ថ្ងៃច័ន្ទ ទី៩​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តា ជំពួក៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្តី​ក្លៀវក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយសារ​ព្រះលោហិត​នៃ​ព្រះយេស៊ូវ។ ហេព្រើរ ១០:១៩

កិច្ចការបញ្ចប់ក្នុងរោងឧបោសថ

ក្នុងរឿងប្រៀបធៀបនៃម៉ាថាយជំពូក២២ ការជំនុំជម្រះបានកើតឡើងមុនពិធីរៀបការ។ មុននឹងប្រារព្ធពិធីរៀបមង្គលការ ព្រះមហាក្សត្រយាងមកទតមើលថាតើភ្ញៀវទាំងអស់ស្លៀកពាក់សំលៀកបំពាក់ការហើយឬនៅ ដែលជាសំលៀកបំពាក់ដ៏ឥតប្រឡាក់នៃចរិត លាងដោយព្រះលោហិតរបស់កូនចៀម។ វិវរណៈ ៧:១៤។ អស់អ្នកណាដែលត្រូវបានពិនិត្យទៅឃើញថាបានពាក់សំលៀកបំពាក់ការហើយ គឺត្រូវបានអនុញ្ញាតឱ្យចូល ហើយរាប់ថាសមនឹងទទួលចំណែកមួយក្នុងនគររបស់ព្រះ ព្រមទាំងមានកន្លែងអង្គុយមួយលើបល្ល័ង្កទ្រង់ទៀតផង។ កិច្ចការនៃការពិនិត្យចរិតលក្ខណៈនេះ គឺជាការវិនិច្ឆ័យទោសដោយសុើបអង្កេតដែលជាកិច្ចការបញ្ចប់ក្នុងរោងឧបោសថនៅឯលើ។

នៅពេលក្តីទាំងឡាយនៃអ្នកដែលបានជឿស្មោះត្រង់ដល់ព្រះគ្រីស្ទក្នុងគ្រប់សម័យមកហើយ ត្រូវបានពិនិត្យ និងសម្រេចសេចក្តីហើយនោះ ពេលទុកឱ្យប្រែចិត្តនឹងត្រូវបិទ ហើយទ្វារនៃសេចក្តីមេត្តាករុណាក៏នឹងត្រូវបិទដែរ។ ដូច្នេះ ក្នុងប្រយោគដ៏ខ្លីមួយនេះ «ពួកនាងដែលបានបម្រុងរួចជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ» គឺជាការនាំយើងឱ្យឃើញពេលសម្រេចកិច្ចការដ៏ធំអស្ចារ្យឱ្យបានចប់សព្វគ្រប់សម្រាប់សេចក្តីសង្គ្រោះរបស់មនុស្ស។

នៅក្នុងរោងឧបោសថនៅផែនដី នាពេលសម្តេចសង្ឃចូលទៅក្នុងទីបរិសុទ្ធបំផុតនៅថ្ងៃលោះបាបនោះ ការងារក្នុងបន្ទប់ទីមួយត្រូវផ្អាក។ ដូច្នេះ នៅពេលព្រះគ្រីស្ទបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត ដើម្បីបញ្ចប់កិច្ចការនៃការលោះបាបនោះ ទ្រង់បានបញ្ឈប់កិច្ចរបស់ទ្រង់ក្នុងបន្ទប់ទីមួយហើយ។ បន្ទាប់មក កិច្ចការក្នុងបន្ទប់ទីពីរក៏បានចាប់ផ្តើម។ ព្រះគ្រីស្ទបានសម្រេចកិច្ចការរបស់ទ្រង់តែមួយផ្នែកគត់ក្នុងនាមជាអ្នកអង្វរករ ហើយឥឡូវនឹងចាប់ផ្តើមកិច្ចការមួយផ្នែកទៀត។ ទ្រង់នៅតែអង្វរដោយអាងព្រះលោហិតទ្រង់នៅចំពោះព្រះវរបិតាជួសអ្នកមានបាបទាំងឡាយដដែល។

