ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។ ហេព្រើរ ១១:២២
សេចក្តីពិតត្រូវបានបដិសេធ ព្រោះទាក់ទងនឹងឈើឆ្កាង
ការដែលគេសម្តែងគោលលទ្ធិដោយខ្វះព្រះវិញ្ញាណ និងសេចក្តីលះបង់ខ្លួនប៉ុណ្ណានោះ មនុស្សម្នាក៏រីករាយនឹងទទួលប៉ុណ្ណោះដែរ។ សាតាំងវាតែងចាំឧបត្ថម្ភនូវអ្វីដែលចិត្តប៉ងប្រាថ្នា ហើយនិងដាក់សេចក្តីបញ្ឆោតជួសសេចក្តីពិតវិញ។ វិធីនេះហើយដែលលទ្ធិកាតូលិករ៉ូមបានកេងអំណាចលើគំនិតមនុស្ស។ ហើយដោយបដិសេធសេចក្តីពិត ព្រោះមានការទាក់ទងនឹងឈើឆ្កាង ពួកប្រូតេស្តង់គឺកំពុងតែដើរតាមគន្លងផ្លូវដូចគ្នាហើយ។ អស់អ្នកណាដែលសិក្សាផ្លូវស្រណុកស្រួល និងមធ្យោបាយ ដើម្បីឱ្យគេបានស្រប ជាមួយនឹងលោកីយ៍ នឹងត្រូវទុកឱ្យទទួល «សេចក្តីវិនាសដ៏ឆាប់រហ័ស» មកធ្វើជាសេចក្តីពិតវិញ។ ពេត្រុសទី២ ២:១។ អ្នកដែលមើលទៅសេចក្តីបញ្ឆោតណាមួយដោយសេចក្តីភ័យរន្ធត់ នឹងត្រូវបានទទួលសេចក្តីបញ្ឆោតមួយទៀត។ «ហេតុនោះបានជាព្រះទ្រង់នឹងឱ្យសេចក្តីខុសឆ្គងមក បណ្តាលឱ្យគេជឿតាមសេចក្តីភូតភរវិញ ដើម្បីឱ្យមនុស្សណាដែលមិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ»។ ថែស្សាឡូនីចទី២ ២:១១,១២។
កំហុសដ៏គ្រោះថ្នាក់
ក្នុងចំណោមភ្នាក់ងារដ៏ពូកែបំផុតរបស់មេបញ្ឆោត គឺមានការអស្ចារ្យដ៏កំភូតនៃវិញ្ញាណខន្ធនិយម។ នៅពេលមនុស្សបដិសេធសេចក្តីពិត គេនឹងក្លាយទៅជាចំណីនៃការបញ្ឆោតវិញ។
កំហុសមួយទៀត គឺគោលលទ្ធិដែលបដិសេធព្រះគ្រីស្ទថាមិនមែនជាព្រះ ដោយអះអាងថាទ្រង់ឥតមានព្រះជន្មរស់នៅ កាលទ្រង់ពុំទាន់យាងមកផែនដីនេះ។ ទ្រឹស្តីនេះគឺផ្ទុយនឹងព្រះបន្ទូលនៃព្រះអង្គសង្គ្រោះរបស់យើង ស្តីពីទំនាក់ទំនងរវាងព្រះវរបិតា និងការដែលទ្រង់មានព្រះជន្មរស់នៅតាំងតែពីមុនមក។ វាធ្វើឱ្យខ្សត់ខ្សោយខាងឯជំនឿក្នុងព្រះគម្ពីរដែលជាការបើកសម្តែងមកពីព្រះ។ បើមនុស្សបដិសេធទីបន្ទាល់នៃបទគម្ពីរស្តីពីព្រះគ្រីស្ទជាព្រះ ការជជែកជាមួយគេ នោះគឺឥតប្រយោជន៍ទេ ព្រោះគ្មាន សេចក្តីវែកញែកណា នឹងអាចពន្យល់គេឱ្យបានយល់ដាច់ស្រេចឡើយ ទោះបីជាច្បាស់យ៉ាងណាក៏ដោយ។ គ្មានអ្នកណាម្នាក់ដែលកាន់សេចក្តីខុសនេះអាចយល់ដឹងពីព្រះគ្រីស្ទពិតប្រាកដ ឬពីគម្រោងការបស់ព្រះសម្រាប់ការប្រោសលោះរបស់មនុស្សបានឡើយ។
កំហុសមួយទៀត គឺជំនឿដែលថាសាតាំងពុំមែនជាតួអង្គមានជីវិត ហើយថាឈ្មោះដែលប្រើក្នុងបទគម្ពីរនោះ គ្រាន់តែសម្រាប់តំណាងគំនិតអាក្រក់ និងសេចក្តីប៉ងប្រាថ្នារបស់មនុស្សប៉ុណ្ណោះ។
សេចក្តីបង្រៀនដែលថា ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គឺជាការយាងមកដល់បុគ្គលម្នាក់ៗនៅពេលស្លាប់ទៅនោះ គឺជាមធ្យោបាយមួយ ដើម្បីបង្វែរគំនិតពីការយាងមកផ្ទាល់របស់ទ្រង់ក្នុងពពកនៅលើអាកាសទេ។ ដូច្នេះសាតាំងបាននិយាយថា «មើល ទ្រង់គង់នៅក្នុងបន្ទប់» (សូមអាន ម៉ាថាយ ២៤:២៣-៣៦) ហើយមនុស្សជាច្រើនត្រូវបានបាត់បង់ដោយជឿដល់ការបោកបញ្ឆោតនេះ។
អ្នកវិទ្យាសាស្ត្រអះអាងថា មិនអាចមានចម្លើយពិតប្រាកដសម្រាប់ការអធិស្ឋានសោះឡើយថាបាដិហារ្យជាអំពើរំលងច្បាប់ ហើយបាដិហារ្យគឺគ្មានទេ។ គេពោលថា ពិភពសកលគឺត្រូវបានគ្រប់គ្រងដោយច្បាប់ឥតផ្លាស់ប្តូរ ហើយព្រះមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងច្បាប់ទាំងនេះទេ។ ដូច្នេះ គេចាត់ទុកថា ព្រះស្ថិតនៅក្រោមច្បាប់របស់ព្រះអង្គផ្ទាល់ ធ្វើដូចជាច្បាប់របស់ព្រះអាចរារាំងសេរីភាពរបស់ទ្រង់បានដូច្នោះ។
តើព្រះគ្រីស្ទ និងពួកសាវ័កទ្រង់ពុំបានធ្វើបដិហារ្យទាំងឡាយទេឬអី? ព្រះអង្គសង្គ្រោះដដែលនៅតែសព្វព្រះទ័យចង់ស្តាប់ការអធិស្ឋាននៃសេចក្តីជំនឿ ដូចកាលដែលទ្រង់បានយាងក្នុងចំណោមមនុស្សដែរ។ ធម្មជាតិធ្វើសហការជាមួយអធិធម្មជាតិ។ គម្រោងការមួយផ្នែករបស់ព្រះ គឺទ្រង់ឆ្លើយតបដល់ការអធិស្ឋានដោយជំនឿ ដើម្បីប្រទានឱ្យយើងនូវអ្វីដែលយើងសូម។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ក្រៅពីយើងឡើយ។ ហេព្រើរ ១១:៤០