ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតសេចក្តីសន្យា ដល់លោកអ័ប្រាហាំ និងពូជលោក ឲ្យបានលោកីយ៍ជាមរដក នោះមិនមែនដោយសារក្រឹត្យវិន័យទេ គឺដោយសារសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿវិញ។ រ៉ូម ៤:១៣
អំពើលាក់កំបាំង
មានការកត់ត្រាផងដែរ ចំពោះអំពើបាបរបស់មនុស្ស។ «ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី»។ «អស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលមនុស្សបាននិយាយ នោះនឹងត្រូវរៀបរាប់ប្រាប់នៅថ្ងៃជំនុំជម្រះ»។ «ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្តីរបស់ខ្លួន ឬនឹងត្រូវទោសក៏ដោយសារពាក្យសម្តីនោះដែរ»។ អំពើអាថ៌កំបាំងនឹងលេចឡើងនៅលើបញ្ជី ដ្បិតព្រះ «ទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំងដែលធ្វើនៅទីងងឹត មកដាក់នៅឯទីភ្លឺវិញ ហើយនិងបើកសម្តែងឱ្យឃើញអស់ទាំងគំនិតក្នុងចិត្តរបស់មនុស្សផង»។ សាស្តា ១២:១៤; ម៉ាថាយ ១២:៣៦,៣៧; កូរិនថូសទី១ ៤:៥។ នៅពីមុខឈ្មោះនីមួយៗក្នុងសៀវភៅនៃស្ថានសួគ៌ មានចុះអស់ទាំងពាក្យខុសឆ្គង អស់ទាំងអំពើអាត្មានិយមអស់ទាំងភារកិច្ចដែលពុំបានបំពេញ ហើយនិងអស់ទាំងអំពើបាបដែលបានលាក់កំបាំងផង។ ការ ព្រមានដែលបានបញ្ជូនមកពីស្ថានសួគ៌ និងការមិនរវល់នឹងសេចក្តីបន្ទោស ការចំណាយពេលឥតប្រយោជន៍ ការបញ្ចេញឥទ្ធិពលដ៏ជ្រាលជ្រៅចំពោះអំពើល្អ ឬអាក្រក់ ទាំងអស់សុទ្ធតែត្រូវបានកត់ត្រាទុកដោយទេវតាដ៏ជាស្មៀន។
ខ្នាតនៃការជំនុំជម្រះ
ក្រឹត្យវិន័យរបស់ព្រះគឺជាខ្នាតនៅក្នុងការជំនុំជម្រះ។ «ដូច្នេះចូរកោតខ្លាចដល់ព្រះហើយកាន់តាមបញ្ញត្តិទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ»។ «ចូរឱ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រឹត្យវិន័យនៃសេចក្តីសេរីភាព រៀបនឹងជំនុំជម្រះអ្នកហើយចុះ»។ សាស្តា ១២:១៣,១៤; យ៉ាកុប ២:១២។
អស់អ្នកដែល «បានរាប់ជាគួរ» នឹងមានចំណែកក្នុងការរស់ឡើងវិញនៃពួកសុចរិត។ ព្រះយេស៊ូវមានបន្ទូលថា៖ «អស់អ្នកដែលបានរាប់ជាគួរឱ្យបានទៅឯបរលោកនាយ ហើយឱ្យបានរស់ពីស្លាប់ឡើងវិញ ហើយជាពួក កូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ» «គឺពួកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឱ្យបានជីវិត»។ លូកា ២០:៣៥,៣៦; យ៉ូហាន ៥:២៩។ ពួកសុចរិតដែលស្លាប់ទៅ នឹងមិនទាន់រស់ឡើងវិញទេរហូតទាល់តែបន្ទាប់ពីការជំនុំជម្រះបានរាប់ថាពួកគេគួរ «រស់ឡើងវិញឱ្យបានជីវិត»។ ដូច្នេះ ឃើញថាពួកគេពុំមានវត្តមានផ្ទាល់ទេ នៅពេលដែលកំណត់ហេតុរបស់ខ្លួនត្រូវបានពិនិត្យ ហើយករណីរបស់ខ្លួនត្រូវបានសម្រេច។
ព្រះយេស៊ូវនឹងលេចមកធ្វើជាស្មាក្តីរបស់គេ ដើម្បីជួយអង្វរសុំព្រះជំនួសគេ។ «ប្រសិនបើអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយមួយអង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត»។ «ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុង ស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភ័ក្ត្រនៃព្រះតំណាងយើងរាល់គ្នា»។ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បានដល់មនុស្សទាំងអស់ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសយើង»។ យ៉ូហាន ២:១; ហេព្រើរ ៧:២៥; ៩:២៤។
នៅពេលដែលសៀវភៅកំណត់ហេតុបានបើកឡើងនៅក្នុងទីជំនុំជម្រះ ព្រះទ្រង់នឹងពិនិត្យសើរើជីវិតទាំងអស់ដែលបានជឿព្រះយេស៊ូវ។ ចាប់ផ្តើមជាមួយនឹងអស់អ្នកដែលបានរស់នៅលើផែនដីតាំងពីដើមដំបូងមក ព្រះដ៏ជាជំនួយរបស់យើងបញ្ចេញនូវករណីរបស់យើងម្នាក់ៗ តាំងពីដើមរៀងមក។ គេបានហៅឈ្មោះទាំងអស់ ព្រមទាំងពិនិត្យអង្កេតផង។ មានឈ្មោះដែលបានទទួល និងឈ្មោះដែលមិនបានទទួល។ បើនរណាម្នាក់មានអំពើបាបនៅលើសៀវភៅកំណត់ហេតុ ព្រោះមិនបានប្រែចិត្ត ហើយនិងមិនបានអត់ទោសឱ្យ នោះឈ្មោះរបស់ផងអ្នកនោះនឹងត្រូវលុបចេញអំពីបញ្ជីជីវិត។ ព្រះអង្គបានមានបន្ទូលដល់ហោរាម៉ូសេថា៖ «ឯអ្នកណាដែលបានធ្វើបាប នឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងចេញពីបញ្ជីអញ»។ និក្ខមនំ ៣២:៣៣។
អ្នកទាំងអស់ដែលបានប្រែចិត្តពិតប្រាកដ ហើយបានអះអាងព្រះលោហិតព្រះគ្រីស្ទទុកជាយញ្ញបូជាប្រោសលោះរបស់ខ្លួន នោះនឹងបានទទួលសេចក្តីអត់ទោស កត់ចូលទៅក្នុងសៀវភៅស្ថានសួគ៌។ នៅពេលដែល គេមានចំណែកក្នុងសេចក្តីសុចរិតរបស់ព្រះគ្រីស្ទហើយ នោះចរិតលក្ខណៈរបស់គេ នឹងបានស្របទៅតាមក្រឹត្យវិន័យរបស់ព្រះ អំពើបាបរបស់គេត្រូវបានលុបចេញ ហើយគេនឹងបានរាប់ជាគួរទទួលជីវិតអស់កល្ប។ ព្រះទ្រង់ មានបន្ទូលថា៖ «គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំពីអំពើបាបរបស់ឯងទៀតឡើយ»។ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញ នឹង...ថ្លែងប្រាប់ឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួក ទេវតាទ្រង់ដែរ»។ «ដូច្នេះអស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះនៅចំពោះព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំនៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះនៅចំពោះព្រះវរបិតា ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ»។ អេសាយ ៤៣:២៥; វិវរណៈ ៣:៥; ម៉ាថាយ ១០:៣២,៣៣។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»។ រ៉ូម ៤:១៨