ថ្ងៃច័ន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្តីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន។ រ៉ូម ៤:២០-២១
ការអង្វរកររបស់ព្រះគ្រីស្ទ
ការទូលអង្វររបស់ព្រះគ្រីស្ទជំនួសមនុស្សនៅក្នុងរោងឧបោសថខាងលើ គឺមានសារៈសំខាន់ដល់ផែនការសង្គ្រោះ ដូចជាជីវង្គតព្រះអង្គនៅលើឈើឆ្កាងដែរ។ ដោយជីវង្គតរបស់ព្រះអង្គទ្រង់បានចាប់ផ្តើមកិច្ចការដែលទ្រង់ បានយាងឡើងទៅបំពេញនៅស្ថានសួគ៌។ យើងត្រូវតែចូលទៅខាងក្នុងវាំងននដោយជំនឿ «ទ្រង់បានយាងចូលទៅជំនួសយើងរាល់គ្នាទុកដូចជាអ្នកនាំមុខ»។ ហេព្រើរ ៦:២០។ នៅទីនោះមានពន្លឺឆ្លុះចេញអំពីឈើឆ្កាង។ នៅទីនោះនឹងបានឃើញច្បាស់ជាងនូវអាថ៌កំបាំងនៃសេចក្តីសង្គ្រោះ។
«អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តី មេត្តាករុណាវិញ»។ សុភាសិន ២៨:១៣។ ប្រសិនបើអស់អ្នកដែលដោះសាកំហុសខ្លួន អាចឃើញនូវការដែលសាតាំងបានលូកលាន់ព្រះគ្រីស្ទដើម្បីពួកគេ នោះពួកគេនឹងលន់តួអំពើបាបខ្លួន ហើយវាក៏ដឹងថា បើយើងបណ្តោយខ្លួនតាមភាពកម្សោយរបស់យើងនោះ វានឹងបានឈ្នះហើយ។ ម៉្លោះហើយសាតាំងនៅតែស្វះស្វែងដោយឥតឈប់ឈរ ដើម្បីបញ្ឆោតពួកអ្នកដើរតាមព្រះគ្រីស្ទ ដោយប្រើទស្សនៈឧបាយកលដ៏សែនគ្រោះថ្នាក់ ថាពួកគេពុំអាចមានសមត្ថភាពនឹងទប់ទល់បានឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបញ្ជាក់ដល់ទាំងអស់គ្នាដែលដើរតាមទ្រង់ថា៖ «គុណរបស់ខ្ញុំល្មមដល់ឯងហើយ»។ «នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាលដែរ»។ កូរិនថូសទី២ ១២:៩; ម៉ាថាយ ១១:៣០។ សូមកុំឱ្យនរណាម្នាក់គិតថា មិនអាចកែភាពកម្សោយរបស់ខ្លួនបាននោះឡើយ។ ព្រះទ្រង់នឹងប្រទានជំនឿ និងព្រះគុណឱ្យអាចឈ្នះបាន។
យើងឥឡូវនេះកំពុងរស់នៅក្នុងថ្ងៃដ៏ធំនៃសេចក្តីប្រោសលោះ។ នៅពេលដែលសម្តេចសង្ឃកំពុងធ្វើការសណ្តោសប្រោសសម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់គ្នាត្រូវបានតម្រូវឱ្យមានការឈឺចិត្តផ្លាស់ប្រែពីអំពើបាប។ ក៏បែបដូច្នោះដែរ ទាំងអស់គ្នាដែលមានឈ្មោះរក្សាទុកនៅក្នុងបញ្ជីជីវិត ឥឡូវនេះគួរតែមានការឈឺចិត្តនៅចំពោះព្រះដោយការប្រែចិត្តពិតប្រាកដ។ ត្រូវតែមានចិត្តស្វែងរកដោយស្មោះត្រង់ ហើយជ្រាលជ្រៅ។ វិញ្ញាណរឡិករឡក់ដែលមនុស្សជាច្រើនមាននោះ ត្រូវតែលះបង់ចោល។ មានចម្បាំងដ៏ខ្លាំងក្លានៅចំពោះមុខអស់អ្នកដែលបង្ក្រាបនូវចំណង់អាក្រក់ដែលខ្នះខ្នែង រកអំណាចគ្រប់គ្រង។ ទាំងអស់គ្នាត្រូវតែឃើញថា «ឥតប្រឡាក់ឥតជ្រួញ ឬមានអ្វីដូច្នោះឡើយ»។ អេភេសូរ ៥:២៧។
