ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក៣១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ។ ហេព្រើរ ១០:១២
«រួចអុើរ៉ុនដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែលពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេចដើម្បីដឹកវាទៅឯទីរហោស្ថាន។ ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេលើខ្លួនចេញទៅ ឯទីតំបន់សូន្យស្ងាត់»។ លេវីវិន័យ ១៦:២១,២២។ ពពែនោះលែងមកជំរំនៃកូនចៅអ៊ីស្រាអែលទៀតឡើយ។
យញ្ញពិធីនេះត្រូវបានធ្វើឡើង ដើម្បីឱ្យសាសន៍អ៊ីស្រាអែលឃើញភាពបរិសុទ្ធរបស់ព្រះ និងការដែលទ្រង់ស្អប់ខ្ពើមអំពើបាប។ ជនរាល់រូបត្រូវបញ្ឈឺចិត្តក្នុងពេលដែលកិច្ចថ្វាយយញ្ញបូជាធួននឹងបាបនេះវិវឌ្ឍទៅមុខ។ អស់ទាំងជំនួញត្រូវផ្អាក ហើយពួកអ៊ីស្រាអែលត្រូវចំណាយពេលមួយថ្ងៃក្នុងការអធិស្ឋាន តមអាហារ និងឆ្លុះមើលចិត្តរបស់ខ្លួន។
សត្វដែលបានថ្វាយ ត្រូវបានទទួលជាយញ្ញបូជាជួសអ្នកមានបាប ប៉ុន្តែអំពើបាបពុំបានសាបសូន្យដោយឈាមនៃសត្វនោះឡើយ ពីព្រោះអំពើបាបនោះគឺគ្រាន់តែបានចម្លងទៅក្នុងទីបរិសុទ្ធប៉ុណ្ណោះ។ ដោយការថ្វាយ តង្វាយឈាម អ្នកមានបាបបានទទួលស្គាល់អំណាចនៃក្រឹត្យវិន័យ ហើយសារភាពអំពើល្មើសរបស់ខ្លួន និងសម្តែងជំនឿរបស់ខ្លួនក្នុងព្រះដ៏ជាអ្នកប្រោសលោះដែលនឹងមក ប៉ុន្តែ គេមិនទាន់បានរួចផុតពីការកាត់ទោសនៃ ក្រឹត្យវិន័យនៅឡើយទេ។ នៅថ្ងៃបុណ្យធួននឹងបាប សម្តេចសង្ឃក៏ចូលទៅក្នុងទីបរិសុទ្ធបំផុត បន្ទាប់ពីបានយកតង្វាយពីក្រុមជំនុំហើយ។ លោកប្រោះតង្វាយជាឈាមនេះ ទៅលើទីសន្តោសប្រោសចំពីលើក្រឹត្យវិន័យតែម្តង ដើម្បីឆ្លើយតបចំពោះការទាមទារនៃក្រឹត្យវិន័យ។ បន្ទាប់មក ក្នុងនាមជាអ្នកសម្រុះសម្រួល សម្តេចសង្ឃត្រូវទទួលយកអំពើបាបទាំងឡាយជួសអ្នកមានបាប ហើយនាំអំពើបាបនោះចេញពីរោងឧបោសថ។ ដោយដាក់ដៃទាំងពីរលើក្បាលពពែ ក្នុងនិមិត្តរូបសម្តេចសង្ឃផ្ទេរអស់ទាំងបាបកម្មទាំងនេះពីខ្លួនទៅពពែ។ ពពែក៏ត្រូវទទួលយកបាបទាំងនោះទៅឯទីឆ្ងាយ ហើយបាបទាំងនោះត្រូវបានចាត់ទុកថានឹងឃ្លាតចេញពីប្រជាជនរហូតតរៀងទៅ។
ភាពពិតនៃស្ថានសួគ៌
