ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ។ រ៉ូម ៥:១
មនុស្សជាច្រើនឃើញការប្រព្រឹត្តនៃអំពើអាក្រក់ដែលមានសេចក្តីទុក្ខសោក និងសេចក្តីហិនវិនាស ហើយឆ្ងល់ថាតើការនេះអាចកើតមានដូចម្តេចបាន ក្រោមការគ្រប់គ្រងរបស់ព្រះដែលប្រកបដោយប្រាជ្ញា និងសេចក្តីស្រឡាញ់គ្មានទីបំផុតនោះ។ អ្នកដែលរមែងងឿងឆ្ងល់ តោងយក សេចក្តីនេះមកធ្វើជាលេសដើម្បីបដិសេធពាក្យពេចន៍នៃសំណេរបរិសុទ្ធ។ ទំនៀមទម្លាប់ និងការយល់ខុសបានធ្វើឱ្យសេចក្តីបង្រៀននៃព្រះគម្ពីរដែល ស្តីអំពីចរិតលក្ខណៈរបស់ព្រះ ពីរបៀបគ្រប់គ្រងរបស់ទ្រង់ និងពីគោលការណ៍នៃការដោះស្រាយអំពើបាបក្លាយទៅជាស្រពេចស្រពិលទៅវិញ។
យើងមិនអាចពន្យល់អំពីដើមចមនៃបាប ដើម្បីនឹងផ្តល់មូលហេតុឱ្យវាបានទាល់តែសោះ។ មានការយល់ដឹងតិចតួចណាស់ ស្តីពីដើមកំណើត និងការលៃលកចុងក្រោយបង្អស់នៃអំពើបាប ដើម្បីឱ្យឃើញច្បាស់នៃសេចក្តី យុត្តិធម៌ និងមេត្តាធម៌របស់ព្រះ។ ព្រះពុំមែនជាអ្នករ៉ាប់រងចំពោះអំពើបាបទេ ព្រោះគ្មានការដកព្រះគុណដ៏ពិសិដ្ឋតាមតែព្រះហឫទ័យទ្រង់ ក៏គ្មានភាពទន់ខ្សោយក្នុងការគ្រប់គ្រងដ៏ពិសិដ្ឋដែលបណ្តាលឱ្យមានការប្រឆាំងនោះដែរ។ បាបគឺជាការជ្រៀតចូលមួយដែលពុំអាចរកមូលហេតុឱ្យវត្តមានរបស់វាបានឡើយ។ បើដោះសា គឺការពារវាហើយ។ ប្រសិនបើរកការដោះសា នោះឃើញវានឹងលែងជាបាបទៀតហើយ។ អំពើបាបគឺជាគោលការមួយដែលទទឹងនឹងច្បាប់នៃសេចក្តីស្រឡាញ់ដែលជាគ្រឹះនៃការគ្រប់គ្រងដ៏ពិសិដ្ឋ។
មុននឹងមានសេចក្តីអាក្រក់ មានសន្តិសុខ និងអំណរទូទាំងពិភពសកល។ សេចក្តីស្រឡាញ់ដល់ព្រះគឺឧត្តុង្គឧត្តម ហើយសេចក្តីស្រឡាញ់ រវាងគ្នា និងគ្នា គឺមិនលំអៀងទៅខាងណាមួយឡើយ។ ព្រះគ្រីស្ទដែលជាព្រះរាជបុត្រតែមួយគត់របស់ព្រះ បានមានភាពតែមួយក្នុងនិស្ស័យ ក្នុងចរិតលក្ខណៈ និងក្នុងគោលបំណងជាមួយព្រះវរបិតាដ៏នៅអស់កល្ប ព្រោះទ្រង់ជាតួអង្គតែមួយដែលអាចចូលទៅក្នុងអស់ទាំងទីប្រឹក្សា និងគម្រោងការរបស់ព្រះ។ «ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅ ស្ថានសួគ៌...ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ»។ កូល៉ុស ១:១៦។
ច្បាប់នៃសេចក្តីស្រឡាញ់ គឺជាគ្រឹះនៃការគ្រប់គ្រងរបស់ព្រះ សុភមង្គលនៃអស់ទាំងទេវបុត្រដែលបានបង្កើតមក គឺអាស្រ័យទៅលើការស្របទៅតាមគន្លងធម៌នៃសេចក្តីសុចរិត។ ព្រះទ្រង់ពុំមានព្រះទ័យសោមនស្សក្នុងការបង្ខំឱ្យគេមានចិត្តស្មោះត្រង់មកកាន់ទ្រង់ទេ ហើយទ្រង់ប្រទានដល់គេទាំងអស់នូវសេរីភាពនៃទំនើងចិត្ត ប្រយោជន៍ឱ្យគេធ្វើតបមកទ្រង់វិញដោយការបម្រើស្ម័គ្រពីចិត្ត។
ប៉ុន្តែ មានម្នាក់បានសម្រេចចិត្តនឹងបង្វែរសេរីភាពនេះ។ បាបគឺបានកកើតឡើងដោយសារម្នាក់នោះឯងដែលបន្ទាប់ពីព្រះគ្រីស្ទ ព្រះប្រទានកិត្តិយសដល់វាខ្លាំងណាស់។ មុននឹងមានបាប លូស៊ីហ្វ័រជាចេរូប៊ីនគ្របបាំងទីមួយបរិសុទ្ធហើយឥតខ្ចោះ។ «ព្រះអម្ចាស់យេហូវ៉ាមានបន្ទូលដូច្នេះ ឯង ជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលម្អគ្រប់លក្ខណ៍។ ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ...។ ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើងឱ្យឯងបាននៅលើភ្នំបរិសុទ្ធ របស់ព្រះឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង។ ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងខ្លួនឯង...។ ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្តីលម្អរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯងដោយពន្លឺរស្មីរបស់ឯង។» «ឯងបានតាំងចិត្តឱ្យបានដូចជាព្រះហឫទ័យនៃព្រះ»។ «ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងតម្កើងបល្ល័ង្កអញឱ្យខ្ពស់ជាងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ...។ អញនឹងឡើងផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឱ្យបានដូចជាព្រះដ៏ខ្ពស់បំផុត»។ អេសេគាល ២៨:១២-១៧; ២៨:៦; អេសាយ ១៤:១៣,១៤។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ ។ រ៉ូម ៥:១២