ថ្ងៃអាទិត្យ ទី២៩​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពូក៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្តី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូបកាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ។ រ៉ូម ៤:១៩

នៅពេលកំណត់

នៅពេលកំណត់ ទីបញ្ចប់នៃ២៣០០ថ្ងៃនៅគ.ស.១៨៤៤ ការពិនិត្យអង្កេត ហើយនិងការលុបចោលអំពើបាបបានចាប់ផ្តើមឡើង។ អំពើបាបដែលពុំបានប្រែចិត្ត និងពុំបានលះបង់ចោល នឹងពុំបានលុបចេញពីបញ្ជីកត់ហេតុទេ។ ពពួកទេវតារបស់ព្រះជាអ្នកបានឃើញនូវអំពើបាបនីមួយៗ ហើយក៏កត់ទុកក្នុងបញ្ជី។ មនុស្សអាចបដិសេធអំពើបាប ឬលាក់បាំងអំពើបាបពីឪពុកម្តាយ ប្រពន្ធកូន និងមិត្តភក្តិបាន ប៉ុន្តែអំពើទាំងនោះនឹងលាតត្រដាងនៅចំពោះស្ថានសួគ៌វិញ។ ពុំអាចបញ្ឆោតព្រះដោយអាការៈខាងក្រៅបានទេ។ ទ្រង់ជ្រាបទាំងអស់។ មនុស្សអាចត្រូវគេបញ្ឆោតបានដោយអស់អ្នកដែលមានចិត្តពុករលួយ តែព្រះទ្រង់ជ្រាបជីវិតខាងក្នុងវិញ។

ឱ តើអាចបាបដូច្នេះកើតឬទេហ្ន៎! ព្រះដ៏ជាមេទ័ពដ៏ខ្លាំងពូកែបំផុតនៅលើផែនដី ពុំអាចបកទៅមើលកំណត់ហេតុសូម្បីតែមួយថ្ងៃនោះ។ អំពើបាបរបស់យើង ពាក្យសម្តីរបស់យើង សូម្បីតែបំណងអាថ៌កំបាំងរបស់យើង ទោះបីយើងបាបភ្លេចទៅហើយក្តី ក៏នឹងមានសាក្សីចាំបញ្ជាក់ឱ្យរួចខ្លួន ឬឱ្យត្រូវទទួលទោស។

នៅគ្រាជំនុំជម្រះ ការប្រើអស់ទាំងអំណោយទាននឹងត្រូវបានពិនិត្យពិច័យយ៉ាងហ្មត់ចត់។ តើយើងបានប្រើពេលវេលារបស់យើង ស្លាបប៉ាការបស់យើង សំឡេងរបស់យើង ប្រាក់កាសរបស់យើង និងឥទ្ធិពលរបស់ យើងដោយរបៀបណាខ្លះ? តើយើងមានបានធ្វើអ្វីខ្លះសម្រាប់ព្រះគ្រីស្ទ សម្រាប់ជនក្រីក្រ ជនរងទុក្ខឈឺចាប់ កូនកំព្រា និងស្ត្រីមេម៉ាយ? តើយើងបានធ្វើអ្វីខ្លះជាមួយពន្លឺ និងសេចក្តីពិតដែលបានប្រគល់មកយើងនោះ? មាន តែសេចក្តីស្រឡាញ់ដែលបង្ហាញដោយការប្រព្រឹត្តទេ ទើបរាប់ថាពិតបាន។ មានតែសេចក្តីស្រឡាញ់ដែលព្រះទតឃើញប៉ុណ្ណោះដែលធ្វើឱ្យឥរិយាប្រព្រឹត្តមានតម្លៃថ្លៃថ្នូរ។