អ្វីដែលបានធ្វើជានិមិត្តរូបក្នុងយញ្ញកិច្ចនៃរោងឧបោសថនៅផែនដី គឺបានធ្វើពិតមែននៅក្នុងរោងឧបោសថនៅឯស្ថានសួគ៌។ បន្ទាប់ពីការយាងទៅលើ ព្រះអង្គសង្រ្គោះរបស់យើងបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ជាសង្ឃជាន់ខ្ពស់៖ «ព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភ័ក្ត្រនៃព្រះតំណាងយើងរាល់គ្នា»។ ហេព្រើរ ៩:២៤។
ការងាររបស់សង្ឃក្នុងបន្ទប់ទីមួយ (ដែលនៅខាងក្រោយវាំងននដែលញែកទីបរិសុទ្ធពីទីធ្លាខាងក្រៅ) គឺតំណាងការងារដែលព្រះគ្រីស្ទបានធ្វើ នៅ ពេលទ្រង់យាងទៅលើ។ កិច្ចការប្រចាំថ្ងៃរបស់សង្ឃត្រូវថ្វាយឈាមនៃ តង្វាយបាបកម្មដល់ព្រះ ព្រមទាំងថ្វាយផ្សែងក្រអូបដែលអណ្តែតទៅលើជាមួយនឹងសេចក្តីអធិស្ឋាននៃសាសន៍អ៊ីស្រាអែល។ ក៏ដូចគ្នានឹងព្រះគ្រីស្ទដែរ ទ្រង់យកលោហិតទ្រង់មកអង្វរនឹងព្រះវរបិតាជួសអ្នកមានបាប ហើយថ្វាយដល់ព្រះអង្គនូវក្លិនក្រអូបនៃសេចក្តីសុចរិតរបស់ទ្រង់ ជាមួយនឹងសេចក្តី អធិស្ឋាននៃអ្នកលន់តួប្រែចិត្ត។ នេះហើយជាសង្ឃកិច្ចក្នុងបន្ទប់ទីមួយនៃ រោងឧបោសថនៅស្ថានសួគ៌។
ពួកសាវករបស់ព្រះយេស៊ូវបានតម្រង់ជំនឿរបស់គេទៅទីនោះ នៅពេលទ្រង់យាងឡើងទៅលើ។ សេចក្តីសង្ឃឹមរបស់គេបានតាំងនៅលើ ចំណុចនេះឯង «សេចក្តីសង្ឃឹមនោះទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួនដែលចូលទៅខាងក្នុងវាំងននជាកន្លែងដែលព្រះយេស៊ូវយាងចូលទៅជំនួសយើងរាល់គ្នាទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសម្តេចសង្ឃ នៅអស់កល្បជានិច្ច»។ «ទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត មួយដងជាសម្រេច ទាំងមានសេចក្តីប្រោសលោះនៅអស់កល្បជានិច្ច ...ដោយយកព្រះលោហិតនៃអង្គទ្រង់វិញ»។ ហេព្រើរ ៦:១៩,២០; ៩:១២។
កិច្ចការនេះបានបន្តអស់រយៈ១៨សតវត្ស ក្នុងបន្ទប់ទីមួយនៃរោងឧបោសថនៅស្ថានសួគ៌។ ព្រះលោហិតនៃព្រះគ្រីស្ទ បានធានានូវការលើកទោស និងការព្រមទទួលជាមេត្រីនឹងព្រះវរបិតា ជួសអ្នកមានជំនឿដែលបានសោយសោកហើយកែប្រែខ្លួន តែអំពើបាបរបស់គេគឺនៅរក្សាក្នុងសៀវភៅកំណត់ហេតុនៅឡើយទេ។ ក៏ដូចគ្នានឹងយញ្ញកិច្ចដែលជានិមិត្តរូបតំណាងដែលមានកិច្ចថ្វាយយញ្ញបូជាធួននឹងបាបនៅចុងឆ្នាំដែរ មុននឹងកិច្ចការរបស់ព្រះគ្រីស្ទដែលធ្វើសម្រាប់មនុស្ស ត្រូវបានចប់សព្វគ្រប់ទៅ ក៏នឹងមានកិច្ចថ្វាយយញ្ញបូជាធួននឹងបាប សម្រាប់លុបអំពើបាបចេញពីទីបរិសុទ្ធដែរ។ ការនេះបានចាប់ផ្តើមនៅពេល២៣០០ថ្ងៃបានកន្លងផុតទៅ។ នៅពេលនោះ ព្រះដ៏ជាសម្តេចសង្ឃរបស់យើង ទ្រង់យាងចូលទៅទីបរិសុទ្ធបំផុតដើម្បីសម្អាតទីបរិសុទ្ធ។
