ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង»។ ហេព្រើរ ១០:១៦
ព្រះគ្រីស្ទទទួលព្រះរាជនគរ
ការដែលព្រះគ្រីស្ទយាងទៅសម្អាតរោងឧបោសថក្នុងទីបរិសុទ្ធបំផុត ក្នុងព្រះនាមជាសម្តេចសង្ឃ (ដានីយ៉ែល ៨:១៤) ការដែលកូនមនុស្សយាង ទៅឯព្រះដ៏មានព្រះជន្មពីបុរាណ (ដានីយ៉ែល ៧:១៣) និងការដែលព្រះអម្ចាស់យាងទៅឯព្រះវិហាររបស់ទ្រង់ (ម៉ាឡាគី ៣:១១) គឺជាព្រឹត្តិការណ៍តែមួយទេ។ ការនេះក៏បានតំណាងដោយការដែលកូនកំឡោះអញ្ជើញទៅរៀបមង្គលការ ក្នុងរឿងប្រៀបធៀបនៃស្ត្រីព្រហ្មចារីដប់នាក់ក្នុងគម្ពីរម៉ាថាយ ជំពូក២៥ដែរ។
ក្នុងរឿងប្រៀបធៀបនោះ នៅពេលកូនកំឡោះមកដល់ «ពួកនាងដែលបម្រុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា»។ ការអញ្ជើញមកដល់នៃកូនកំឡោះ គឺកើតមានឡើងមុនមង្គលការ។ មង្គលការគឺតំណាងព្រះ គ្រីស្ទទទួលព្រះរាជនគររបស់ទ្រង់។ ទីក្រុងបរិសុទ្ធ ក្រុងយេរូសាឡិមថ្មី រដ្ឋធានីនៃនគរ និងអ្នកតំណាងនគរ គឺត្រូវបានហៅថា «ប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម»។ ទេវតាបានមានបន្ទូលទៅយ៉ូហានថា៖ «ចូរមកឯ ណេះ ខ្ញុំនឹងបង្ហាញអ្នកឱ្យឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម»។ «នោះក៏ទេវតានាំវិញ្ញាណខ្ញុំ» ហោរាមានប្រសាសន៍ «បង្ហាញខ្ញុំឱ្យឃើញទីក្រុងបរិសុទ្ធគឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌មកអំពីព្រះ»។ វិវរណៈ ២១:៩,១០។
ប្រពន្ធថ្មោងថ្មី គឺតំណាងទីក្រុងបរិសុទ្ធ ហើយស្រ្តីព្រហ្មចារីដែលចេញទៅជួបប្តី គឺជានិមិត្តរូបនៃក្រុមជំនុំ។ នៅក្នុងសេចក្តីបើកសម្តែងរាស្ត្ររបស់ព្រះដែលនៅឯរោងការ គឺត្រូវបានហៅថាជាភ្ញៀវ។ ប្រសិនបើគេជាភ្ញៀវ គេពុំអាចជាប្រពន្ធបានទេ។ នៅស្ថានសួគ៌ ព្រះគ្រីស្ទនឹងទទួលពីព្រះដ៏មានព្រះជន្មពីបុរាណនូវ «អំណាចគ្រប់គ្រង និងសិរីល្អព្រមទាំងរាជ្យ» ដែលជាក្រុងយេរូសាឡិមថ្មី ជារដ្ឋធានីនៃនគរទ្រង់ «តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី»។ ដានីយ៉ែល ៧:១៤; វិវរណៈ ២១:២។ បន្ទាប់ពី បានទទួលនគរហើយ ទ្រង់នឹងយាងមកក្នុងនាមជាស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើព្រះអម្ចាស់ សម្រាប់រំដោះរាស្ត្រទ្រង់ឱ្យមកចូលរួមក្នុងការបរិភោគការនៃកូនចៀម។
ការរង់ចាំព្រះអម្ចាស់របស់ខ្លួន
សេចក្តីប្រកាស «នែ ប្តីមកហើយ» បានធ្វើឱ្យមនុស្សរាប់ពាន់នាក់រំពឹងចាំការយាងមកយ៉ាងភ្លាមៗនៃព្រះអម្ចាស់។ នៅពេលកំណត់ កូនកំឡោះក៏មកដល់ ពុំមែនមកផែនដីទេ តែមកឯព្រះដ៏មានព្រះជន្មពីបុរាណនៅស្ថានសួគ៌ឯនោះវិញ គឺមកឯអាពាហ៍ពិពាហ៍ដែលជាការទទួលនគររបស់ទ្រង់។ «ពួកនាងដែលបម្រុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា»។ គេមិនត្រូវអញ្ជើញទៅក្នុងភាពជារូបសាច់ទេ ព្រោះគេនៅផែនដី។ គ្រីស្ទបរិស័ទត្រូវរង់ចាំចៅហ្វាយខ្លួនត្រឡប់ពីបរិភោគការវិញ។ លូកា ១២:៣៦។ ប៉ុន្តែ គេត្រូវយល់កិច្ចការរបស់ទ្រង់ ហើយដើរតាមទ្រង់ដោយជំនឿ។ ក្នុងន័យនេះហើយដែលហៅថាចូលទៅរៀបមង្គលការនោះ។
នៅក្នុងរឿងប្រៀបធៀប អ្នកដែលមានប្រេងក្នុងចង្កៀងបានចេញទៅរៀបមង្គលការ។ អ្នកដែលនៅក្នុងរាត្រីនៃការសាកល្បងដ៏ជូរចត់ដែលបានរង់ចាំដោយអត់ធ្មត់ ហើយសិក្សាព្រះគម្ពីរ ដើម្បីឱ្យភ្លឺច្បាស់ថែមទៀត នោះបានឃើញសេចក្តីពិតស្តីពីរោងឧបោសថនៅឯស្ថានសួគ៌ និងការផ្លាស់ប្តូរកិច្ចការរបស់ព្រះអង្គសង្គ្រោះ។ ដោយជំនឿ គេបានដើរតាមទ្រង់ក្នុងកិច្ចការរបស់ទ្រង់ ក្នុងរោងឧបោសថដែលនៅឯលើ។ ហើយអស់អ្នកដែលបានទទួលសេចក្តីពិតដូចគ្នានេះ ចូលទៅក្នុងរោងការដោយដើរតាមព្រះគ្រីស្ទ ដោយជំនឿ នៅពេលទ្រង់ប្រព្រឹត្តការងារចុងក្រោយនៃការសម្រុះសម្រួល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