ជាការពិតមួយ គឺថា នៅពេលទ្វារនៃសេចក្តីសង្ឃឹម និងធម៌មេត្តាដែលមនុស្សបានចេញចូលទៅឯព្រះអស់រយៈ១៨០០ឆ្នាំ បានបិទទៅ ទ្វារមួយទៀតបានបើកឡើង។ ការអត់ទោសនៃអំពើបាបគឺត្រូវបានថ្វាយតាមរយៈនៃការអង្វរកររបស់ព្រះគ្រីស្ទក្នុងទីបរិសុទ្ធបំផុត។ នៅកន្លែងដែលព្រះគ្រីស្ទប្រកបកិច្ចជាសង្ឃជួសអ្នកមានបាបមាន «ទ្វារបើក» ចូលទៅរោងឧបោសថដែលនៅឯស្ថានសួគ៌ដដែល។

ឥឡូវនេះ អត្ថន័យនៃព្រះបន្ទូលទាំងនោះរបស់ព្រះគ្រីស្ទ ក្នុងការបើកសម្តែង ដែលសំដៅមកពេលបច្ចុប្បន្ននេះត្រូវបានលាតឱ្យឃើញហើយ ៖ «ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដដែលទ្រង់កាន់កូនសោរបស់ហ្លួង ដាវីឌដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ហើយគ្មានអ្នកណាបើក បាន...មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ»។ វិវរណៈ ៣:៧,៨។

អ្នកដែលដើរតាមព្រះយេស៊ូវដោយជំនឿក្នុងកិច្ចការដ៏ធំនៃការលោះ បាបបានទទួលលទ្ធផលនៃការសម្រុះសម្រួលរបស់ទ្រង់ ហើយអ្នកដែលបដិសេធពន្លឺ គឺពុំបានផលប្រយោជន៍អ្វីពីការនោះឡើយ។ ពួកជូវដែលមិនព្រមជឿដល់ព្រះគ្រីស្ទថាជាព្រះអង្គសង្គ្រោះ នឹងពុំអាចទទួលការលើកលែងទោសពីទ្រង់បានឡើយ។ នៅពេលព្រះយេស៊ូវបានយាងទៅលើ ហើយចូលទៅក្នុងរោងឧបោសថនៅស្ថានសួគ៌ ដើម្បីចែកចាយព្រះពរនៃការសម្រុះសម្រួលរបស់ទ្រង់ដល់ពួកសាវ័ក ពួកជូវត្រូវបានទុកនៅក្នុងភាពងងឹតសូន្យឈឹង ឱ្យនៅប្រារព្ធពិធីធ្វើយញ្ញបូជា និងថ្វាយតង្វាយឥតប្រយោជន៍របស់ខ្លួន។ ទ្វារដែលមនុស្សបានចេញចូលទៅឯព្រះកាលពីមុននោះលែងបើកទៀតហើយ។ ពួកជូវបានបដិសេធមិនព្រមរកទ្រង់តាមផ្លូវតែមួយដែល អាចរកទ្រង់ឃើញ ពោលគឺតាមរយៈរោងឧបោសថនៅស្ថានសួគ៌។

ពួកជូវដែលមិនជឿបង្ហាញពីការខ្ជីខ្ជា និងការមិនជឿក្នុងចំណោមពួកអះអាងថាជាអ្នកគ្រីស្ទានដែលជម្នះធ្វើមិនដឹងអំពីកិច្ចការនៃសម្តេចសង្ឃរបស់យើង។ ក្នុងយញ្ញកិច្ចដែលជានិមិត្តរូប នៅពេលសម្តេចសង្ឃចូលទៅទីបរិសុទ្ធបំផុតនោះ អស់ទាំងសាសន៍អ៊ីស្រាអែលត្រូវមកជួបជុំគ្នានៅជុំវិញរោងឧបោសថ ហើយបន្ទាបខ្លួននៅចំពោះព្រះ ដើម្បី​ឱ្យគេបានទទួលការលើកលែងបាប និងដើម្បីកុំឱ្យគេបាន «កាត់ចេញ» ពីក្រុមជំនុំ។ តើសំខាន់ប៉ុនណាទៅ ក្នុងថ្ងៃលោះបាបពិតៗនេះ បើយើងយល់កិច្ចការនៃសម្តេចសង្ឃរបស់យើង និងដឹងពីភារកិច្ចដែលយើងត្រូវធ្វើនោះ?

