ថ្ងៃសុក្រ ទី១០​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣២) ​

របៀបយកជ័យជម្នះលើសាតាំង

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។ ហេព្រើរ ១១:១២

មហាវិវាទរវាងព្រះគ្រីស្ទ និងសាតាំងនឹងត្រូវចប់ក្នុងពេលបន្តិចទៀត ហើយអាមេទុច្ចរិតខំប្រឹងប្រើកម្លាំងមួយជាពីរ ដើម្បីជម្នះកិច្ចការដែលព្រះគ្រីស្ទធ្វើសម្រាប់មនុស្ស។ កម្មវត្ថុដែលវាចង់បានសម្រេចនោះ​ គឺដើម្បីក្តោបក្តាប់ប្រជាជនក្នុងភាពងងឹត និងភាពរឹងរូសរហូតដល់ការសម្រុះសម្រួលរបស់ព្រះអង្គសង្រ្គោះត្រូវបានបញ្ចប់។ កាលណាមានសេចក្តីមិនអើពើក្នុងព្រះវិហារ សាតាំងវាមិនខ្វល់អ្វីឡើយ។ ប៉ុន្តែ នៅពេលមនុស្សសួរថា «តើឱ្យខ្ញុំធ្វើដូចម្តេចដើម្បីឱ្យបានសង្គ្រោះ?» នោះវាចាំក្នុងសៃវៀនហើយជាស្រេច ដើម្បីប្រើអំណាចរបស់វាមកប្រកួតនឹងព្រះគ្រីស្ទ ហើយទប់ទល់នឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ។

មានពេលមួយ នៅពេលពួកទេវតាបានយាងមកគាល់ព្រះវរបិតា សាតាំងក៏បានមកជាមួយពួកគេផងដែរ តែមិនមែនមកឱនគោរពព្រះមហាក្សត្រដ៏មាននៅអស់កល្បជានិច្ចទេ គឺមកដើម្បីគ្រោងគម្រោងការនៃសេចក្តីព្យាបាទរបស់វាទាស់នឹងអ្នកសុចរិតថែមទៀត។ សូមអានយ៉ូប ១:៦។ នៅពេលមនុស្សប្រជុំគ្នាថ្វាយបង្គំព្រះ វាក៏នៅទីនោះដែរ ខិតខំធ្វើការយ៉ាងស្វាហាប់ ដើម្បីគ្រប់គ្រងចិត្តគំនិតអ្នកក្រាបថ្វាយបង្គំទាំងឡាយ។ នៅពេលវាឃើញអ្នកនាំសាររបស់ព្រះបើករកបទគម្ពីរ វាកត់សម្គាល់មេរៀនដែលនឹងត្រូវអធិប្បាយ។ បន្ទាប់មកវាប្រើល្បិច និងប្រាជ្ញាដ៏ប៉ិនប្រសប់របស់វា ដើម្បីធ្វើកុំឱ្យដំណឹងនោះបានឮទៅដល់អ្នកដែលវាកំពុងបំភាន់។ អ្នកដែលត្រូវការសេចក្តីព្រមានជាងគេនោះ នឹងត្រូវបានជំរុញឱ្យនឹកឃើញពីជំនួញ ឬនឹងត្រូវបានវាបង្ការមិនឱ្យឮព្រះបន្ទូលដោយមធ្យោបាយផ្សេងទៀត។

សាតាំងឃើញអ្នកបម្រើរបស់ព្រះអម្ចាស់មានបន្ទុក ដោយព្រោះតែភាពងងឹតដែលគ្របបាំងប្រជាជន។ វាឮសេចក្តីបួងសួងរបស់គេទូលសូមនូវព្រះគុណ និងអំណាចពិសិដ្ឋ ដើម្បីរំលាយស្នេហ៍នៃភាពព្រងើយកន្តើយ និងភាពខ្ជិលច្រអូស។ បន្ទាប់មកដោយសេចក្តីស្វាហាប់ថ្មី វាល្បួងមនុស្សឱ្យ បណ្តោយខ្លួនទៅលើចំណីអាហារ ឬឱ្យបំប៉នខ្លួន ម៉្លោះហើយស្មារតីដឹងខ្លួនត្រូវបានស្ពឹក ធ្វើឱ្យគេពុំអាចឮនូវអ្វីដែលគេត្រូវការរៀនជាងគេ។