គំនិតអាត្មានិយម ត្រូវបានលាតត្រដាង

គំនិតលាក់កំបាំងប្រកបដោយអាត្មានិយមនឹងលាតត្រដាងនៅក្នុងសៀវភៅនៃស្ថានសួគ៌។ តើបានប្រគល់ពេលវេលា គំនិត ហើយនិងកម្លាំងដែលជារបស់ផងព្រះគ្រីស្ទ ទៅឱ្យសាតាំងជាញឹកញយប៉ុន្មានដែរ? ពួកអ្នក អះអាងថាដើរតាមព្រះគ្រីស្ទ បានស្ថិតនៅក្នុងការខំប្រឹងប្រមូលទ្រព្យសម្បត្តិ លោកីយ៍ ឬក៏ក្នុងការអរសប្បាយចំពោះការត្រេកត្រអាលរបស់លោកីយ៍។ ប្រាក់កាស ពេលវេលា និងកម្លាំងកាយបានបូជាសម្រាប់សំញ៉ែង ហើយនិងសម្រាប់ការបណ្តោយតាមចំណង់ខ្លួន មានពេលបន្តិចបន្តួចទេសម្រាប់សេចក្តីអធិស្ឋាន សម្រាប់ស្វែងរកបទគម្ពីរ និងសម្រាប់លន់តួបាប។

សាតាំងប្រឌិតគម្រោងការដ៏រាប់មិនអស់ ដើម្បីគ្រប់គ្រងគំនិតរបស់យើង។ មេឆបោកវាស្អប់ដល់សេចក្តីពិតដ៏ឧត្តមដែលនាំឱ្យឃើញយញ្ញបូជាសម្រាប់ប្រោសលោះ ហើយនិងព្រះដ៏ជាស្ពានមេត្រីមានគ្រប់ព្រះចេស្តា។ ជាមួយវាអ្វីៗទាំងអស់សុទ្ធតែ ដើម្បីបង្វែរគំនិតចេញអំពីព្រះយេស៊ូវ។

ចំពោះអស់អ្នកដែលចែករំលែកផលប្រយោជន៍នៃស្ពានមេត្រីរបស់ព្រះអង្គសង្គ្រោះ គេមិនគួរអនុញ្ញាតឱ្យមានអ្វីមកជ្រៀតជ្រែកជាមួយករណីយកិច្ចបង្គ្រប់លក្ខណ៍ដល់ភាពបរិសុទ្ធក្នុងការកោតខ្លាចដល់ព្រះឡើយ។ ផ្ទុយអំពីការចំណាយពេលដ៏វិសេសវិសាល ក្នុងការស្វែងរកភាពត្រេកត្រអាល ឬរកប្រយោជន៍ផ្ទាល់ខ្លួន គួរតែខ្ជាប់ខ្ជួនចំពោះការរៀនសូត្រទាំងអធិស្ឋាននូវ ព្រះបន្ទូលនៃសេចក្តីពិតវិញ។ គួរតែបានយល់ច្បាស់អំពីរោងឧបោសថ ហើយនិងការជំនុំជម្រះដោយពិនិត្យអង្កេត។ ទាំងអស់គ្នាត្រូវការចំណេះចេះដឹងអំពីតំណែងការងារ និងកិច្ចការនៃសម្តេចសង្ឃជាន់ខ្ពស់របស់ខ្លួន។ បើមិនដូច្នោះទេ នឹងពុំមានសមត្ថភាពអនុវត្តនូវសេចក្តីជំនឿ ជាពិសេសនៅពេលនេះបានឡើយ។

រោងឧបោសថនៅស្ថានសួគ៌គឺជាមជ្ឈមណ្ឌលសម្រាប់ការងាររបស់ព្រះគ្រីស្ទជំនួសមនុស្ស។ រោងឧបោសថ មានទំនាក់ទំនងដល់ព្រលឹងទាំងអស់រស់នៅផែនដី ហើយនិងបើកឱ្យឃើញផែនការសង្គ្រោះ ទាំងនាំយើងទៅរកទីបញ្ចប់នៃការប្រជែងគ្នារវាងភាពសុចរិត និងបាបកម្មផង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាលដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ ។ រ៉ូម ៥:១២

Powered by CAM