នៅពេលនេះដែលសំខាន់ជាងគេទាំងអស់គឺ ព្រលឹងរាល់រូបគួរតែខំស្វែងរកការព្រមានដាស់តឿនរបស់ព្រះអង្គសង្រ្គោះ៖ «ចូរប្រុងប្រយ័ត្ន ឱ្យចាំយាមហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ»។ ម៉ាកុស ១៣:៣៣។
វាសនារបស់មនុស្សទាំងអស់ត្រូវបានសម្រេច
ពេលវេលាទុកឱ្យប្រែចិត្តនឹងត្រូវបញ្ចប់ក្នុងរយៈពេលខ្លីមួយ មុនការលេចមករបស់ព្រះអម្ចាស់នៅក្នុងពពកនៃឰដ៏ស្ថានសួគ៌។ ក្នុងការទន្ទឹងចាំពេលកំណត់នោះ ព្រះគ្រីស្ទបានមានបន្ទូលថា៖ «អ្នកណាដែលទុច្ចរិត ឱ្យអ្នកនោះនៅតែទុច្ចរិត អ្នកណាដែលស្មោកគ្រោក ឱ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឱ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឱ្យអ្នកនោះនៅតែបរិសុទ្ធដដែល មើលអញមកជាឆាប់ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឱ្យគ្រប់គ្នាតាមការដែលខ្លួនបានធ្វើ»។ វិវរណៈ ២២:១១,១២។
មនុស្សនឹងនាំគ្នាដាំដំណាំ ហើយសង់ផ្ទះ ស៊ីនិងផឹក ទាំងអស់គ្នាពុំបានដឹងខ្លួនថាសេចក្តីសម្រេចចុងក្រោយត្រូវបានប្រកាសនៅក្នុងរោងឧបោសថខាងលើនោះទេ។ នៅមុនទឹកជំនន់ បន្ទាប់ពីលោកណូអេបានចូលទៅក្នុងទូកធំ ព្រះទ្រង់បានបិទទុកគាត់នៅខាងក្នុង ហើយបិទឱ្យពួកគ្មានព្រះនៅខាងក្រៅ ប៉ុន្តែអស់រយៈកាល៧ថ្ងៃ មនុស្សម្នានៅតែបន្តជីវិតត្រេកត្រអាលរបស់ខ្លួន ព្រមទាំងចំអកឡកឡឺយដល់សេចក្តីព្រមាននៃការជំនុំជម្រះទៀតផង។ «ក៏នឹងមានដូច្នោះដែរ» ព្រះអង្គសង្គ្រោះមានបន្ទូល «កាលណាកូនមនុស្សមក»។ វេលាកំណត់នៃវាសនាមនុស្សគ្រប់រូបនឹងមកដល់យ៉ាងស្ងាត់ជ្រៀបដោយគ្មានចាប់ភ្លឹក ដូចចោរនៅកណ្តាលអធ្រាត្រដូច្នោះ។ «ដូច្នេះចូរ ចាំយាមចុះក្រែងលោលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់»។ ម៉ាថាយ ២៤:៣៩; ម៉ាកុស ១៣:៣៥,៣៦។
វរហើយអស់អ្នកដែលខ្សោះល្វើយក្នុងការចាំយាម រួចបែរទៅចាប់អារម្មណ៍ចំពោះលោកីយ៍វិញនោះ។ នៅពេលដែលពួកជំនួញកំពុងជក់ចិត្ត ស្វែងរកចំណេញ ពួកស្រឡាញ់តម្រេកកំពុងស្វែងរកបំពេញចំណង់ចិត្តខ្លួន ពួកស្រីៗដែលដេញតាមម៉ូដកំពុងរៀបចំពាក់គ្រឿងតុបតែងកាយ គឺអាចជាពេលនោះហើយដែលចៅក្រមនៃលោកីយ៍ទាំងមូលប្រកាសឡើងនូវសេចក្តីកាត់ទោសដែលថា «ត្រូវបានថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត»។ ដានីយ៉ែល ៥:២៧។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ ។ រ៉ូម ៥:១២