ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក»។ រ៉ូម ៤:៣
តើមានអ្នកចាត់ខ្លួនថាជាជនគ្រីស្ទានប៉ុន្មាននាក់ដែលកំពុងតែបន្ទាបភាពជាមនុស្សដែលមានលក្ខណៈរបស់ព្រះ ដោយការល្មោភអាហារ ដោយ ផឹកគ្រឿងស្រវឹង ដោយការសប្បាយភ្លើតភ្លើនដ៏ពុំគួរគប្បីនោះ។ ព្រះវិហារលើកទ្រសេចក្តីអាក្រក់ទាំងនេះជាញឹកញយណាស់ ដើម្បីឱ្យឃ្លាំងទ្រព្យ សម្បត្តិដែលខ្វះខាតរបស់ខ្លួនបានពោរពេញឡើង ព្រោះគេខ្វះសេចក្តី ស្រឡាញ់ដល់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវនឹងយាងចូលក្នុងព្រះ វិហារទាំងឡាយនៅសព្វថ្ងៃនេះ ហើយឃើញការទទួលទានអាហារដែលប្រព្រឹត្តឡើងក្នុងឈ្មោះនៃសាសនា តើទ្រង់មិនដេញអ្នកប្រមាថទាំងនោះចេញ ដូចជាទ្រង់បានដេញអ្នកលក់ដូរក្នុងព្រះវិហារទេឬ?
«តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ។ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរតម្កើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងទ្រង់ចុះ»។ កូរិនថូសទី១ ៦:១៩,២០។ អ្នកដែលមានរូបកាយជាវិហារនៃ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនត្រូវធ្វើជាខ្ញុំបម្រើនៃទម្លាប់ដ៏អាក្រក់ហិនហោចឡើយ។ អំណាចរបស់គេទាំងប៉ុន្មានគឺជារបស់ព្រះគ្រីស្ទ។ ទ្រព្យសម្បត្តិ របស់គេគឺជារបស់ព្រះអម្ចាស់។ តើអាចចាយវាយខ្ជះខ្ជាយនូវទ្រព្យដែលជាបញ្ញើម្តេចបាន?
អ្នកដែលចាត់ខ្លួនថាជាជនគ្រីស្ទានក្នុងមួយឆ្នាំៗ ចំណាយទៅលើការបំប៉នសេចក្តីត្រេកត្រអាលអស់មួយចំនួនដ៏ច្រើនក្រៃលែង។ គេបានប្លន់តង្វាយភាគដប់ និងតង្វាយផ្សេងៗពីព្រះ នៅពេលដែលគេចំណាយទៅលើសេចក្តីប្រាថ្នារបស់ខ្លួន ជាជាងបរិច្ចាគឱ្យអ្នកក្រីក្រ ដើម្បីបន្ធូរសម្រាលគេ ឬជាជាងគាំទ្រដំណឹងល្អ។ ប្រសិនបើអស់អ្នកដែលចាត់ខ្លួនថាជឿព្រះគ្រីស្ទ បានញែកចេញជាបរិសុទ្ធពិតប្រាកដនោះ ធនធានរបស់គេនឹងបានត្រឡប់ទៅជាទ្រព្យសម្បត្តិរបស់ព្រះ ជាជាងចាយវាយទៅលើការបំប៉នសេចក្តី ត្រេកត្រអាលដែលឥតប្រយោជន៍ ហើយគ្រោះថ្នាក់ផង។ អ្នកគ្រីស្ទានត្រូវធ្វើជាគំរូនៃការប្រមាណ និងការលះបង់ខ្លួន នោះគេនឹងបានជាពន្លឺនៃលោកីយ៍។
«សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម នឹងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត» (យ៉ូហានទី១ ២:១៦) គ្រប់គ្រងមនុស្សទាំងពួង។ ប៉ុន្តែ គ្រីស្ទបរិស័ទ ត្រូវបានហៅមកឱ្យបានបរិសុទ្ធជាង។ «ព្រះអម្ចាស់ទ្រង់មានបន្ទូលថា៖ ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឱ្យពាល់របស់ស្មោកគ្រោកឡើយ»។ ចំពោះអ្នកណាដែលសម្របទៅ នឹងលក្ខខណ្ឌសេចក្តីសន្យារបស់ព្រះគឺ៖ «អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះ អម្ចាស់ដ៏មានព្រះចេស្តាបំផុត»។ កូរិនថូសទី២ ៦:១៧,១៨។
គ្រប់ទាំងជំហាននៃជំនឿ និងការស្តាប់បង្គាប់នាំព្រលឹងឱ្យចូលទៅជិតព្រះដ៏ជាពន្លឺនៃលោកីយ៍។ កាំរស្មីដ៏ភ្លឺព្រោងព្រាតនៃព្រះដ៏ជាព្រះសុរិយានៃសេចក្តីសុចរិត ចាំងមកលើអ្នកបម្រើព្រះ ហើយគេត្រូវជះរស្មីមកវិញ។ ផ្កាយទាំងឡាយប្រាប់យើងថា មានពន្លឺមួយនៅស្ថានសួគ៌ ដែលបំភ្លឺវាដោយសិរីល្អ ដូច្នេះអ្នកគ្រីស្ទានត្រូវធ្វើឱ្យគេឃើញថា មានព្រះមួយអង្គគង់លើបល្ល័ង្ក ដែលមានចរិតលក្ខណៈគួសរសើរ និងគួរត្រាប់តាម។ ភាពបរិសុទ្ធនៃចរិតលក្ខណៈរបស់ទ្រង់ នឹងត្រូវបានឃើញក្នុងអ្នកធ្វើទីបន្ទាល់របស់ទ្រង់។
