ថ្ងៃសៅរ៍ ទី​២៨ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២

ព្រះដ៏ជាជំនួយបានដាក់សេចក្តីទូលអង្វរថា អស់អ្នកដែលបានឈ្នះដោយជឿដល់ព្រះលោហិតព្រះអង្គ គួរបានសង្គ្រោះទៅកាន់លំនៅឯសួន អេដែនរបស់ខ្លួនវិញ ព្រមទាំងពាក់មកុដគ្រងមរតកជាមួយទ្រង់ ក្នុង «អំណាចគ្រប់គ្រងដូចដើម»។ មីកា ៤:៨។ ឥឡូវនេះ ព្រះគ្រីស្ទបានសូមឱ្យផែនការបង្កបង្កើតមនុស្ស បានប្រព្រឹត្តទៅប្រៀបដូចជាមនុស្សពុំដែលមានបាបសោះ។ ទ្រង់ពុំគ្រាន់តែសូមឱ្យរាស្ត្ររបស់ផងទ្រង់ បានអត់ទោស និងគ្មានបាបសោះប៉ុណ្ណោះទេ គឺថែមទាំងសូមឱ្យមានចំណែកក្នុងសិរីល្អរបស់ផងទ្រង់ ព្រមទាំងឱ្យបានគ្រងរាជ្យបល្ល័ង្កជាមួយព្រះអង្គទៀតផង។

នៅពេលព្រះយេស៊ូវកំពុងអង្វរសុំនូវព្រះគុណសម្រាប់រាស្ត្ររបស់ផងទ្រង់ សាតាំងបានចោទប្រកាន់ពួកគេនៅចំពោះព្រះ។ វាចង្អុលទៅឯ កំណត់ហេតុនៃជីវិតរបស់ពួកគេ ទៅឯចរិតវៀចវេរ ភាពមិនដូចព្រះគ្រីស្ទ និងអស់ទាំងអំពើបាបដែលវាបានល្បួងពួកគេឱ្យប្រព្រឹត្ត។ ដោយព្រោះតែការទាំងនេះ វាបានអះអាងថា ពួកគេជារណបរបស់វា។

ព្រះយេស៊ូវពុំចោទប្រកាន់ចំពោះអំពើបាបរបស់ពួកគេទេ តែទ្រង់បង្ហាញនូវភាពលន់តួបាប និងជំនឿរបស់ពួកគេវិញ។ ដើម្បីអះអាងឱ្យពួកគេនូវការអត់ទោស ទ្រង់លើកព្រះហស្តមានរបួសរបស់ព្រះអង្គនៅចំពោះព្រះភ័ក្តព្រះវរបិតា ដោយមានបន្ទូលថា៖ ទូលបង្គំបានចារិកពួកគេនៅលើបាតដៃទូលបង្គំ។ «ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។»។ ទំនុកតំកើង ៥១:១៧។

ព្រះអម្ចាស់បន្ទោសសាតាំង

ចំពោះមេចោទប្រកាន់ទ្រង់មានបន្ទូលថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯងអើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯង៖ នេះតើមិនមែនជាកន្ទុយឧសដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» សាការី ៣:២។ ព្រះគ្រីស្ទនឹងបំពាក់ដល់អ្នកស្មោះត្រង់របស់ទ្រង់នូវសេចក្តីសុចរិតរបស់ទ្រង់ផ្ទាល់ ដើម្បីឱ្យទ្រង់អាចបង្ហាញពួកគេដល់ព្រះវរបិតាព្រះអង្គ «ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីដូច្នោះឡើយ»។ អេភេសូរ ៥:២៧។

យ៉ាងនោះនឹងបានឃើញសេចក្តីសម្រេចដ៏ពោរពេញនៃសេចក្តីសន្យាពីសេចក្តីសញ្ញាថ្មី៖ «អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»។ «ព្រះយេហូវ៉ាមានបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួក អ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបពួកយូដាតែនឹងមិនឃើញឡើយ» «អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅសល់ក្នុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់»។ យេរេមា ៣១:៣៤; ៥០:២០; អេសាយ ៤:៣។

ការលុបចេញនៃអំពើបាប

កិច្ចការជំនុំជម្រះដោយពិនិត្យអង្កេត ហើយនិងការលុបចេញនូវអំពើបាបត្រូវតែបញ្ចប់នៅមុនដំណើរយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ នៅក្នុងយញ្ញកិច្ចដែលជានិមិត្តរូប សង្ឃជាន់ខ្ពស់បាននិមន្តចេញមកជូនពរដល់ក្រុមជំនុំ។ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ នៅពេលចប់ការងារជាស្ពានមេត្រី ហើយទ្រង់នឹងលេចមក «ក្រៅពីរឿងអំពើបាប គឺដើម្បីនឹងជួយសង្គ្រោះដល់អ្នកដែលរង់ចាំទ្រង់»។ ហេព្រើរ ៩:២៨។

ចំណែកសង្ឃវិញ នៅក្នុងការយកបាបចេញពីទីបរិសុទ្ធនៃរោងឧបោសថក៏បានលន់តួបាបទាំងអស់នោះ ទៅលើក្បាលពពែ។ ព្រះគ្រីស្ទនឹងដាក់អស់ទាំងអំពើបាបនេះទៅលើសាតាំងដែលជាដើមចមនៃអំពើបាប។ ពពែក៏ត្រូវបានបញ្ជូនចេញ «ទៅឯទីតំបន់សូន្យស្ងាត់»។ លេវីវិន័យ ១៦:២២។ សាតាំងដែលជាអ្នកទទួលកំហុសនៃអំពើបាបដែលវាបណ្តាលឱ្យរាស្ត្ររបស់ព្រះប្រព្រឹត្ត នឹងត្រូវជាប់ឃុំមួយពាន់ឆ្នាំនៅលើផែនដីល្ហល្ហេវ រួចហើយនៅទីបំផុតនឹងទទួលរងទុក្ខទោសដោយភ្លើងដែលនឹងបញ្ឆេះពួកអាក្រក់។ យ៉ាងនោះផែនការនៃសេចក្តីសង្គ្រោះនឹងបានសម្រេចនៅពេលដែលបាបត្រូវបានបំផ្លាញចោលឱ្យសូន្យសុងទៅ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្តី​ដែល​មាន​ព្រះបន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ»។ រ៉ូម ៤:១៨

Powered by CAM