ថ្ងៃពុធ ទី១​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ក៏​ដោយសារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះគុណនេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្តី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្តី​សង្ឃឹម​ដល់​សិរីល្អ​នៃ​ព្រះ​ផង។ រ៉ូម ៥:២

ដោយច្រណែនកិត្តិយសដែលព្រះវរបិតាបានប្រទានដល់ព្រះរាជបុត្រារបស់ទ្រង់ មេពួកទេវតានេះបានប្រាថ្នាចង់កាន់អំណាចដែលមាន តែព្រះគ្រីស្ទមួយគត់មានសិទ្ធិកាន់កាប់។ សូរស័ព្ទនៃសំឡេងខុសចង្វាក់មួយបានបង្ខូចការប្រគុំដ៏រងំនៃស្ថានសួគ៌។ ការលើកតម្កើងខ្លួនបានពញ្ញាក់ស្មារតីនៃពពួកទេវបុត្រដែលពោរពេញដោយសិរីល្អដ៏ឧត្តុង្គឧត្តមរបស់ព្រះ ឱ្យដឹងពីប្រផ្នូលនៃសេចក្តីអាក្រក់។ ក្រុមប្រឹក្សានៃស្ថានសួគ៌បានអង្វរលូស៊ីហ្វ័រ។ ព្រះរាជបុត្រារបស់ព្រះបានបង្ហាញលូស៊ីហ្វ័រនូវសេចក្តីល្អ និងសេចក្តីយុត្តិធម៌នៃព្រះអាទិករ និងនិស្ស័យបរិសុទ្ធនៃក្រឹត្យវិន័យរបស់ទ្រង់។ បើងាកចេញវិញលូស៊ីហ្វ័រនឹងបង្អាប់កិត្តិយសនៃអ្នកបង្កើតខ្លួន ហើយនឹងនាំឱ្យមានក្តីអន្តរាយដល់ខ្លួនទៀតផង។ ប៉ុន្តែ ការព្រមានបានគ្រាន់តែបណ្តាលឱ្យមានសេចក្តីរឹងទទឹងឡើងថែមទៀត។ លូស៊ីហ្វ័របានអនុញ្ញាតឱ្យសេចក្តីច្រណែននឹងព្រះគ្រីស្ទរាលដាលឡើងរហូតដល់ទប់លែងបាន។

ចិត្តធំរបស់វាបានបំប៉នឱ្យមានសេចក្តីប្រាថ្នាចង់បានឧត្តមភាព។ កិត្តិយសខ្ពង់ខ្ពស់ដែលត្រូវបានប្រទានឱ្យលូស៊ីហ្វ័រ ពុំបានទទួលមកវិញនូវការសងគុណដល់ព្រះអាទិករទេ។ លូស៊ីហ្វ័រចង់បានស្មើនឹងព្រះខ្លាំងណាស់។ តែគេទទួលស្គាល់គ្រប់គ្នាថា ព្រះរាជបុត្រានៃព្រះគឺជាព្រះមហាក្សត្រនៃស្ថានសួគ៌ដែលទ្រង់មានភាពតែមួយក្នុងឫទ្ធិអំណាចជាមួយនឹងព្រះវរបិតា។ ក្នុងអស់ទាំងទីប្រឹក្សារបស់ព្រះ ព្រះគ្រីស្ទជាអ្នកចូលរួមមួយដែរ ប៉ុន្តែ លូស៊ីហ្វ័រពុំបានអនុញ្ញាតឱ្យចូលក្នុងរឿងរ៉ាវនៃគម្រោងការរបស់ព្រះទេ។ «ហេតុអ្វី» ទេវតាដ៏ខ្លាំងពូកែបានសួរ «បានជាព្រះគ្រីស្ទត្រូវមានឧត្តមភាព? ហេតុអ្វីបានជាទ្រង់មានកិត្តិយសលើលូស៊ីហ្វ័រ?»

ភាពមិនស្កប់ចិត្តក្នុងចំណោមពពួកទេវតា

ចេញពីវត្តមានរបស់ព្រះ លូស៊ីហ្វ័របានទៅបន្សុសបន្សាយភាពមិនស្កប់ចិត្ត ក្នុងចំណោមពពួកទេវតា។ ដោយសេចក្តីសម្ងាត់យ៉ាងខ្លាំង និងដោយការលាក់គោលបំណងពិតប្រាកដរបស់ខ្លួន ដើម្បីធ្វើឱ្យមើលទៅដូចជាទេវបុត្រនៃស្ថានសួគ៌ដោយប្រាប់គេថា ក្រឹត្យវិន័យធ្វើឱ្យមានការទើសទាល់ដែលមិនចាំបាច់។ ដោយនិស្ស័យរបស់គេជាបរិសុទ្ធ លូស៊ីហ្វ័របានថ្លែងថា ពួកទេវតាគួរស្តាប់តាមសេចក្តីបញ្ជានៃទំនើងចិត្តរបស់ខ្លួនវិញ។ ព្រះបានប្រព្រឹត្តដល់លូស៊ីហ្វ័រដោយអយុត្តិធម៌ក្នុងការប្រទានកិត្តិយសដ៏ឧត្តមឱ្យព្រះគ្រីស្ទ។ លូស៊ីហ្វ័របានអះអាងថា ខ្លួនមិនមែនតម្រង់ទៅរកការតម្កើងខ្លួនឯងទេ ប៉ុន្តែចង់បានសេរីភាពសម្រាប់អស់ទាំងអ្នកដែលរស់នៅក្នុងស្ថានសួគ៌ឱ្យបានជាស្ថាពរ ប្រយោជន៍ឱ្យគេអាចទទួលភាពខ្ពង់ខ្ពស់ជាងនេះទៅទៀត។

