ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក៣០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ។ ហេព្រើរ ១០:១១
អាថ៌កំបាំងនៃរោងឧបោសថត្រូវបានបកស្រាយ
«រោងឧបោសថពិត» នៅស្ថានសួគ៌ គឺជារោងឧបោសថនៃសេចក្តីសញ្ញាថ្មី។ នៅពេលព្រះគ្រីស្ទបានសុគត យញ្ញកិច្ចត្រូវបានចប់។ នៅពេលបទទំនាយក្នុងគម្ពីរដានីយ៉ែល ៨:១៤ បានសម្រេចក្នុងលំដាប់ពេលវេលានេះ ទីបរិសុទ្ធដែលសំដៅទៅនោះ គឺប្រាកដជាទីបរិសុទ្ធនៃសេចក្តីសញ្ញា ថ្មី។ ដូច្នេះបទទំនាយ «ដរាបបានកន្លង២៣០០ព្រឹកនិងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើង» គឺចង្អុលទៅទីបរិសុទ្ធនៅឯស្ថានសួគ៌ទេ។
ប៉ុន្តែ តើការសម្អាតទីបរិសុទ្ធនោះគឺជាអ្វីទៅ? តើមានអ្វីនៅស្ថានសួគ៌ដែលត្រូវលាងសម្អាតនោះ? នៅក្នុងគម្ពីរហេព្រើរជំពូក៩ ការសម្អាតរោងឧបោសថទាំងផែនដី និងស្ថានសួគ៌ គឺបានបង្រៀនយ៉ាងច្បាស់ថា៖ «ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឱ្យបានរួចពីបាបឡើយ។ ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសម្អាតដោយសាររបស់ទាំងនោះ [ឈាមសត្វ] តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសម្អាតដោយយញ្ញបូជាប្រសើរជាងទៅទៀត» (ហេព្រើរ ៩:២២,២៣) ពោលគឺព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទ។
ការសម្អាតទីបរិសុទ្ធ
ការសម្អាតក្នុងយញ្ញកិច្ចពិតប្រាកដត្រូវតែបានសម្រេចជាមួយនឹងព្រះលោហិតនៃព្រះគ្រីស្ទ។ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឱ្យបានរួចពីបាបឡើយ»។ ការលើកលែងទោស គឺជាការងារដែលនឹងត្រូវសម្រេច។
ប៉ុន្តែ ធ្វើម្តេចបានជាបាបមានការទាក់ទងជាមួយរោងឧបោសថនៅស្ថានសួគ៌កើត? ការនេះអាចយល់បានដោយយោងទៅលើនិមិត្តរូបនៃ យញ្ញកិច្ច ព្រោះពួកសង្ឃនៅផែនដីបានប្រារព្ធ «ជាគំរូ ហើយជាស្រមោលពីរបស់នៅស្ថានសួគ៌»។ ហេព្រើរ ៨:៥។
កិច្ចការនៃរោងឧបោសថនៅផែនដីមានពីរផ្នែក។ ពួកសង្ឃប្រកបការងាររាល់ថ្ងៃនៅក្នុងទីបរិសុទ្ធ ហើយក្នុងមួយឆ្នាំម្តងសង្ឃជាន់ខ្ពស់ធ្វើការថ្វាយយញ្ញបូជាធួននឹងបាបដ៏ពិសេសមួយនៅក្នុងទីបរិសុទ្ធបំផុត ដើម្បី លាងសម្អាតទីបរិសុទ្ធ។ រៀងរាល់ថ្ងៃអ្នកមានបាបដែលបានលន់តួប្រែចិត្តនាំតង្វាយរបស់ខ្លួន ហើយដាក់ដៃលើក្បាលសត្វដែលត្រូវសម្លាប់ រួចសារភាពអំពើបាបទាំងឡាយរបស់ខ្លួន។ ជានិមិត្តរូប គឺគេផ្ទេរបាបទាំងនោះពីខ្លួនទៅយញ្ញបូជាដែលឥតទោសសោះ។ សត្វនោះ បន្ទាប់មកត្រូវសម្លាប់។ «ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម»។ លេវីវិន័យ ១៧:១១។ ក្រឹត្យវិន័យរបស់ព្រះដែលត្រូវបានបំពានទាមទារជីវិតនៃអ្នកប្រព្រឹត្ត។ សង្ឃក៏យកឈាមសត្វដែលតំណាងជីវិតនៃអ្នកមានបាបចូលទៅក្នុងទីបរិសុទ្ធ ហើយ ប្រោះនៅមុខស្បៃ ដែលនៅខាងក្រោយនោះគឺជាក្រឹត្យវិន័យដែលអ្នកមានបាបបានប្រព្រឹត្តរំលង។ តាមពិធីនេះ បាបត្រូវបានចម្លងទៅក្នុងទីបរិសុទ្ធបំផុតជានិមិត្តរូប។ ក្នុងករណីខ្លះ គេពុំបានយកឈាមចូលទៅក្នុងទីបរិសុទ្ធទេ ប៉ុន្តែ សង្ឃត្រូវបរិភោគសាច់វាជាអាហារវិញ។ ពិធីទាំងពីរ ជានិមិត្តរូបអំពីការចម្លងបាបពីអ្នកលន់តួខ្លួនទៅក្នុងទីបរិសុទ្ធ។
កិច្ចការរបៀបនេះ បានបន្តទៅពេញមួយឆ្នាំជានិរន្តរ។ អំពើបាបនៃពួកអ៊ីស្រាអែលក៏ត្រូវបានចម្លងទៅក្នុងទីបរិសុទ្ធ ហើយឃើញថា ត្រូវការប្រារព្ធពិធីពិសេសដ៏ចាំបាច់មួយសម្រាប់យកបាបទាំងនោះចេញ។
ថ្ងៃបុណ្យធួននឹងបាបដ៏ធំ
មួយឆ្នាំម្តង នៅថ្ងៃបុណ្យធួននឹងបានដ៏ធំ សង្ឃបានចូលទៅទីបរិសុទ្ធបំផុត ដើម្បីសម្អាតទីបរិសុទ្ធ។ កូនពពែពីរត្រូវបាននាំមក ហើយគេក៏ចាប់ឆ្នោត «មួយសម្រាប់ព្រះយេហូវ៉ា មួយទៀតសម្រាប់បំបរបង់ទៅ»។ លេវីវិន័យ ១៦:៨។ ពពែសម្រាប់ព្រះវរបិតា គឺបានសម្លាប់ធ្វើជាតង្វាយបាបកម្មសម្រាប់ប្រជាជន ហើយសង្ឃត្រូវយកឈាមពពែទៅខាងក្នុងវាំងនន ហើយប្រោះទៅលើទីសន្តោសប្រោស និងលើអាសនានៃគ្រឿងក្រអូបនៅមុខវាំងនន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