ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្តីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្តីទុច្ចរិតរបស់កូនដែរ សេចក្តីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្តីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។ អេសេគាល ១៨:២០
មហាកំភូត
អ្នកដែលបានសន្យាថាឱ្យជីវិត ដោយការមិនស្តាប់បង្គាប់ គឺជាមេបោកប្រាស។ នោះហើយជាសេចក្តីបញ្ជាក់របស់សត្វពស់នៅក្នុងសួនច្បារអេដែន «អ្នកនឹងមិនស្លាប់ជាប្រាកដទេ» គឺជាបទអធិប្បាយដំបូងបង្អស់ស្តីអំពីអមតភាពនៃព្រលឹង។ សេចក្តីបញ្ជាក់នេះ ដែលស្ថិតនៅលើអំណាចរបស់សាតាំងត្រូវបានបន្ទរចេញអំពីតុអធិប្បាយ ហើយក៏បានទទួលជឿ ដោយមនុស្សជាតិភាគច្រើនដោយងាយ ដូចឪពុកម្តាយដំបូងរបស់យើងដូច្នោះដែរ។ ព្រះរាជឱង្ការកាត់ទោសដែលថា «ព្រលឹងណាដែលបានធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់» (អេសេគាល ១៨:២០) ត្រូវបានធ្វើឱ្យ មានន័យថា ព្រលឹងណាដែលបានធ្វើបាប ព្រលឹងនោះឯងនឹងមិនស្លាប់ទេ គឺរស់នៅជារហូតវិញ។ បើព្រះអនុញ្ញាតឱ្យមនុស្សមានសិទ្ធិដល់ដើមជីវិត បន្ទាប់ពីបានធ្វើបាបហើយនោះ បាបនឹងស្ថិតស្ថេរនៅអស់កល្បជាមិនខាន។ ប៉ុន្តែ ពុំមាននរណាម្នាក់នៅក្នុងគ្រួសារលោកអ័ដាម ត្រូវបានអនុញ្ញាតឱ្យ មានចំណែកដល់ផ្លែជីវិតនោះឡើយ។ ម៉្លោះហើយបានជាពុំមានបាបជនដ៏នៅអស់កល្បជានិច្ច។
បន្ទាប់ពីសាតាំងបានធ្វើបាប វាបានបញ្ជាពួកទេវតារបស់វាឱ្យបង្ហាត់បង្រៀននូវជំនឿនៃភាពអមតៈជាធម្មជាតិរបស់មនុស្ស។ បន្ទាប់ពីបានអន្ទងមនុស្សឱ្យទទួលសេចក្តីខុសឆ្គងនេះហើយ ពួកគេបានណែនាំអ្នកមានបាបឱ្យសម្រេចសេចក្តីថា ពួកគេនឹងរស់នៅក្នុងសេចក្តីវេទនាដ៏អស់កល្បជានិច្ច។ ឥឡូវនេះ ស្តេចនៃសេចក្តីងងឹតបានប្រដូចព្រះទៅនឹងអ្នកសងសឹកផ្តាច់ការដោយថ្លែងថា ទ្រង់នឹងបោះអ្នកណាដែលមិនធ្វើតាមព្រះទ័យទ្រង់ ចូលទៅក្នុងនរក ហើយថាព្រះអាទិកររបស់ពួកគេសព្វព្រះទ័យណាស់ នៅពេលទ្រង់ទតចុះមកឃើញពួកគេកំពុងស្ថិតនៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះជានិច្ចនោះ។ គឺរបៀបនេះហើយដែលមហាបិសាចបំពាក់គុណសម្បត្តិរបស់វាទៅលើព្រះអង្គដែលប្រទានមត៌កឱ្យមនុស្សជាតិ។ សេចក្តីឃោរឃៅ គឺជាគុណជាតិរបស់សាតាំង ចំណែកឯព្រះទ្រង់ជាសេចក្តីស្រឡាញ់។ សាតាំងជាសត្រូវដែលល្បួងមនុស្សឱ្យធ្វើបាប ហើយនិងបំផ្លាញគេចោលតែម្តងបើអាចធ្វើបាន។ គោលលទ្ធិដែលថាពួកអាក្រក់ដែលបានស្លាប់ នឹងត្រូវរងទុក្ខនៅក្នុងភ្លើងនរកដែលឆេះអស់កល្បជានិច្ច ហើយដែលថា អំពើបាបនៃជីវិតដ៏ខ្លីនៅផែនដី ត្រូវរងទារុណកម្មជារៀងរហូតឱ្យតែព្រះនៅតែមានព្រះជន្មរស់នៅនោះ អីក៏ទទឹងនឹងសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីយុត្តិធម៌អ្វីម៉្លេះ»
