ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ រ៉ូម ៣:២៨
បើគ្មានក្រឹត្យវិន័យ មនុស្សពុំមានការដឹងពិតប្រាកដថាខ្លួនមានបាបទេ ហើយរមែងឥតត្រូវការការលន់តួបាបទៀតផង។ គេមិនបានដឹងថាខ្លួនត្រូវការ ព្រះលោហិតលោះបាបនៃព្រះគ្រីស្ទឡើយ។ គេសង្ឃឹមថាខ្លួនបានសង្គ្រោះ ដោយពុំបាច់ផ្លាស់ប្រែចិត្តគំនិត ឬកែទម្រង់ជីវិតឡើយ។ ដូច្នេះ ការប្រែចិត្តគំនិតសើៗឃើញថាច្រើនលើសលប់ ហើយបណ្តាជនជាច្រើនចូលព្រះវិហារដែលមិនដែលរួបរួមនឹងព្រះគ្រីស្ទសោះ។
អ្វីទៅជាសន្តូបនីយកម្ម?
ទ្រឹស្តីខុសឆ្គងនៃការញែកចេញជាបរិសុទ្ធ គឺកកើតមកពីការបដិសេធ ឬការមិនអើពើនឹងក្រឹត្យវិន័យរបស់ព្រះផងដែរ។ គេកំពុងតែនិយមជាទូទៅចំពោះទ្រឹស្តីទាំងនេះ ដែលមានលទ្ធិមិនត្រឹមត្រូវ និងមានគ្រោះថ្នាក់ក្នុងការអនុវត្ត។
សាវ័កប៉ុលថ្លែងថា៖ «ព្រះទ្រង់សព្វព្រះហឫទ័យ ឱ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ»។ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់អំពីការញែកចេញជាបរិសុទ្ធ និងរបៀបធ្វើឱ្យបានបរិសុទ្ធទៀតផង។ ព្រះអង្គសង្គ្រោះបានអធិស្ឋានឱ្យពួកសាវ័ករបស់ទ្រង់ថា៖ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិតគឺព្រះបន្ទូលរបស់ទ្រង់»។ ហើយសាវ័កប៉ុលបង្រៀនថា អ្នកជឿគឺនឹងត្រូវបាន «ញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ»។ ថែស្សាឡូនីចទី១ ៤:៣; យ៉ូហាន ១៧:១៧; រ៉ូម ១៥:១៦។
តើអ្វីទៅជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះយេស៊ូវបានប្រាប់ពួកសាវ័ករបស់ទ្រង់ថា៖ «កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលគ្រប់ទាំងសេចក្តីពិត»។ យ៉ូហាន ១៦:១៣។ ហើយអ្នកសរសើរតម្កើងព្រះពោលថា៖ «ក្រឹត្យវិន័យទ្រង់ជាសេចក្តីពិត»។ ហើយដោយព្រោះក្រឹត្យវិន័យរបស់ព្រះ «បរិសុទ្ធ សុចរិត ល្អដែរ» នោះចរិតលក្ខណៈដែលមានរូបរាងឡើងដោយការស្តាប់បង្គាប់តាមក្រឹត្យវិន័យ នឹងបានជាបរិសុទ្ធ។ ព្រះគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃចរិតលក្ខណៈនោះ។ ទ្រង់មានបន្ទូលថា៖ «ខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ»។ «ខ្ញុំចេះតែធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប»។ យ៉ូហាន ១៥:១០; ៨:២៩។ អ្នកដើរតាមព្រះគ្រីស្ទត្រូវតែបានដូចជាទ្រង់ដែរ ដោយព្រះគុណរបស់ព្រះ គេត្រូវបង្កើតចរិតលក្ខណៈឱ្យស្របគ្នាជាមួយគន្លងធម៌នៃក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់។ នេះហើយជាសន្តូបនីយកម្មក្នុងព្រះគម្ពីរ។
មានតែតាមជំនឿតែប៉ុណ្ណោះ
ការនេះនឹងអាចសម្រេចបានតាមជំនឿតែមួយគត់ក្នុងព្រះគ្រីស្ទ ដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះដែលសណ្ឋិតនៅក្នុងខ្លួន។ អ្នកគ្រីស្ទាននឹងមានស្មារតីដឹងពីអំពើបាបក្នុងខ្លួន ប៉ុន្តែ គេនឹងនៅតែជម្នះចិត្តគេជានិច្ច។ នេះជាពេលដែលត្រូវការជំនួួយពីព្រះគ្រីស្ទ។ ភាពកម្សោយរបស់មនុស្សរួបរួមកម្លាំងពីស្ថានសួគ៌ ធ្វើឱ្យជំនឿឧទានឡើងថា៖ «អរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យយើងរាល់គ្នាមានជ័យជម្នះ ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ កូរិនថូសទី១ ១៥:៥៧។
កិច្ចការនៃសន្តូបនីយកម្ម គឺជាការដែលចម្រើនទៅមុខបន្តិចម្តងៗ។ នៅក្នុងស្ថានភាពនៃការកែប្រែចិត្តគំនិត ជីវិតជាគ្រីស្ទបរិស័ទទើបតែបានចាប់ផ្តើមឡើង នៅពេលអ្នកមានបាបទទួលសេចក្តីក្សេមក្សាន្តជាមួយនឹងព្រះ។ ឥឡូវនេះ គេ «ខំឱ្យបានជឿទៅមុខ ដរាបដល់ពេញខ្នាត» គេត្រូវលូតលាស់ «ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ» «ទាំងរត់តម្រង់ទៅឯទី ដើម្បីឱ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ»។ ហេព្រើរ ៦:១; អេភេសូរ ៤:១៣; ភីលីព ៣:១៤។
អ្នកដែលបានពិសោធសន្តូបនីយកម្មក្នុងព្រះគម្ពីរ នឹងបង្ហាញនូវភាពដាក់ខ្លួន។ គេឃើញភាពមិនសមគួររបស់ខ្លួនដែលផ្ទុយនឹងសេចក្តីគ្រប់ លក្ខណ៍នៃព្រះអនន្ត។ ហោរាដានីយ៉ែល គឺជាគំរូនៃសន្តូបនីយកម្មដ៏ពិត។ ជាជាងទាមទារឱ្យបានឥតខ្ចោះ និងបរិសុទ្ធ ហោរាដែលមានកិត្តិយសនេះបានដាក់ខ្លួនលោកជាមួយនឹងអំពើបាបដ៏ធ្ងន់ធ្ងរនៃអ៊ីស្រាអែលនៅពេលលោកអង្វរដល់ព្រះជំនួសប្រជាជនរបស់លោក។ ដានីយ៉ែល ១០:១១; ៩:១៥,១៨,២០; ១០:៨,១១។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»។ រ៉ូម ៤:១៨