ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ។ ហេព្រើរ ១០:៣៦
បន្ទាប់ពីពួកហេព្រើរបានតាំងទីលំនៅក្នុងស្រុកកាណានមក រោងឧបោសថត្រូវបានជំនួសដោយព្រះវិហារនៃស្តេចសាឡូម៉ូនវិញ ជាអាគារដែលមិនអាចយកពីកន្លែងមួយទៅកន្លែងមួួយបាន ហើយធំជាងមុន មានទំហំសមាមាត្រដូចគ្នា ហើយមានរៀបតុបតែងស្រដៀងនឹងគ្នាដែរ។ រោងឧបោសថបានស្ថិតស្ថេរក្នុងទម្រង់របៀបនេះ វៀរលែងតែនៅជំនាន់ដានីយ៉ែល កាលព្រះវិហារនោះស្ថិតក្នុងភាពហិនហោច រហូតដល់ឆ្នាំ៧០គ.ស. ក្នុងពេលដែលរ៉ូមធ្វើវិនាសកម្មដល់ព្រះវិហារ។ នេះជារោងឧបោសថនៅផែនដីតែមួយគត់ដែលព្រះគម្ពីរប្រាប់មកដែលជារោងឧបោសថនៃសេចក្តីសញ្ញាទីមួយ។ ប៉ុន្តែ តើសេចក្តីសញ្ញាថ្មីពុំមានរោងឧបោសថទេឬ?
ត្រឡប់ទៅគម្ពីរហេព្រើរវិញ អ្នកស្វែងរកសេចក្តីពិតបានរកឃើញរោងឧបោសថទីពីរ ឬរោងឧបោសថនៃសេចក្តីសញ្ញាថ្មីមានចែងក្នុងពាក្យ ដែលបានដកស្រង់ទាំងនេះថា៖ «ចំណែកសេចក្តីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធដែលនៅលោកីយ៍នេះដែរ» ត្រឡប់ទៅជំពូកមុនវិញមានចែងដូចតទៅថា៖ «បង្រួមសេចក្តីអធិប្បាយទាំងប៉ុន្មាន អម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសម្តេចសង្ឃមួយអង្គយ៉ាងនោះដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅឋានសួគ៌ ជាអ្នកមានការងារក្នុងទីបរិសុទ្ធ និងក្នុងរោងឧបោសថដ៏ពិតដែលព្រះអម្ចាស់បានដំឡើងមិនមែនមនុស្សទេ»។ ហេព្រើរ ៨:១,២។
នេះគឺជាការលើកសម្តែងពីរោងឧបោសថនៃសេចក្តីសញ្ញាថ្មី។ រោងឧបោសថនៃសេចក្តីសញ្ញាទីមួយ គឺបានដំឡើងឡើងដោយម៉ូសេតែមួយនេះបានដំឡើងដោយព្រះអម្ចាស់។ នៅក្នុងរោងឧបោសថនោះ សង្ឃនៅផែនដីបានប្រព្រឹត្តកិច្ចការរបស់ខ្លួន។ តែក្នុងរោងឧបោសថនេះ ព្រះគ្រីស្ទដ៏ជាសម្តេចសង្ឃដ៏ធំរបស់យើងទ្រង់ប្រកបការងារនៅព្រះហស្តខាងស្តាំនៃព្រះវរបិតា។ រោងឧបោសថមួយនៅផែនដីមួយទៀតនៅឯស្ថានសួគ៌។
រោងឧបោសថដែលបានសង់ដោយម៉ូសេ ត្រូវបានធ្វើឡើងតាមគំរូ។ ព្រះអម្ចាស់បានបង្គាប់ថា៖ «ត្រូវឱ្យឯងធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង»។ «ហើយត្រូវប្រយ័ត្ននឹងធ្វើឱ្យ ត្រឹមត្រូវតាមគំរូដូចដែលបានបង្ហាញឱ្យឯងឃើញនៅលើភ្នំស្រាប់»។ រោងឧបោសថទីមួយគឺ «ជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ»។ បន្ទប់បរិសុទ្ធទាំងពីរនៃរោងឧបោសថទីមួយនេះគឺជា «គំរូពីរបស់ស្ថានសួគ៌»។ សង្ឃទាំងឡាយបានប្រកបកិច្ចការក្នុងនាម «ជាគំរូ និងជាស្រមោលពីរបស់នៅស្ថានសួគ៌»។ ព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃដែលជាគំរូពីទីបរិសុទ្្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះនៅចំពោះព្រះភក្ត្រនៃព្រះ តំណាងយើងរាល់គ្នា។ និក្ខមនំ ២៥:៩,៤០; ហេព្រើរ ៩:៨,២៣; ៨:៥; ៩:២៤។
រោងឧបោសថនៅស្ថានសួគ៌គឺជាគំរូដើមដ៏ធំ ឯរោងឧបោសថដែលបានសង់ដោយម៉ូសេ គឺជាការចម្លងពីគំរូដើមនោះឯង។ សោភណភាពនៃរោងឧបោសថនៅផែនដីបញ្ចាំងសិរីល្អនៃព្រះវិហារនៅស្ថានសួគ៌ដែលជាកន្លែងដែលព្រះគ្រីស្ទទ្រង់ធ្វើកិច្ចការសម្រាប់យើងរាល់គ្នានៅចំពោះបល្ល័ង្ករបស់ព្រះ។ សេចក្តីពិតដ៏សំខាន់ៗស្តីពីរោងឧបោសថនៅស្ថានសួគ៌ និងការប្រោសលោះរបស់មនុស្ស គឺត្រូវបានបង្រៀនដោយរោងឧបោសថនៅផែនដី និងយញ្ញកិច្ចនៃរោងឧបោសថនេះ។
បន្ទប់ទាំងពីរ
បន្ទប់បរិសុទ្ធទាំងពីរនៃរោងឧបោសថនៅស្ថានសួគ៌ គឺបានតំណាងដោយបន្ទប់ទាំងពីរក្នុងរោងឧបោសថនៅផែនដី។ ព្រះបានអនុញ្ញាតឱ្យយ៉ូហានឃើញព្រះវិហាររបស់ទ្រង់នៅឯស្ថានសួគ៌។ គាត់បានឃើញ «ចង្កៀងប្រាំពីរឆេះនៅពីខាងមុខបល្ល័ង្ក»។ គាត់បានឃើញទេវតាមួយ «កាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឱ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក»។ វិវរណៈ ៤:៥; ៨:៣។ ទីនេះ ហោរាបានឃើញបន្ទប់ទីមួយនៃរោងឧបោសថដែលនៅឯស្ថានសួគ៌ ព្រមទាំងបានឃើញ «ចង្កៀងប្រាំពីរឆេះ» និង «អាសនាមាស» ដែលតំណាងដោយជើងពានមាស និងអាសនានៃគ្រឿង ក្រអូបក្នុងរោងឧបោសថនៅផែនដី។
«មានគេបើកព្រះវិហារនៃព្រះ» ម្តងទៀត ហើយគាត់បានមើលទៅក្នុងទីបរិសុទ្ធបំផុតដែលនៅខាងក្រោយវាំងននទីពីរ។ នៅទីនេះ គាត់បានឃើញ «ហឹបសេចក្តីសញ្ញារបស់ទ្រង់» ដែលតំណាងដោយហឹបដែលលោកម៉ូសេបានធ្វើដើម្បីដាក់ក្រឹត្យវិន័យរបស់ព្រះ។ វិវរណៈ ១១:១៩។
ដូច្នេះអ្នកដែលសិក្សាកម្មវត្ថុនេះបានរកឃើញភ័ស្តុតាងថា មានរោងឧបោសថនៅស្ថានសួគ៌មែន។ ហោរាម៉ូសេបានសង់រោងឧបោសថនៅផែនដីដោយចម្លងតាមគំរូដែលព្រះប្រទានឱ្យគាត់។ សាវកប៉ុលបានបង្រៀនថា គំរូនោះគឺជារោងឧបោសថពិតដែលនៅឯស្ថានសួគ៌នោះឯង។ ហើយលោកយ៉ូហានបានធ្វើទីបន្ទាល់ថា គាត់បានឃើញរោងនោះនៅស្ថានសួគ៌។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