នូររបស់ព្រះស្ទើរតែឃ្លាតចេញពីវិហារភាគច្រើនទៅហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ រ៉ូម ៣:២៤