ថ្ងៃច័ន្ទ ទី១៣​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន។ រ៉ូម ១១:៣៣

គោលនៃព្រះបន្ទូល

គោលលទ្ធិមិនពិតក្នុងចំណោមវិហារទាំងឡាយរំលើងចេញនូវគោលដែលដោតភ្ជាប់ដោយព្រះបន្ទូលរបស់ព្រះ។ បន្ទាប់ពីបដិសេធសេចក្តីពិតមួយហើយ មានតិចតួចណាស់ដែលបដិសេធតទៅទៀត។ ភាគច្រើនផាត់គោលការនៃសេចក្តីពិតចោលម្តងមួយៗរហូតដល់ក្លាយទៅជាអ្នកមិនជឿ។

កំហុសទាំងប៉ុន្មាននៃសាសនវិទ្យាល្បីៗ បានធ្វើឱ្យជនជាច្រើនមានចិត្តសង្ស័យ។ គេមិនអាចទទួលគោលលទ្ធិដែលទ្រគោះដុកដាន់ដល់សេចក្តីយល់ដឹងអំពីយុត្តិធម៌ មេត្តាធម៌ និងសប្បុរសធម៌របស់ខ្លួនបានឡើយ។ ដោយគុណធម៌ទាំងនេះត្រូវបានតំណាងសេចក្តីបង្រៀននៃព្រះគម្ពីរ គេមិនព្រមទទួលស្គាល់ថាជាព្រះបន្ទូលរបស់ព្រះឡើយ។

គេមើលព្រះបន្ទូលរបស់ព្រះដោយមិនទុកចិត្ត ពីព្រោះព្រះបន្ទូលនោះស្តីប្រដៅ និងថ្កោលទោសអំពើបាប។ អ្នកដែលទទឹងមិនស្តាប់តាម ខំព្យាយាមបង្អាប់បង្អោនឫទ្ធិអំណាចនៃព្រះបន្ទូលទាំងនោះ។ អ្នកដែលបានក្លាយទៅជាមិនជឿ ដើម្បីដោះសាសេចក្តីខ្ជីខ្ជានៃកិច្ចដែលត្រូវធ្វើនោះគឺមិនមែនមានតិចតួចទេ។ ខ្លះទៀត ដោយស្រឡាញ់សេចក្តីស្រណុកពេក មិនចង់សម្រេចការងារអ្វីៗដែលត្រូវការការលះបង់ខ្លួននោះឡើយ ហើយចាត់ទុកថាខ្លួនមានប្រាជ្ញាខ្ពង់ខ្ពស់ដោយពូកែទិតៀនព្រះគម្ពីរ។ ភាគច្រើននឹកគិត ក្នុងចិត្តថា ជាគុណធម៌មួយដែលគេមានចិត្តមិនជឿ ចិត្តសង្ស័យ និងចិត្តមិនស្មោះត្រង់។ អាការៈខាងក្រៅរបស់គេ មើលទៅដូចជាប្រកបទៅដោយសេចក្តីស្មោះត្រង់ ប៉ុន្តែ នៅក្នុងចិត្តគេវិញ គេគិតថាខ្លួនគ្រាន់បើហើយមាន ឫកខ្ពស់ទៀតផង។ ភាគច្រើនសប្បាយនឹងរកចំណុចអ្វីមួយក្នុងបទគម្ពីរ ដើម្បីបំភាន់គំនិតអ្នកដទៃ។ អ្នកខ្លះចាប់ផ្តើមវែកញែកទៅផ្លូវខុសសិន ដោយព្រោះតែ ចូលចិត្តនឹងសេចក្តីវិវាទ។ ប៉ុន្តែ ដោយសម្តែងចិត្តមិនជឿឱ្យគេដឹងឮ នោះឈ្មោះថាគេរួបរួមជាមួយនឹងអ្នកឥតមានព្រះនៅក្នុងខ្លួនហើយ។

ភ័ស្តុតាងគ្រប់គ្រាន់

ព្រះបានប្រទានភ័ស្តុតាងគ្រប់គ្រាន់ហើយអំពីចរិតលក្ខណៈដ៏ពិសិដ្ឋក្នុងព្រះបន្ទូលទ្រង់។ តែគំនិតខ្លីរបស់មនុស្សពុំអាចយល់ពេញលេញនូវ គោលបំណងនៃព្រះអនន្តឡើយ។ «ឯតម្រិះរបស់ទ្រង់តើអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់តើអ្នកណានឹងរកតាមបាន»។ រ៉ូម ១១:៣៣។ យើងអាចយល់សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏គ្មានព្រំដែន ដែលបានរួបរួមទៅនឹងឥទ្ធិឫទ្ធិដ៏គ្មានទីបំផុតបាន។ ព្រះវរបិតានៃស្ថានសួគ៌នឹងសម្តែងឱ្យយើងឃើញ តាមតែទ្រង់សព្វព្រះទ័យថាល្អសម្រាប់យើង អ្វីៗហួសពីនោះ យើងត្រូវទុកចិត្តលើព្រះដ៏ប្រកបដោយសព្វានុភាព និងដោយព្រះទ័យពោរពេញដោយសេចក្តីស្រឡាញ់ចុះ។

ព្រះនឹងមិនបំបាត់អស់ទាំងសេចក្តីដោះសាដែលបណ្តាលឱ្យមាន ចិត្តមិនជឿនោះឡើយ។ អស់អ្នកណាដែលសម្លឹងរកទំពក់សម្រាប់ព្យួរ សេចក្តីសង្ស័យ នឹងរកបានជាប្រាកដ។ ហើយអ្នកណាដែលមិនព្រមគោរពតាម ហើយចាំដល់សេចក្តីជំទាស់ទាំងប៉ុន្មានត្រូវបានរំលើងចេញអស់ទៅនោះ នឹងមិនដែលខិតមកឯពន្លឺឡើយ។ ចិត្តដែលមិនបានផ្លាស់ប្រែជាថ្មី គឺស្ថិតក្នុងភាពជាខ្មាំងនឹងព្រះ។ ប៉ុន្តែ សេចក្តីជំនឿត្រូវបានបណ្តុះបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងលូតលាស់ឡើងនៅពេលមានការថ្នាក់ថ្នមថែរក្សា។ គ្មានបុគ្គលណាអាចទៅជារឹងមាំក្នុងសេចក្តីជំនឿដោយគ្មានការខិតខំតស៊ូនោះទេ។ ប្រសិនបើមនុស្សអនុញ្ញាតខ្លួនឱ្យរករឿងរកហេតុដែលមិនសមរម្យនោះគេនឹងឃើញថា គេកាន់តែមានការសង្ស័យច្រើនថែមទៀត។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ក្រៅ​ពី​យើង​ឡើយ។ ហេព្រើរ ១១:៤០

Powered by CAM