ព្រះទ្រង់បានស៊ូទ្រាំជាមួយនឹងលូស៊ីហ្វ័រ។ លូស៊ីហ្វ័រពុំបានធ្លាក់ពីតំណែងខ្ពស់ទេ សូម្បីតែនៅពេលមានការចាប់ផ្តើមសម្តែងការអះអាងមិនពិតដល់ពួកទេវតាក៏ដោយ។ ម្តងហើយម្តងទៀត ព្រះបានផ្តល់ឱកាសឱ្យលូស៊ីហ្វ័របានរួចពីទោស ប្រសិនបើលន់តួហើយចុះចូល។ មានតែការខិតខំស្រឡាញ់ដ៏គ្មានទីបំផុតទេ ទើបអាចធ្វើគម្រោងការដើម្បីបញ្ជាក់ថាលូស៊ីហ្វ័រខុសបាន។ ភាពមិនស្កប់ពុំដែលមាននៅស្ថានសួគ៌ពីមុនឡើយ។ លូស៊ីហ្វ័រផ្ទាល់ក៏ពុំបានយល់ប្រភេទពិតប្រាកដនៃអារម្មណ៍របស់ខ្លួនដែរ។ នៅពេលការមិនពេញចិត្តត្រូវបានបញ្ជាក់ថាគ្មានដើមហេតុនោះ លូស៊ីហ្វ័របានដឹងច្បាស់ណាស់ថា សេចក្តីអះអាងរបស់ព្រះ គឺយុត្តិធម៌ហើយគួរតែប្រាប់ដល់អស់ទាំងស្ថានសួគ៌។ បើបានធ្វើដូច្នេះ នោះប្រហែលជាជួយសង្គ្រោះខ្លួនឯង និងទេវតាជាច្រើនទៀតផង។ ប្រសិនបើ លូស៊ីហ្វ័រសុខចិត្តត្រឡប់មកព្រះវិញ នោះនឹងត្រូវបានតំណែងវិញ។ ប៉ុន្តែ ការប្រកាន់ឫកធំបានឃាំងមិនឱ្យវាចុះចូល។ លូស៊ីហ្វ័រនៅតែអះអាងថាខ្លួនឥតត្រូវការលន់តួ ហើយក៏ដាក់ខ្លួនទាំងស្រុងទៅក្នុងមហាវិវាទទាស់នឹងព្រះដែលជាអ្នកបង្កើតខ្លួន។

អស់ទាំងអំណាចនៃគំនិតវាងវៃរបស់វា ឥឡូវត្រូវបានបត់បែនទៅរកសេចក្តីបញ្ឆោតដើម្បីទាញអារម្មណ៍នៃពួកទេវតា។ សាតាំងបានលើកឡើងថា គេបានគិតស្មានខុសពីខ្លួន ហើយគេបានផ្តាច់សេរីភាពរបស់ខ្លួនផង។ បន្ទាប់ពីបានបំផ្លើសព្រះបន្ទូលរបស់ព្រះគ្រីស្ទ ហើយវាមួលបង្កាច់ថែមទៀតដោយចោទព្រះរាជបុត្រារបស់ព្រះ ថាបានបង្កើតវាមកឱ្យអាម៉ាស់មុខនៅចំពោះមុខទេវបុត្រនៃស្ថានសួគ៌។

អស់អ្នកដែលវាមិនអាចទាញមកខាងវាបាន វាចោទពួកគេថា មិនរវល់នឹងរឿងរ៉ាវរបស់ពួកទេវបុត្រ។ វានិយាយបំផ្លើសព្រះអាទិករតែម្តង។ ក្បួនរបស់វាគឺដើម្បីធ្វើឱ្យពួកទេវតាមានចិត្តស្មុគស្មាញ ដោយប្រើការវែកញែកដ៏ប៉ិនប្រសប់ ស្តីពីគោលបំណងរបស់ព្រះ។ អ្វីៗដែលងាយស្រួល វាបានគ្របបាំងដោយអាថ៌កំបាំង វាបានពិចារណាឆ្ងល់ពាក្យដ៏ស្រួលយល់របស់ព្រះ ដោយការបង្វែរបង្វិលយ៉ាងប៉ិនប្រសប់។ តំណែងខ្ពង់ខ្ពស់របស់វាបានធ្វើឱ្យវាកាន់តែមានអំណាចខ្លាំងឡើង។ មានភាគច្រើនត្រូវបានវាលោមបញ្ឆោតឱ្យរួមសហការជាមួយវាក្នុងការប្រឆាំង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាលដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ។ រ៉ូម ៥:១២

Powered by CAM