ថ្ងៃអាទិត្យ ទី២២​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺ​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្តី​អំណរ នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ អើ ក្រឹត្យវិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូលបង្គំ។ ទំនុកតម្កើង ៤០:៨

ប្រសិនបើអាចផ្លាស់ប្តូរ ឬទុកក្រឹត្យវិន័យដោយឡែកបាន ព្រះគ្រីស្ទពុំបាច់សុគតដើម្បីសង្គ្រោះមនុស្សពីទោសនៃអំពើបាបទេ។ ព្រះរាជបុត្រារបស់ព្រះបានយាងមកដើម្បី «លើកតំកើងក្រឹត្យវិន័យ ហើយឱ្យមានកិត្តិសព្ទ»។ អេសាយ ៤២:២១។ ទ្រង់បានមានបន្ទូលថា៖ «កុំនឹងស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យវិន័យ...ចោលឡើយ» «នឹងគ្មានបាំងឈើមួយ ឬក្បៀសមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ»។ ស្តីពីទ្រង់ផ្ទាល់ ទ្រង់បានថ្លែងថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ ម៉ាថាយ ៥:១៧,១៨; ទំនុកតំកើង ៤០:៨។

ក្រឹត្យវិន័យរបស់ព្រះ គឺផ្លាស់ប្តូរពុំបាន ព្រោះជាការសម្តែងអំពីចរិតលក្ខណៈនៃព្រះដ៏ជាអ្នកនិពន្ធ។ ព្រះគឺជាសេចក្តីស្រឡាញ់ ហើយក្រឹត្យវិន័យរបស់ទ្រង់ ក៏ជាសេចក្តីស្រឡាញ់ដែរ។ «សេចក្តីស្រឡាញ់ជាកិច្ចសម្រេចតាមក្រឹត្យវិន័យ»។ អ្នកសរសើរព្រះមានវាចាថា៖ «ក្រឹត្យវិន័យទ្រង់ ជាសេចក្តីពិត» «ពីព្រោះសេចក្តីបង្គាប់របស់ទ្រង់ សុទ្ធតែសេចក្តីសុចរិតទាំងអស់»។ សាវ័កប៉ុលថ្លែងថា៖ «ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តិក៏បរិសុទ្ធ សុចរិតល្អដែរ»។ រ៉ូម ១៣:១០; ទំនុកតំកើង ១១៩:១៤២, ១៧២; រ៉ូម ៧:១២។ ក្រឹត្យវិន័យដូចនេះ គួរតែស្ថិតស្ថេរនៅដូចជាព្រះដ៏ជាអ្នកនិពន្ធដែរ។

កិច្ចការនៃការកែប្រែ និងការធ្វើឱ្យបរិសុទ្ធគឺដើម្បីសម្របសម្រួល មនុស្សនឹងព្រះ ដោយនាំគេឱ្យមានការស្របនឹងគន្លងធម៌នៃក្រឹត្យវិន័យរបស់ទ្រង់។ កាលពីដើម មនុស្សបានប្រកបគ្នាយ៉ាងជិតស្និទ្ធរវាងក្រឹត្យវិន័យរបស់ព្រះ។ ប៉ុន្តែ បាបកម្មបានបង្វែរគេពីអ្នកបង្កើតរបស់ខ្លួនទៅ។ ចិត្តរបស់គេបានធ្វើសង្គ្រាមជាមួយនឹងក្រឹត្យវិន័យរបស់ព្រះ។ «ព្រោះគំនិតខាងសាច់ឈាមនោះ រមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»។ រ៉ូម ៨:៧។ ប៉ុន្តែ «ព្រះទ្រង់ស្រឡាញ់ មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ» ដើម្បីនឹងអាចឱ្យមនុស្សស្រុះស្រួលនឹងព្រះ ហើយបានប្រកបគ្នាឡើងវិញជាមួយអ្នកបង្កើតរបស់ខ្លួន។ ការផ្លាស់ប្តូរនេះ គឺជាកំណើតថ្មីដែលបើពុំដូច្នោះទេ «នោះមិនអាចនឹងឃើញនគរព្រះបាន» ឡើយ។ យ៉ូហាន ៣:១៦,៣។