កិច្ចវិនិច្ឆ័យ
នៅក្នុងសេចក្តីសញ្ញាថ្មី អំពើបាបនៃអ្នកលន់តួខ្លួនត្រូវដាក់ទៅលើព្រះគ្រីស្ទដោយជំនឿ ហើយក៏ផ្ទេរទៅឯរោងឧបោសថនៅស្ថានសួគ៌។ ហើយដូចជានិមិត្តរូបនៃការសម្អាតទីបរិសុទ្ធនៅផែនដីដែលត្រូវបានបង្គ្រប់កិច្ចដោយ ការយកចេញនូវបាបដែលធ្វើឱ្យកខ្វក់នោះ ការសម្អាតដ៏ពិតនៃទីបរិសុទ្ធនៅស្ថានសួគ៌ក៏បានបង្គ្រប់កិច្ចដោយការយកចេញ ឬការលុបចេញនៃបាបដែលបានកត់ទុកដូច្នោះដែរ។ ប៉ុន្តែ មុននឹងការនេះអាចសម្រេចបាន ត្រូវមានការពិនិត្យសៀវភៅកំណត់ហេតុ ដើម្បីរកឱ្យឃើញថា តើនរណាដែលធ្វើតាមការលន់តួ និងជំនឿក្នុងព្រះគ្រីស្ទ សមនឹងទទួលប្រយោជន៍នៃការថ្វាយយញ្ញបូជាធួននឹងបាបរបស់ទ្រង់។ ដូច្នេះ ការសម្អាតទីបរិសុទ្ធ មានទាក់ទង នឹងការសុើបអង្កេត ការជំនុំជម្រះមុននឹងព្រះគ្រីស្ទយាងមក ដ្បិតនៅពេល ទ្រង់យាងមក ទ្រង់យករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់រូប តាមការដែលគេបានធ្វើ។ វិវរណៈ ២២:១២។
ដូច្នេះអ្នកដែលដើរតាមពន្លឺនៃបទទំនាយ គេបានឃើញថា ជាជាងទ្រង់យាងមកផែនដីនៅទីបញ្ចប់នៃ២៣០០ថ្ងៃក្នុងឆ្នាំ១៨៤៤ ព្រះគ្រីស្ទបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតនៃរោងឧបោសថនៅស្ថានសួគ៌ ដើម្បីចាប់ផ្តើមធ្វើការថ្វាយយញ្ញបូជាធួននឹងបាបឱ្យបានចប់សព្វគ្រប់រៀបចំសម្រាប់ការយាងមករបស់ទ្រង់។
នៅពេលព្រះគ្រីស្ទយកបាបរបស់រាស្ត្រទ្រង់ចេញពីទីបរិសុទ្ធនៅឯស្ថានសួគ៌ ក្នុងពេលទ្រង់បញ្ចប់កិច្ចការរបស់ព្រះអង្គដោយសម្អាងព្រះលោហិតរបស់ទ្រង់នោះ ទ្រង់នឹងដាក់បាបទាំងឡាយទៅលើសាតាំង ដែលត្រូវទទួលពិន័យចុងក្រោយ។ ពពែត្រូវបានបញ្ជូនទៅទីរហោស្ថាន ហើយនិងលែងមកក្រុមជំនុំនៃអ៊ីស្រាអែលទៀតឡើយ។ ក៏ដូចគ្នានឹងសាតាំងដែរ វានឹងត្រូវបានបំបរបង់ចោលពីវត្តមានរបស់ព្រះ និងរាស្ត្រទ្រង់ ើយវានឹងត្រូវបានបាត់សូន្យក្នុងវិនាសកម្មចុងក្រោយនៃអំពើបាបរបស់អ្នកមានបាប។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