តាមរយៈគុណសម្បត្តិនៃព្រះគ្រីស្ទ យើងមានផ្លូវចូលទៅឯបល្ល័ង្កនៃឫទ្ធិអំណាចដ៏គ្មានទីបំផុត។ «ឯព្រះអង្គដែលមិនសំចៃទុកនូវព្រះរាជបុត្រាទ្រង់ គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វីឱ្យទ្រង់ មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង?» ព្រះយេស៊ូវមានបន្ទូលថា៖ «បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឱ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់នៅស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត?» «បើអ្នករាល់គ្នានឹងសូមអ្វីដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឱ្យ»។ «ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឱ្យសម្រេចអំណរ របស់អ្នករាល់គ្នាបានពោរពេញពិត»។ រ៉ូម ៨:៣២; លូកា ១១:១៣; យ៉ូហាន ១៤:១៤; ១៦:២៤។
មនុស្សគ្រប់រូបមានបុព្វសិទ្ធដើម្បីរស់នៅ ប្រយោជន៍ឱ្យព្រះសព្វព្រះទ័យ ហើយប្រទានព្រះពរដល់ខ្លួន។ ព្រះហឫទ័យនៃព្រះវរបិតានៃស្ថានសួគ៌របស់យើង ពុំចង់ឱ្យយើងស្ថិតនៅក្រោមទោសពៀរ និងភាពងងឹតឡើយ។ គឺគ្មានភ័ស្តុតាងនៃការដាក់ខ្លួនពិតប្រាកដទេ ក្នុងការប្រព្រឹត្តទៅដោយឱនក្បាលចុះ តែចិត្តគិតតែពីខ្លួនឯងនោះ។ យើងអាចទៅឯព្រះយេស៊ូវ ហើយបានជ្រះស្អាត និងឈរនៅចំពោះក្រឹត្យវិន័យដោយគ្មានការអាម៉ាស់មុខ និងការស្តាយក្រោយឡើយ។
តាមរយៈព្រះយេស៊ូវ កូនចៅទាំងឡាយរបស់លោកអ័ដាមដែលមានបាបបានក្លាយទៅជា «កូនព្រះ»។ «ទ្រង់មិនខ្មាស់នឹងហៅគេជាបងប្អូនទេ»។ ជីវិតអ្នកគ្រីស្ទាន គួរតែប្រកបដោយជំនឿ សេចក្តីជោគជ័យ និងអំណរក្នុង ព្រះ។ «ពីព្រោះ សេចក្តីអំណរ នៃព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា»។ «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះទ័យឱ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ»។ ហេព្រើរ ២:១១; នេហេមា ៨:១០; ថែស្សាឡូនីចទី១ ៥:១៦-១៨។
នេះហើយជាផលផ្លែនៃការកែប្រែចិត្ត និងសន្តូបនីយកម្មក្នុងព្រះគម្ពីរ ហើយដោយព្រោះគន្លងធម៌ដ៏ធំធេងនៃសេចក្តីសុចរិតដែលមានចែងក្នុង ក្រឹត្យវិន័យត្រូវបានគេគោរពដោយសើៗដូច្នោះ បានជាកម្រឃើញផលផ្លែទាំងនេះ។ ដូច្នេះហើយ បានជាមានការបើកសម្តែងយ៉ាងតិចតួចណាស់ អំពីកិច្ចការដ៏មានខ្លឹមសាររបស់ព្រះវិញ្ញាណខុសពីការរលឹកឡើងវិញនៅអតីតកាល។
យើងអាចផ្លាស់ប្តូរបានដោយការសម្លឹងមើល។ នៅពេលសិក្ខាបទបរិសុទ្ធទាំងនោះដែលព្រះទ្រង់បានបើកសម្តែងដល់មនុស្ស អំពីភាពគ្រប់ខ្នាត និងភាពបរិសុទ្ធនៃចរិតលក្ខណៈរបស់ព្រះអង្គត្រូវបានគេលែងអើពើទៅ ហើយគំនិតរបស់ពួកបណ្តាជន ត្រូវបានទាក់ទាញទៅរកសេចក្តីបង្រៀន និងទ្រឹស្តីរបស់មនុស្ស នោះក៏មានការអន់ថយក្នុងការគោរពព្រះក្នុងព្រះវិហារដែរ។ ទាល់តែកែតម្រូវក្រឹត្យវិន័យរបស់ព្រះឱ្យបានត្រឹមត្រូវវិញ ទើបអាចមានជំនឿដូចកាលពីដើម ហើយនិងភាពមានព្រះក្នុងខ្លួនឡើងវិញ ក្នុងចំណោមរាស្ត្រដែលដើរតាមទ្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»។ រ៉ូម ៤:១៨