ថ្ងៃពុធ ទី​១៥ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៣) ​

ហួសពីផ្នូរ​នៅមានអ្វីទៀត?

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេបបាត់​ទៅ។ ហេព្រើរ ១១:២៩

សាតាំងដែលបានបំផុសបំផុលឱ្យមានការបះបោរនៅស្ថានសួគ៌ ប្រាថ្នាចង់អូសទាញអ្នករស់នៅលើផែនដី ឱ្យរួបរួមនៅក្នុងសង្គ្រាមជាមួយវាប្រឆាំងនឹងព្រះ។ លោកអ័ដាម និងនាងអេវ៉ាតែងរីករាយក្នុងការស្តាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ព្រះ ជាទីបន្ទាល់ប្រឆាំងនឹងការអះអាងដែលសាតាំង បានលើកឡើងនៅស្ថានសួគ៌ថា ក្រឹត្យវិន័យរបស់ព្រះប្រកបដោយការសង្កត់សង្កិន។ សាតាំងបានប្តេជ្ញាធ្វើឱ្យពួកគេធ្លាក់ចុះ នោះវានឹងអាចគ្រប់គ្រងផែនដី ព្រមទាំងកសាងអាណាចក្ររបស់វានៅទីនេះ ដើម្បីប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត។

លោកអ័ដាម និងនាងអេវ៉ាបានទទួលការព្រមានដាស់តឿនឱ្យប្រុងប្រយ័ត្នចំពោះមេកំណាចដ៏ប្រកបដោយគ្រោះថ្នាក់នេះ ប៉ុន្តែវាបានធ្វើការក្នុងទីងងឹត ដោយលាក់កំបាំងនូវគោលបំណងរបស់វា។ វាបានប្រើសត្វពស់ ជាសត្វមានទ្រង់ទ្រាយដ៏គួរឱ្យពេចពិលរមិលមើលនៅគ្រានោះ រួចក៏និយាយមកកាន់នាងអេវ៉ាថា «តើព្រះមានបន្ទូលហាមមិនឱ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?» នាងអេវ៉ាបានផ្សងព្រេងសាសងជាមួយវា ហើយក៏ធ្លាក់ទៅក្នុងបាបធម៌របស់វា៖ «ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើមួយនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឱ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឱ្យប៉ះពាល់ផងក្រែងលោស្លាប់ រួចពស់និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ លោកុប្បត្តិ ៣:១៥។

នាងអេវ៉ាក៏យល់ព្រម ហើយតាមរយៈឥទ្ធិពលរបស់នាង លោកអ័ដាម ត្រូវបាននាំចូលទៅក្នុងអំពើបាបដែរ។ គេទាំងពីរនាក់បានជឿពាក្យសម្តីរបស់សត្វពស់ ពួកគេបានលែងទុកចិត្តចំពោះព្រះអាទិកររបស់ខ្លួន ព្រមទាំងពិចារណាឃើញថា ទ្រង់បានឃាត់ឃាំងសេរីភាពរបស់ខ្លួនទៀតផង។

ប៉ុន្តែតើលោកអ័ដាមបានរកឃើញអត្ថន័យរបស់ពាក្យនោះដូចម្តេចខ្លះ «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ លោកុប្បត្តិ ២:១៧។ តើគាត់នឹងត្រូវបានគេណែនាំទៅរកសេចក្តីថ្កុំថ្កើងជាងនេះទៅទៀតឬ? លោកអ័ដាមពុំបានយល់ឃើញថា ការនេះជាអត្ថន័យនៃការកាត់ទោសរបស់ព្រះទេ។ ព្រះទ្រង់បានបញ្ជាក់ថា ចំពោះពិន័យសម្រាប់អំពើបាបរបស់គាត់ មនុស្សត្រូវតែត្រឡប់ទៅជាធូលីដីវិញ៖ «ដ្បិតឯងជាធូលីដី ក៏ត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។ លោកុប្បត្តិ ៣:១៩។ សម្តី សាតាំងដែលថា «ភ្នែកអ្នកនឹងបានភ្លឺឡើង» ឃើញថា ត្រូវចំពោះសេចក្តីនេះមែន៖ ភ្នែកគេបានភ្លឺឡើងយល់ដឹងនូវបាបធម៌របស់ខ្លួន។ ពួកគេបានស្គាល់អំពើអាក្រក់ ហើយនិងបានភ្លក្សផលផ្លែដ៏ល្វីងជូរចត់នៃការបំពាន។

ដើមឈើជីវិតមានអំណាចបន្តជីវិតរស់នៅដ៏អស់កល្ប។ បើលោក អ័ដាមពុំបានធ្វើបាបទេ លោកអាចចេញចូលទៅឯដើមឈើនោះនៅពេលណាក៏បាន ហើយចេះតែមានជីវិតរស់នៅជារហូត ប៉ុន្តែនៅពេលដែលគាត់បានធ្វើបាប គាត់ក៏ត្រូវបានកាត់ចេញអំពីដើមឈើជីវិត ហើយត្រូវស្ថិតនៅក្រោមសេចក្តីស្លាប់។ ភាពអមតៈត្រូវបានបាត់បង់ដោយសារការប្រព្រឹត្តរំលង។ បើព្រះទ្រង់ពុំបាននាំភាពអមតៈមកដល់ដៃគេ ដោយសារយញ្ញបូជានៃព្រះរាជបុត្រារបស់ព្រះអង្គទេ នោះប្រាកដជានឹងគ្មានសង្ឃឹមសម្រាប់ជាតិសាសន៍ដែលរំលំដួលនេះឡើយ។ «សេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នា ដ្បិតគ្រប់គ្នាបានធ្វើបាប» ព្រះគ្រីស្ទបាន «យកជីវិត និងសេចក្តីមិនចេះស្លាប់ មកដាក់នៅពន្លឺដោយសារដំណឹងល្អវិញ»។ មានតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ ទើបអាចមានសេចក្តីមិនចេះស្លាប់បាន។ «អ្នក ណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ»។ រ៉ូម ៥:១២; ធីម៉ូថេទី២ ១:១០; យ៉ូហាន ៣:៣៦។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ក្រៅ​ពី​យើង​ឡើយ។ ហេព្រើរ ១១:៤០

Powered by CAM