ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ។ សាការី ៤:៦
ប៉ុន្តែ អ្នកដែលសង្ស័យ និងមិនទុកចិត្តចំពោះសេចក្តីធានាអះអាងនៃព្រះគុណរបស់ទ្រង់ គឺបង្អាប់កិត្តិយសព្រះគ្រីស្ទហើយ។ គេជាដើមឈើដែលឥតបង្កើតផលផ្លែ ដែលបាំងពន្លឺថ្ងៃពីដើមរុក្ខជាតិនានា ធ្វើឱ្យស្រពោនងាប់ក្រោមម្លប់។ កិច្ចការប្រចាំជីវិតរបស់ជនទាំងនេះ នឹងមើលទៅដូចជាទីបន្ទាល់ដ៏ឥតឈប់ឈរទាស់នឹងខ្លួនគេ។
មានតែផ្លូវមួយគត់ចំពោះអ្នកដែលចង់សង្វាតទៅមុខយ៉ាងអស់ពី ចិត្តឱ្យបានរួចពីសេចក្តីសង្ស័យ គឺជាជាងសួរចង់ដឹងនូវអ្វីដែលគេមិនយល់ ចូរឱ្យគេចាប់អារម្មណ៍ដល់ពន្លឺដែលចាំងជះមកលើគេរួចហើយនោះវិញ នោះគេនឹងទទួលពន្លឺខ្លាំងជាងមុនទៅទៀត។
សាតាំងអាចបង្ហាញការក្លែងបន្លំដែលស្រដៀងនឹងសេចក្តីពិត ហើយបញ្ឆោតអ្នកដែលចង់ឱ្យគេបញ្ឆោត ជាអ្នកដែលប្រាថ្នាចង់ជៀសពីសេចក្តីលះបង់ ដែលសេចក្តីពិតទាមទារ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចប្រើអំណាចរបស់វា ដើម្បីក្តោបក្តាប់បុគ្គលណាម្នាក់ដែលប្រាថ្នាចង់ដឹងសេចក្តីពិតដ៏អស់ពីចិត្តបានឡើយ។ ព្រះគ្រីស្ទគឺជាសេចក្តីពិត «ជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ដែលកើតមកក្នុងលោកីយ៍»។ «បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាសេចក្តីបង្រៀននេះមកពីព្រះ»។ យ៉ូហាន ១:៩; ៧:១៧។
ព្រះអម្ចាស់អនុញ្ញាតឱ្យរាស្ត្រទ្រង់ស្ថិតនៅក្នុងការពិសោធនៃសេចក្តីល្បួងដ៏យ៉ាប់យឺន ពុំមែនព្រោះទ្រង់សព្វព្រះទ័យនឹងឃើញការរងទុក្ខរបស់គេនោះទេ តែព្រោះជាការចាំបាច់សម្រាប់ជ័យជម្នះចុងក្រោយរបស់គេ។ ទ្រង់ពុំអាចការពារគេពីសេចក្តីល្បួងដោយប្រើសិរីល្អរបស់ទ្រង់គ្រប់ពេលវេលានោះទេ ព្រោះកម្មវត្ថុនៃគ្រាលំបាកនោះ គឺដើម្បីរៀបចំគេឱ្យទប់ទល់នឹងអស់ទាំងគ្រឿងបញ្ឆោតនៃសេចក្តីអាក្រក់។ គ្មានមនុស្សទុច្ចរិត ឬអារក្សសាតាំងណាអាចបិទវត្តមានរបស់ព្រះពីរាស្ត្ររបស់ទ្រង់បានឡើយ បើគេសារភាព ហើយបោះចោលអំពើបាបរបស់គេ ហើយអះអាងសូមសេចក្តីសន្យារបស់ទ្រង់។ គ្រប់ទាំងសេចក្តីល្បួង ទោះនៅខាងក្រៅឬសម្ងាត់ខាងក្នុងក្តី គឺនឹងអាចទប់ទល់បាន «មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយវិញ្ញាណរបស់អញវិញ»។ សាការី ៤:៦។
«បើអ្នករាល់គ្នាប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា?» ពេត្រុសទី១ ៣:១៣។ សាតាំងដឹងច្បាស់ណាស់ថា មនុស្ស កម្សោយបំផុតដែលនៅជាប់ក្នុងព្រះគ្រីស្ទ គឺខ្លាំងហួសពីគូប្រយុទ្ធនឹងពួកពលបរិវារនៃសេចក្តីងងឹតទៅទៀត។ ដូច្នេះ វាសង្វាតទាក់ទាញកងទាហាននៃឈើឆ្កាងពីបន្ទាយដ៏រឹងមាំរបស់គេ ហើយពួនស្ទាក់ចាំវាយបំផ្លាញអស់អ្នកណាដែលដើរក្នុងទីរបស់វា។ មានតែការពឹងពាក់ទៅលើព្រះ និងការស្តាប់បង្គាប់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់ទេ ទើបយើងអាចគេចផុតពីទុក្ខភ័យបាន។
គ្មានមនុស្សណាផុតពីគ្រោះថ្នាក់ ក្នុងពេញមួយថ្ងៃ ឬមួយម៉ោងដោយគ្មានការអធិស្ឋានឡើយ។ ចូរអង្វរករដល់ព្រះវរបិតា សូមប្រាជ្ញាដើម្បីឱ្យបានយល់អំពីព្រះបន្ទូលរបស់ទ្រង់ចុះ។ សាតាំងគឺជាជើងឯកខាងលើកបទគម្ពីរ ហើយដាក់យោបល់របស់វាក្នុងឃ្លាទាំងឡាយ ដោយសង្ឃឹមថានឹងធ្វើឱ្យយើងជំពប់ដួល។ យើងត្រូវសិក្សាដោយមានចិត្តសុភាព។ ក្នុងពេលដែលយើងត្រូវការពារខ្លួនជានិច្ចពីឧបាយកលទាំងឡាយរបស់សាតាំង យើងត្រូវអធិស្ឋានក្នុងសេចក្តីជំនឿដោយឥតឈប់ឈរថា៖ «សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ»។ ម៉ាថាយ ៦:១៣។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ក្រៅពីយើងឡើយ។ ហេព្រើរ ១១:៤០