ដំណឹងមួយត្រូវបានផ្ញើពីស្ថានសួគ៌ ទៅពិភពលោកក្នុងជំនាន់លោក ណូអេ ហើយសេចក្តីសង្គ្រោះរបស់គេបានអាស្រ័យទៅលើរបៀបដែលគេ តបទៅនឹងដំណឹងនោះ។ លោកុប្បត្តិ ៦:៦-៩; ហេព្រើរ ១១:៧។ ក្នុងជំនាន់ក្រុងសូដុំម គ្រប់គ្នាត្រូវបានស្លាប់ដោយភ្លើងធ្លាក់មកពីស្ថានសួគ៌លើកលែងតែលោកឡុត ប្រពន្ធគាត់ និងកូនស្រីពីរនាក់របស់គាត់ប៉ុណ្ណោះ (លោកុប្បត្តិ ១៩)។ នៅជំនាន់ព្រះគ្រីស្ទក៏ដូច្នោះដែរ។ ព្រះរាជបុត្ររបស់ព្រះបានមានព្រះបន្ទូលដល់សាសន៍ជូវដែលមិនជឿថា៖ «ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឱ្យឯង»។ ម៉ាថាយ ២៣:៣៨។ មើលទៅជំនាន់ចុងក្រោយវិញ ស្តីពីអ្នកដែល «មិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឱ្យគេបានសង្គ្រោះនោះ» ព្រះដ៏មានឥទ្ធិឫទ្ធិគ្មានទីបំផុតដដែលនោះថ្លែងថា៖ «ហេតុនោះបានជាព្រះទ្រង់នឹងឱ្យសេចក្តីខុសឆ្គងមកបណ្តាលឱ្យគេជឿតាមសេចក្តីភូតភរវិញ»។ ថែស្សាឡូនីចទី២ ២:១០,១១។ នៅពេលគេបដិសេធសេចក្តីបង្រៀននៃព្រះបន្ទូលទ្រង់ ព្រះនឹងដកព្រះវិញ្ញាណរបស់ទ្រង់ចេញ ហើយទុកឱ្យគេស្ថិតនៅក្នុងក្តីបោកបញ្ឆោតដែលគេស្រឡាញ់នោះទៅ។ ប៉ុន្តែ ព្រះគ្រីស្ទនៅតែអង្វរជួសមនុស្សលោកដដែល ហើយពន្លឺនឹងត្រូវបានប្រទានឱ្យអ្នកណាដែលស្វែងរក។

ក្នុងការឆ្លងកាត់ពេលវេលាក្នុងឆ្នាំ១៨៤៤ ឃើញមានកើតទុក្ខលំបាកជាខ្លាំងដល់អ្នកដែលកាន់ជំនឿនិវត្តន៍។ ការសម្រាលចិត្តតែមួយគត់របស់គេ គឺពន្លឺដែលតម្រង់គំនិតរបស់គេទៅឯរោងឧបោសថនៅឯលើ។ នៅពេលគេរង់ចាំហើយអធិស្ឋាន គេបានឃើញថាសម្តេចសង្ឃរបស់ខ្លួនបានយាងចូលធ្វើកិច្ចការមួយទៀត។ ដោយដើរតាមទ្រង់ដោយជំនឿ គេបានឃើញកិច្ចការបញ្ចប់នៃក្រុមជំនុំផងដែរ។ គេបានយល់ច្បាស់ជាងមុននូវដំណឹងនៃទេវតាទីមួយ និងទីពីរ ហើយចាំតែទទួលហើយផ្សាយដល់ពិភពលោកអំពីការព្រមានដ៏ម៉ឺងម៉ាត់នៃទេវតាទីបីនៃវិវរណៈជំពូក១៤។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផងតាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។ ហេព្រើរ ១០:២៥

Powered by CAM