ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។ រ៉ូម ៣:៣១
ចំពោះអ្នកដែលដើរក្នុងស្រមោលឈើឆ្កាងនៃកាល់វ៉ារី គេមិនមានការលើកតម្កើងខ្លួនឯង ក៏មិនមានអំនួតអះអាងថាខ្លួនបានរួចពីអំពើបាបដែរ។ គេមានអារម្មណ៍ក្នុងចិត្តថា គឺអំពើបាបរបស់ខ្លួនទេដែលបណ្តាលឱ្យមានការឈឺចាប់យ៉ាងក្រៃលែង ហើយបំបែកព្រះឱរានៃព្រះរាជបុត្រារបស់ ព្រះនោះ ហើយគំនិតនេះនឹងនាំបុគ្គលនោះឱ្យបន្ទាបខ្លួន។ អ្នកដែលរស់នៅជិតព្រះយេស៊ូវយល់យ៉ាងច្បាស់បំផុតអំពីភាពទន់ខ្សោយ និងភាពមានបាបនៃមនុស្សជាតិ ហើយសេចក្តីសង្ឃឹមរបស់គេ គឺនៅក្នុងគុណសម្បត្តិនៃព្រះ អង្គសង្គ្រោះដែលបានជាប់ឆ្កាងហើយមានព្រះជន្មរស់ឡើងវិញ។
ការញែកចេញជាបរិសុទ្ធ ដែលឥឡូវនេះកំពុងតែល្បីខ្លាំងឡើងក្នុងពិភពសាសនា គឺប្រកបដោយវិញ្ណាណនៃការលើកតម្កើងខ្លួនឯង និងការមិនគោរពក្រឹត្យវិន័យរបស់ព្រះដែលបង្ហាញថាប្លែកស្រឡះពីព្រះគម្ពីរ។ អ្នកគាំទ្រព្រះគម្ពីរបង្រៀនថា សន្តូបនីយកម្មគឺជាការងារដែលធ្វើទៅជាប់ជានិច្ចដែលមានតែតាមរយៈ «សេចក្តីជំនឿមួយគត់» ទើបអាចទទួលភាពបរិសុទ្ធដ៏គ្រប់ខ្នាតបាន។ «គ្រាន់តែជឿទៅ» គេពោល «ហើយព្រះពរគឺជារបស់អ្នកហើយ»។ ធ្វើមើលតែអ្នកទទួលឥតមានត្រូវការការខិតខំអ្វីសោះ។ ក្នុងពេលជាមួយគ្នា គេបដិសេធអំណាចនៃក្រឹត្យវិន័យរបស់ព្រះ ដោយពោលថា ខ្លួនមិនបាច់មានកាតព្វកិច្ច ដើម្បីរក្សាបញ្ញត្តិទាំងឡាយឡើយ។ តើនឹងអាចបរិសុទ្ធ ដោយពុំបាច់សម្របនឹងគន្លងធម៌ ដែលបង្ហាញពីនិស្ស័យ និងព្រះហឫទ័យរបស់ព្រះបានឬទេ?
ទីបន្ទាល់នៃព្រះបន្ទូលរបស់ព្រះ គឺប្រឆាំងនឹងគោលលទ្ធិដ៏គ្រោះថ្នាក់នៃជំនឿដែលគ្មានការប្រព្រឹត្តនេះ។ ការដែលទាមទារសេចក្តីសព្វព្រះទ័យពីស្ថានសួគ៌ ដោយមិនបាច់សម្របទៅតាមលក្ខខណ្ឌនៃសេចក្តីមេត្តាករុណានោះ គឺមិនមែនជាសេចក្តីជំនឿទេ តែជាសេចក្តីឥតកោតក្រែងវិញ។ សូមអានយ៉ាកុប ២:១៤-២៤។
កុំឱ្យអ្នកណាម្នាក់បញ្ឆោតខ្លួនឯងថា ខ្លួនអាចបរិសុទ្ធបានដោយរំលោភសេចក្តីតម្រូវណាមួយរបស់ព្រះ ដោយទំនើងចិត្តនោះឡើយ។ ការធ្វើបាបដែលខ្លួនដឹងថាជាអំពើបាបបណ្តាលឱ្យសំឡេងធ្វើទីបន្ទាល់របស់ព្រះវិញ្ញាណស្ងប់ស្ងាត់ទៅ ហើយញែកព្រលឹងចេញពីព្រះទៀតផង។ ទោះបើហោរាយ៉ូហានសង្កត់យ៉ាងធ្ងន់ទៅលើសេចក្តីស្រឡាញ់ក្តី លោកឥតអល់អែកនឹងបើកសម្តែងចរិតលក្ខណៈពិតប្រាកដនៃមនុស្សមួយចំនួនដែល អះអាងថាខ្លួនបានញែកចេញជាបរិសុទ្ធក្នុងពេលដែលគេរស់នៅក្នុងការបំពានក្រឹត្យវិន័យរបស់ព្រះឡើយ។ «អ្នកណាដែលថាបានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តិព្រះបន្ទូលទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហកហើយ សេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ។ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត»។ យ៉ូហានទី១ ២:៤,៥។ នេះគឺជាការសាកល្បងនៃការអះអាងរបស់មនុស្ស។ ប្រសិនបើមនុស្សចាត់ទុកថាសិក្ខាបទរបស់ព្រះមានសារៈសំខាន់តិចតួច ហើយនិងធូរស្រាលនោះ ប្រសិនបើគេ «រំលងបទណាមួយ សូម្បីយ៉ាងតូចបំផុតក្នុងបញ្ញត្តិទាំងនេះ ហើយបង្រៀនមនុស្សឱ្យធ្វើដូច្នោះដែរ» (ម៉ាថាយ ៥:១៨) នោះយើងអាចដឹងថាសេចក្តីអះអាងរបស់គេ គឺគ្មានគ្រឹះតាងទេ។
ការអះអាងថាគ្មានបាបសោះ គឺជាភ័ស្តុតាងថា អ្នកដែលអះអាងនោះ គឺនៅឆ្ងាយពីភាពបរិសុទ្ធណាស់។ គេឥតបានយល់ច្បាស់លាស់ អំពី ភាពឥតខ្ចោះ និងភាពបរិសុទ្ធដ៏គ្មានទីបំផុតរបស់ព្រះ និងភាពអសោច និង សេចក្តីអាក្រក់នៃអំពើបាបទេ។ ចម្ងាយឃ្លាតគ្នារវាងគេហើយនិងព្រះធំប៉ុណ្ណា គេក៏ឃើញខ្លួនគេមានសេចក្តីសុចរិតប៉ុណ្ណោះដែរ។
សន្តូបនីយកម្មនៃព្រះគម្ពីរ
ការញែកចេញជាបរិសុទ្ធ ឱ្យក្រសោបរូបអង្គទាំងមូលវិញ្ញាណ ព្រលឹង និងរាងកាយ។ សូមអានថែស្សាឡូនីចទី១ ៥:២៣។ ព្រះទ្រង់បានហៅគ្រីស្ទានទាំងឡាយឱ្យបង្ហាញខ្លួនគេ «ជាយញ្ញបូជារស់ ហើយបរិសុទ្ធដែលគាប់ព្រះហឫទ័យដល់ព្រះ» អង្គ។ រ៉ូម ១២:១។ គ្រប់ទាំងការអនុវត្តណាដែលធ្វើឱ្យខ្សោយកម្លាំងខាងសាច់ឈាម ឬខាងចិត្តគំនិត គឺធ្វើឱ្យមនុស្សខ្វះសមត្ថភាពនឹងប្រកបកិច្ចការសម្រាប់ព្រះអាទិកររបស់ខ្លួនហើយ។ អ្នកដែលស្រឡាញ់ព្រះដ៏អស់ពីចិត្ត នឹងខំស្វះស្វែងនាំគ្រប់ទាំងអំណាចនៃរូបអង្គរបស់ខ្លួនឱ្យស្របគ្នាជាមួយនឹងក្រឹត្យវិន័យដែលលើកស្ទួយគេឱ្យមាន សមត្ថភាព ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ គេនឹងមិនធ្វើឱ្យខ្លួនខ្សោយ ឬធ្វើឱ្យខូចតង្វាយដែលថ្វាយដល់ព្រះវរបិតានៃស្ថានសួគ៌ ដោយការមិនប្រមាណអាហារ ឬការត្រេកត្រអាលឡើយ។
គ្រប់ទាំងសេចក្តីបំប៉នដែលមានបាបរមែងធ្វើឱ្យការឈ្វេងយល់ ខាងចិត្តគំនិត និងវិញ្ញាណស្ពឹកហើយស្លាប់ផង។ ព្រះបន្ទូល ឬព្រះវិញ្ញាណរបស់ព្រះអាចបណ្តាលចិត្តគេបានតិចតួចណាស់។ «ដូច្នេះ ពួកស្ងួនភ្ញាអើយ ...ត្រូវឱ្យយើងរាល់គ្នាសម្អាតខ្លួនយើងពីគ្រប់ទាំងសេចក្តីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្តីបរិសុទ្ធដោយនូវសេចក្តីកោតខ្លាចដល់ព្រះ»។ កូរិនថូសទី២ ៧:១។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»។ រ៉ូម ៤:១៨