ថ្ងៃព្រហស្បតិ៍ ទី២៦​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៨) ​

នៅចំពោះបញ្ជីជីវិត

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ បទចម្រៀងសាឡូម៉ូនជំពួក៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ​ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ និង​បាបខ្លួន​បាន​គ្រប​បាំង មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះអម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។ រ៉ូម ៤:៦-៨

«ខ្ញុំក៏គន់មើល រហូតទាល់តែមានគេយកបល្ល័ង្កមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះក៏ជាភ្លើងដែរ។ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មកមានទាំងពាន់ៗដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំ ជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ»។ ដានីយ៉ែល ៧:៩,១០។

ការទាំងនេះបានប្រទានមកឱ្យដានីយ៉ែលបានឃើញនូវថ្ងៃដ៏ធំដែលជីវិតទាំងឡាយរបស់មនុស្សកំពុងស្ថិតនៅចំពោះមុខចៅក្រមនៃផែនដីទាំងមូល។ ព្រះដ៏មានព្រះជន្មពីចាស់បុរាណ គឺជាព្រះវរបិតា។ ទ្រង់ជាប្រភពនៃសត្វមានជីវិតទាំងអស់ ជាប្រភពនៃច្បាប់ទាំងអស់ ជាអ្នកគ្រប់គ្រងក្នុងទីជំនុំជម្រះ ដោយមានពួកទេវតាបរិសុទ្ធជាមន្ត្រី និងជាស្មរបន្ទាល់ចូលរួមផង។

«ក៏ឃើញមានមួយអង្គដូចជាកូនមនុស្ស ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីចាស់បុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។ នោះបានប្រគល់ឱ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឱ្យមានរាជ្យផង ដើម្បីឱ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសាបានគោរពដល់ទ្រង់៖ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ»។ ដានីយ៉ែល ៧:១៣,១៤។

ការពិពណ៌នាអំពីដំណើរយាងមករបស់ព្រះគ្រីស្ទនៅត្រង់នេះ ពុំមែនជាការយាងមកជាលើកទីពីររបស់ទ្រង់មកកាន់ផែនដីទេ។ គឺទ្រង់យាងទៅកាន់ព្រះដ៏មានព្រះជន្មពីចាស់បុរាណ នៅស្ថានសួគ៌ ដើម្បីគ្រងរាជ្យដែលនឹងត្រូវប្រគល់ថ្វាយទ្រង់ នៅទីបញ្ចប់នៃការងារជាស្ពានមេត្រី។ ការយាងមកនេះ ពុំមែនជាការយាងមកនៅលើកទីពីរមកកាន់ផែនដីឡើយ គឺជាការយាងនៅទីបញ្ចប់នៃកំណត់២៣០០ថ្ងៃនាឆ្នាំ១៨៤៤។ សម្តេចសង្ឃជាន់ខ្ពស់របស់យើង បានយាងចូលទីបរិសុទ្ធបំផុតនៃរោងឧបោសថ ដើម្បីទទួល ការងារជាសង្ឃ ជាលើកចុងក្រោយបង្អស់ជំនួសមនុស្ស។

នៅក្នុងយញ្ញកិច្ចដែលជានិមិត្តរូបនោះ មានតែអ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានផ្ទេរទៅកាន់រោងឧបោសថទេ ទើបមានចំណែកនៅក្នុងថ្ងៃបុណ្យធួននឹងបាប។ ដូច្នេះ នៅក្នុងការប្រោសលោះបាបដ៏ធំ ហើយនិងនៅគ្រាជំនុំជម្រះដ៏ឱឡារិកដោយពិនិត្យអង្កេតជាចុងក្រោយបង្អស់នោះករណីដែលត្រូវពិចារណា មានតែករណីរបស់អស់អ្នកដែលចាត់ទុកខ្លួនថាជាបណ្តាជនរបស់ព្រះតែប៉ុណ្ណោះ។ ការជំនុំជម្រះមនុស្សអាក្រក់ គឺជាកិច្ចការផ្សេងគ្នាដែលធ្វើនៅពេលក្រោយមកទៀត។ «ដ្បិតសេចក្តីជំនុំជម្រះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះ»។ ពេត្រុសទី១ ៤:១៧។

បញ្ជីកំណត់ហេតុនៅស្ថានសួគ៌ ត្រូវអនុម័តសេចក្តីសម្រេចនៃការជំនុំជម្រះ។ បញ្ជីជីវិតមានឈ្មោះរបស់អ្នកទាំងអស់ដែលធ្លាប់បានចូលទៅ ក្នុងពិធីថ្វាយបង្គំព្រះ។ ព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សថា៖ «ត្រូវឱ្យរីករាយដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌»។ សាវ័កប៉ុលមានប្រសាសន៍អំពីអ្នកធ្វើការជាមួយគាត់ «ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ»។ ភីលីព ៤:៣។ ដានីយ៉ែលបញ្ជាក់ថារាស្ត្ររបស់ព្រះ នឹងត្រូវបានប្រោសឱ្យរួច «គឺអស់អ្នកណាដែលមានកត់ទុកនៅក្នុងបញ្ជី»។ អ្នកបើកសម្តែងក៏បានចែងថា អ្នកដែលអាចចូលទីក្រុងនោះ គឺបានតែអ្នកណា «ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមតែប៉ុណ្ណោះ»។ លូកា ១០:២០; ភីលីព ៤:៣; ដានីយ៉ែល ១២:១; វិវរណៈ ២១:២៧។

នៅក្នុង «សៀវភៅរំឭក» មានកត់ត្រានូវអំពើល្អរបស់ «ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ»។ គ្រប់ទាំងសេចក្តីល្បួងដែលបានទប់ទល់គ្រប់ទាំងអំពើអាក្រក់ដែលបានឈ្នះ គ្រប់ទាំងពាក្យអាណិតអាសូរដែលបានបន្លឺឡើង គ្រប់ទាំងកិច្ចពលីកម្ម និងគ្រប់ទាំងទុក្ខព្រួយដែលបានទ្រាំទ្រដើម្បីព្រះគ្រីស្ទ សុទ្ធតែបានកត់ទុកទាំងអស់។ «ទ្រង់រាប់អស់ទាំងការរសាត់អណ្តែតរបស់ទូលបង្គំ៖ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំទុកនៅក្នុងដបនៃទ្រង់៖ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី?» ម៉ាឡាគី ៣:១៦; ទំនុកតំកើង ៥៦:៨។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្តី​ដែល​មាន​ព្រះបន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ»។ រ៉ូម ៤:១៨

Powered by CAM