ថ្ងៃសៅរ៍ ទី២១​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៣

ទោះបីការរាថយនៃជំនឿវារាលដាលឡើងក៏ដោយ ក៏នៅមានគ្រីស្ទបរិស័ទពិតប្រាកដនៅក្នុងវិហារទាំងនេះដែរ។ មុននឹងសេចក្តីជំនុំជម្រះរបស់ព្រះមកដល់ នឹងមានការភ្ញាក់រលឹកឡើងវិញនូវភាពមានព្រះនៅក្នុងខ្លួនដែលទើបតែកកើតឡើងក្នុងចំណោមរាស្ត្ររបស់ព្រះអម្ចាស់ ដូចពុំដែលមានឃើញតាំងតែពីជំនាន់ពួកសាវ័កមក។ ព្រះវិញ្ញាណរបស់ព្រះ នឹងត្រូវបានបង្អុរមក។ ភាគច្រើននឹងញែកខ្លួនចេញពីព្រះវិហារដែលស្រឡាញ់លោកីយ៍ ជាងព្រះ និងព្រះបន្ទូលរបស់ទ្រង់។ គ្រូគង្វាល និងប្រជាជនជាច្រើនរីករាយនឹងទទួលសេចក្តីពិតដ៏អស្ចារ្យនោះដែលនឹងរៀបចំមនុស្ស សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។

សត្រូវនៃមនុស្សជាតិ ខិតខំរំខានកិច្ចការនេះខ្លាំងណាស់ ហើយមុនពេលដែលចលនានេះមកដល់ វានឹងព្យាយាមបង្ការមិនឱ្យកើតឡើងបាន ដោយប្រើការក្លែងបន្លំគ្រប់វិធី។ ក្នុងព្រះវិហារទាំងនោះដែលវាក្តោបក្តាប់ វានឹងធ្វើឱ្យមើលទៅដូចជាមានព្រះពររបស់ព្រះបានចាក់បង្អុរមកដូច្នោះ។ ពួកមនុស្សនឹងសរសើរតម្កើង «ព្រះដែលកំពុងតែធ្វើការអស្ចារ្យ» តែការនោះ គឺមកពីវិញ្ញាណមួយទៀត។ ក្រោមការបន្លំនៃសាសនា សាតាំងនឹងខិតខំពង្រីកឥទ្ធិពលរបស់វាលើពិភពគ្រីស្ទាន។ មានការរំជើបរំជួលខាងផ្លូវមនោសញ្ចេតនា ហើយនិងការលាយឡំសេចក្តីពិត និងសេចក្តីមិនពិតរៀបចំជាស្រេចដើម្បីបង្វែរទៅរកផ្លូវខុស។

តែក្នុងរស្មីនៃព្រះបន្ទូលរបស់ព្រះ គឺមិនពិបាករកឫសគល់នៃចលនាទាំងនេះទេ។ ទៅទីណាដែលមានមនុស្សព្រងើយកន្តើយនឹងទីបន្ទាល់នៃព្រះគម្ពីរងាកចេញពីសេចក្តីពិតដ៏ងាយយល់ដែលជាការសាកល្បងដល់ព្រលឹង ហើយដែលត្រូវការឱ្យមនុស្សលះបង់នូវសេចក្តីប្រាថ្នារបស់ខ្លួន និងលោកីយ៍នោះ នៅទីនោះយើងនឹងអាចដឹងជាប្រាកដថា ព្រះពររបស់ព្រះពុំបានប្រទានដល់គេឡើយ។ មានសេចក្តីចែងមកថា៖ «អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលគេបង្កើត» (ម៉ាថាយ ៧:១៦) ព្រោះជាភ័ស្តុតាងជាក់ច្បាស់ណាស់ថា ចលនាទាំងនេះមិនមែនជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះទេ។

សេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ គឺជាខែលបាំងសេចក្តីបញ្ឆោតរបស់សាតាំង។ ការមិនរវល់នឹងសេចក្តីពិតទាំងនេះ បានបើកទ្វារឱ្យសេចក្តីអាក្រក់ដែលឥឡូវនេះមានសព្វកន្លែងក្នុងពិភពលោក។ សារៈសំខាន់នៃក្រឹត្យវិន័យរបស់ព្រះ ត្រូវបានបាត់ពីក្រសែចក្ខុស្ទើរតែទាំងស្រុងទៅហើយ។ ការយល់ខុសចំពោះក្រឹត្យវិន័យរបស់ព្រះ បាននាំឱ្យមានកំហុសក្នុងការកែប្រែចិត្ត និងការញែកចេញជាបរិសុទ្ធ ធ្វើឱ្យការគោរពព្រះទៅជាថោកទាបទៅវិញ។ នេះហើយជាសេចក្តីអាថ៌កំបាំងនៃការខ្វះខាតព្រះវិញ្ញាណរបស់ព្រះក្នុងការភ្ញាក់រលឹកឡើងវិញក្នុងជំនាន់យើងនេះ។

ក្រឹត្យវិន័យខាងឯសេរីភាព

គ្រូសាសនាជាច្រើនពោលថា ព្រះគ្រីស្ទបានលុបក្រឹត្យវិន័យ ដោយការសុគតរបស់ទ្រង់។ ខ្លះទៀតប្រដូចក្រឹត្យវិន័យនេះទៅនឹងនឹមដ៏ធ្ងន់ធ្ងរ ហើយផ្ទុយពី «ចំណង» នៃក្រឹត្យវិន័យ គេសម្តែងថាដំណឹងល្អបានរំដោះគេពីក្រឹត្យវិន័យឱ្យមាន «សេរីភាព»វិញ។

ប៉ុន្តែហោរា និងសាវ័កទាំងឡាយពុំបានគិតពីក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះក្នុងរបៀបដូច្នោះទេ។ ស្តេចដាវីឌបានមានបន្ទូលថា៖ «ទូលបង្គំនឹង ដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តិទ្រង់»។ ទំនុកតំកើង ១១៩:៤៥។ សាវ័កយ៉ាកុប សំដៅទៅទសបញ្ញត្តិថាជា «ក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព» យ៉ាកុប ១:២៥។ ព្រះដ៏ជាអ្នកបើកសម្តែងបានប្រទានព្រះពរដល់អ្នកដែល «កាន់តាមក្រឹត្យវិន័យរបស់ទ្រង់ ដើម្បីឱ្យបានច្បាប់ដល់ដើមជីវិត ហើយឱ្យបានចូលទៅក្នុងក្រុងតាមទ្វារ»។ វិវរណៈ ២២:១៤។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ។ រ៉ូម ៣:២៤

Powered by CAM