សាតាំងដឹងថា អស់អ្នកណាដែលមិនអើពើនឹងការអធិស្ឋាន និងការអានបទគម្ពីរ នឹងចាញ់ការវាយសង្គ្រុបរបស់វាហើយ។ ដូច្នេះ វាបង្កើតឧបាយកលគ្រប់យ៉ាង ដើម្បីធ្វើឱ្យគេស្លុងផុងគំនិត។ សេនាដៃស្តាំរបស់វា គឺមមាញឹកជាប់នៅពេលព្រះប្រកបកិច្ចការ។ ពួកវានឹងធ្វើឱ្យគេឃើញថា អ្នកបម្រើរបស់ព្រះគ្រីស្ទដែលឧស្សាហ៍ ហើយស៊ូលះបង់ខ្លួនត្រូវបានគេបញ្ឆោត ឬជាពួកបោកបញ្ឆោតគេវិញ។ កិច្ចការរបស់ពួកវា គឺដើម្បីមួលបង្កាច់បំណងល្អក្នុងអស់ទាំងអំពើល្អ និងផ្សព្វផ្សាយពាក្យដៀមដាម ធ្វើឱ្យមានសេចក្តីសង្ស័យក្នុងគំនិតអ្នកដែលខ្វះការពិសោធ។ ប៉ុន្តែ យើងគង់តែដឹងថា គេជាកូនចៅអ្នកណា ដើរតាមគំរូអ្នកណា ហើយប្រកបកិច្ចការរបស់អ្នកណាហើយ។ «អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលគេបង្កើត»។ សូម អានម៉ាថាយ ៧:១៦ និងវិវរណៈ ១២:១០។

សេចក្តីពិតញែកឱ្យបរិសុទ្ធ

មេបញ្ឆោតដ៏ធំមានគោលលទ្ធិបែកឆ្វេងច្រើនណាស់ រៀបចំទុកឱ្យ អ្នកដែលវានឹងបំផ្លាញដែលមានចំណូលចិត្តប្លែកៗពីគ្នា។ គម្រោងការរបស់វា គឺដើម្បីនាំមកក្នុងក្រុមជំនុំនូវសេចក្តីមិនស្មោះត្រង់ ធាតុដែលមិនចម្រើនលូតលាស់ដែលធ្វើឱ្យមានការសង្ស័យ និងការមិនជឿ។ ជនភាគច្រើនដែលឥតមានជំនឿពិតប្រាកដទៅលើព្រះដែលធ្វើឱ្យមានការសង្ស័យ និងការមិនជឿ។ ជនភាគច្រើនដែលឥតមានជំនឿពិតប្រាកដទៅលើព្រះបានតោងទៅនឹងគោលការនៃសេចក្តីពិតខ្លះ ហើយរាប់ខ្លួនថាជាអ្នកគ្រីស្ទាន ដូច្នេះ ហើយក៏អាចបង្កើតសេចក្តីខុសឆ្គង ហើយយកសេចក្តីខុសឆ្គងនោះមកធ្វើជាគោលលទ្ធិនៃបទគម្ពីរ។ សាតាំងដឹងថា សេចក្តីពិត កាលបើបានទទួលក្នុងសេចក្តីមេត្រី នោះនឹងញែកព្រលឹងឱ្យទៅជាបរិសុទ្ធ។ ម៉្លោះហើយ វាសង្វាតរកទ្រឹស្តីមិនពិតរឿងប្រឌិត និងដំណឹងដទៃយកមកប្តូរ។ តាំងតែពីដើមមក អ្នកបម្រើទាំងឡាយរបស់ព្រះបានប្រជែងជាមួយនឹងគ្រូក្លែងក្លាយដែលមិនមែនគ្រាន់តែជាមនុស្សកាចសាហាវទេ តែជាអ្នកបង្រៀនអប់រំសេចក្តី មិនពិតដែលគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ ហោរាអេលីយ៉ា យេរេមា និងសាវ័កប៉ុល បានជំទាស់យ៉ាងខ្លាំងនឹងអ្នកដែលបង្វែរមនុស្សពីព្រះបន្ទូលរបស់ព្រះ។ ភាពសេរីនិយមដែលចាត់ទុកថាជំនឿដ៏ត្រឹមត្រូវគ្មានសារៈសំខាន់នោះ ឃើញថាផ្ទុយស្រឡះពីអ្នកការពារនៃសេចក្តីពិតដ៏បរិសុទ្ធទាំងនេះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ។ ហេព្រើរ ១១:១៣

Powered by CAM