ថ្ងៃសៅរ៍ ទី១១​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៦

ការបកស្រាយបទគម្ពីរដ៏ស្រពេចស្រពិលហើយក្បាច់ក្បូរ និងទ្រឹស្តីដែលផ្ទុយគ្នាក្នុងពិភពគ្រីស្ទាន គឺជាកិច្ចការនៃមហាសត្រូវរបស់យើង ដើម្បីបំភាន់គំនិត។ ការមិនចុះសម្រុងនឹងគ្នា និងការបែកជាបក្ខពួកក្នុងព្រះវិហារទាំងឡាយ គឺភាគច្រើនកើតឡើងដោយសារតែការមួលបង្កាច់បទគម្ពីរ ដើម្បីគាំទ្រទ្រឹស្តីណាមួយដែលគេចូលចិត្ត។

ដើម្បីលើកស្ទួយគោលលទ្ធិមិនត្រឹមត្រូវនោះ ខ្លះយកខគម្ពីរខុសពីអត្ថន័យទាំងមូល ដោយលើកយកតែកន្លះខមកបញ្ជាក់ចំណុចរបស់ខ្លួន តែកន្លះខទៀត បង្ហាញន័យផ្ទុយស្រឡះពីនោះទៅវិញ។ គេតាំងគោលជំហររបស់គេដោយប្រើខតែពាក់កណ្តាល ដើម្បីពន្យល់ឱ្យសមនឹងសេចក្តីប្រាថ្នារបស់មនុស្សជាតិ ដោយភាពប៉ិនប្រសប់នៃសត្វពស់។ ខ្លះទៀត តោងយករូបភាព និងអត្ថាបដិរូប ហើយបកស្រាយតាមតែគេនឹកឃើញ ដោយឱ្យតម្លៃតិចតួចណាស់ដល់ទីបន្ទាល់នៃបទគម្ពីរជាអ្នកបកស្រាយ ហើយក្រោយមកគេបញ្ចេញយោបល់របស់គេថាជាសេចក្តីបង្រៀននៃព្រះគម្ពីរ។

គម្ពីរទាំងមូលជាមគ្គុទេ្ទសក៍

នៅពេលណាគេសិក្សាបទគម្ពីរដោយឥតអធិស្ឋាន ហើយគ្មានចិត្តជាសិស្សនោះ ឃ្លាដ៏ស្រួលយល់បំផុតនឹងត្រូវបានបង្កាច់ពីន័យពិតប្រាកដ។ ព្រះគម្ពីរទាំងមូល គួរតែបានយល់ដល់មនុស្សតាមតែពាក្យដែលចែងមក។

ព្រះបានប្រទានបទទំនាយដ៏ច្បាស់ ពួកទេវតា និងព្រះគ្រីស្ទផងដែរបានយាងមកបើកសម្តែងឱ្យដានីយ៉ែល និងយ៉ូហានដឹងនូវអ្វីដែល «បន្តិចទៀតត្រូវកើតមានមក»។ វិវរណៈ ១:១។ រឿងរ៉ាវសំខាន់ៗស្តីពីសេចក្តីសង្គ្រោះរបស់យើងពុំមែនបានសម្តែងឱ្យឃើញក្នុងរបៀបឱ្យវង្វេងស្មុគស្មាញដល់អ្នកស្វែងរកសេចក្តីពិតនោះទេ។ ព្រះបន្ទូលរបស់ព្រះគឺងាយយល់ចំពោះអស់អ្នកដែលសិក្សាដោយមានចិត្តអធិស្ឋាន។

ដោយស្រែកចង់បានភាពសេរីនិយម មនុស្សទៅជាងងឹតមើលមិនឃើញឧបាយកលទាំងឡាយនៃសត្រូវរបស់ខ្លួន។ វាបានជោគជ័យដោយយកការស្មានរបស់មនុស្សមកជំនួសគម្ពីរ។ គេបានបំភ្លេចក្រឹត្យវិន័យរបស់ព្រះ ហើយវិហារត្រូវស្ថិតនៅក្រោមចំណងនៃបាបកម្មក្នុងពេលដែលគេអះអាងថាមានសេរីភាពហើយ។

ព្រះបានអនុញ្ញាតឱ្យមានចំណេះដ៏បរិបូរ ធ្លាក់មកលើផែនដីក្នុងការ​ស្រាវជ្រាវខាងវិទ្យាសាស្ត្រ។ ប៉ុន្តែ ទោះជាគំនិតនោះឧត្តុង្គឧត្តមក៏ដោយ បើមិនបានដឹកនាំដោយព្រះបន្ទូលរបស់ព្រះទេ ប្រាកដជាភាន់ច្រឡំក្នុងការព្យាយាមរកទំនាក់ទំនងរវាងវិទ្យាសាស្ត្រ និងការបើកសម្តែងរបស់ព្រះជាមិនខាន។

តម្រិះវិជ្ជារបស់មនុស្ស គឺតិចតួចហើយមិនគ្រប់លក្ខណៈ ម៉្លោះហើយ បានជាភាគច្រើនមិនអាចសម្របទស្សនៈនៃវិទ្យាសាស្ត្ររបស់ខ្លួនជាមួយ នឹងបទគម្ពីរបាន។ ភាគច្រើនបានទទួលយកទ្រឹស្តីថាជាសេចក្តីពិតនៃវិទ្យាសាស្ត្រ ហើយគេគិតថាព្រះបន្ទូលរបស់ព្រះ គឺនឹងត្រូវសាកល្បងដោយ «សេចក្តីក្លែងហៅថាចំណេះវិជ្ជា»។ ធីម៉ូថេទី១ ៦:២០។ ដោយព្រោះគេមិនអាចពន្យល់ព្រះអាទិករ និងកិច្ចការរបស់ទ្រង់ដោយច្បាប់ធម្មជាតិបាន ប្រវត្តិសាស្ត្រគម្ពីរត្រូវបានគេចាត់ទុកថាជាឥតប្រយោជន៍ទៅវិញ។ អ្នកដែលសង្ស័យទៅលើគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីច្រើនតែហួសទៅមួយជំហានទៀត ហើយសង្ស័យពីវត្តមានរបស់ព្រះ។ បន្ទាប់ពីទម្លាក់យុថ្កាគេចុះ គេអណ្តែតតែលតោល បោកទង្គិចថ្មនៃសេចក្តីខ្វះជំនឿ។

ស្នាដៃនៃសេចក្តីបញ្ឆោតរបស់សាតាំង គឺដើម្បីឱ្យមនុស្សបញ្ចេញយោបល់ឥតភ័ស្តុតាងក្នុងសេចក្តីដែលព្រះពុំបានបើកឱ្យយល់។ លូស៊ីហ្វ័របានក្លាយទៅជាមិនស្កប់ចិត្ត ពីព្រោះអស់ទាំងសេចក្តីសម្ងាត់នៃគម្រោងការរបស់ព្រះ ពុំបានចែករំលែកដល់វា ហើយវាមិនបានគោរពនូវអ្វីដែលបានបើកសម្តែងឱ្យយល់ឡើយ។ ឥឡូវនេះ វាប្រឹងបណ្តុះបណ្តាលចិត្តមនុស្សដោយកិរិយាដូចគ្នា ហើយនាំគេឱ្យបដិសេធសេចក្តីបញ្ជាផ្ទាល់របស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ។ ហេព្រើរ ១១:១៣

Powered by CAM