ការដឹងថាខ្លួនមានបាប

ជំហានទីមួយក្នុងការស្រុះស្រួលនឹងព្រះ គឺការដឹងខ្លួនមានបាប។ «អំពើបាបជាការរំលងក្រឹត្យវិន័យ»។ «ក្រឹត្យវិន័យគ្រាន់តែសម្តែងឱ្យស្គាល់អំពើបាប»។ យ៉ូហានទី១ ៣:៤; រ៉ូម ៣:២០។ ដើម្បី​ឱ្យឃើញកំហុសរបស់ខ្លួន អ្នកមានបាបត្រូវឆ្លុះចរិតខ្លួនដោយកញ្ចក់របស់ព្រះដែលបង្ហាញភាពគ្រប់លក្ខណ៍នៃចរិតលក្ខណៈដ៏សុចរិត ហើយដែលធ្វើឱ្យគេយល់អំពីសេចក្តីខូចវៀចវេរក្នុងខ្លួនគេផង។

ក្រឹត្យវិន័យ បើកសម្តែងអំពើបាបទាំងឡាយរបស់មនុស្ស ប៉ុន្តែ ពុំបានផ្តល់ថ្នាំព្យាបាលទេ។ ក្រឹត្យវិន័យចែងមកថា សេចក្តីស្លាប់គឺជាចំណែកនៃអ្នកបំពាន។ មានតែដំណឹងល្អរបស់ព្រះគ្រីស្ទមួយប៉ុណ្ណោះ ដែលអាចដោះមនុស្សឱ្យរួចពីទោស ឬសេចក្តីកខ្វក់នៃបាបកម្មបាន។ គេត្រូវលន់តួខ្លួនដល់ព្រះដោយគេបានបំពានក្រឹត្យវិន័យរបស់ទ្រង់ ហើយត្រូវមានជំនឿក្នុងព្រះគ្រីស្ទ ក្នុងយញ្ញបូជាសម្រាប់លោះបាបដល់ខ្លួន។ ដូច្នេះ គេទទួល «ការដែលទ្រង់មិនប្រកាន់អំពើបាបដែលគេប្រព្រឹត្តពីដើម» (រ៉ូម ៣:២៥) ហើយក្លាយទៅជាកូនរបស់ព្រះវិញ។

តើគេឥឡូវនេះមានសេរីភាពនឹងបំពានក្រឹត្យវិន័យរបស់ព្រះឬទេ? សាវ័កប៉ុលមានប្រសាសន៍ថា៖ «តើយើងឈ្មោះថាធ្វើឱ្យក្រឹត្យវិន័យទៅជា ឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី? ទេមិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឱ្យកាន់តែមាំមួនឡើងវិញទេតើ។» «ធ្វើម្តេចឱ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន?» យ៉ូហានថ្លែងថា៖ «ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឱ្យយើងកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់ ឯបញ្ញត្តិរបស់ទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ ក្នុងកំណើតថ្មី ចិត្តគំនិតគឺបាននាំមកក្នុងការស្របគ្នាជាមួយព្រះ និងមកក្នុងសេចក្តីលំអាននៃក្រឹត្យវិន័យរបស់ទ្រង់។ នៅពេលការផ្លាស់ប្តូរនេះបានកើតឡើងដល់អ្នកមានបាប នោះគេបានឆ្លងផុតពីសេចក្តីស្លាប់មកឯជីវិត ផុតពីការប្រព្រឹត្តល្មើស និងការទទឹងរឹងរូស មកឯការស្តាប់ឱវាទ និងសេចក្តីស្មោះត្រង់វិញ។ ជីវិតចាស់បានផុតហើយ ជីវិតថ្មីនៃការសម្រុះ សម្រួលនៃជំនឿ និងសេចក្តីស្រឡាញ់ក៏បានចាប់ផ្តើម។ នៅពេលនោះ «សេចក្តីដែលក្រឹត្យវិន័យបង្គាប់មក» នឹង «បានសម្រេចក្នុងខ្លួនយើងរាល់គ្នាដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ»។ ភាសារបស់មនុស្សនឹងបានជាដូច្នេះវិញ៖ «ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។ រ៉ូម ៣:៣១; ៦:២; យ៉ូហានទី១ ៥:៣; រ៉ូម ៨:៤; ទំនុកតំកើង ១១៩:៩៧។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្តី​ដែល​មាន​ព្រះបន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ»។ រ៉ូម ៤:១៨

Powered by CAM