តើក្នុងព្រះគម្ពីរមានសេចក្តីបង្រៀនបែបនេះនៅត្រង់ណា? តើអារម្មណ៍របស់មនុស្សជាតិសាមញ្ញនឹងត្រូវប្តូរយកភាពឃោរឃៅនៃមនុស្សសាហាវយង់ឃ្នងឬ? ទេ នេះពុំមែនជាសេចក្តីបង្រៀននៃព្រះគម្ពីររបស់ព្រះទេ។ «ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្តីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឱ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឱ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ហេតុអ្វីបានជាចង់ស្លាប់?» អេសេគាល ៣៣:១១។
តើព្រះអង្គសព្វព្រះទ័យនឹងឃើញទារុណកម្មដ៏មិនចេះឈប់ឈរនោះឬ? តើទ្រង់សព្វព្រះទ័យនឹងស្តាប់សំឡេងយំសោកសៅ និងការស្រែកថ្ងូររបស់សត្វលោកដែលកំពុងរងទុក្ខឈឺចាប់ដោយទ្រង់បញ្ឆេះទុកនៅក្នុងអណ្តាតភ្លើងឬ? តើសំឡេងដ៏រន្ធត់ទាំងនេះ អាចបានជាតូរ្យតន្ត្រីដ៏ពីរោះដល់ព្រះការណ៍នៃព្រះដ៏ពោរពេញទៅដោយសេចក្តីស្រឡាញ់បានដែរឬទេ? ឱ នេះចំជាការប្រមាថដ៏អាក្រក់មែន! សិរីល្អរបស់ព្រះពុំមែនរុងរឿងឡើងដោយ អំពើបាបដែលចេះតែបន្តពីយុគសម័យគ្មានទីបញ្ចប់នោះឡើយ។
សេចក្តីបង្រៀនខុសឆ្គងនៃទារុណកម្មអស់កល្បជានិច្ច
អំពើអាក្រក់បានកើតមានឡើងដោយការបង្រៀនខុសឆ្គងនៃទារុណកម្មដ៏អស់កល្ប។ សាសនានៃព្រះគម្ពីរដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងសេចក្តីល្អ ត្រូវបានគ្របបាំងដោយជំនឿអកុសល ហើយបានគ្របដណ្តប់ដោយសេចក្តីបំភិតបំភ័យ។ សាតាំងបានលាបសម្បុរក្លែងក្លាយដល់ចរិតលក្ខណៈរបស់ព្រះ។ ម៉្លោះហើយ គេបានភ័យខ្លាច ញ័ររន្ធត់ ថែមទាំងស្អប់ដល់ព្រះអាទិករដែលប្រកបដោយសេចក្តីមេត្តាករុណាទៀតផង។ ទស្សនៈដ៏ហួសខ្នាតស្តីអំពីព្រះដែលបានផ្សព្វផ្សាយពេញពិភពលោក ដោយសេចក្តីបង្រៀនចេញពីតុអធិប្បាយបានធ្វើឱ្យមនុស្សរាប់លាននាក់ សង្ស័យហើយលែងជឿតែម្តង។
ការរងទុក្ខដ៏អស់កល្ប គឺជាគោលលទ្ធិដ៏ខុសឆ្គងមួយដែលជាស្រានៃសេចក្តីកំផិត (វិវរណៈ ១៤:៨; ១៧:២) ដែលបាប៊ីឡូនឱ្យគ្រប់សាសន៍ផឹក។ ពួកគ្រូគង្វាលនៃព្រះគ្រីស្ទ បានទទួលសេចក្តីបង្រៀនខុសឆ្គងនេះមកពីរ៉ូម បន្ទាប់ពីបានទទួលថ្ងៃសាបាថក្លែងក្លាយមក។ ប្រសិនបើយើងបែរចេញអំពីព្រះបន្ទូលព្រះ ហើយទទួលគោលលទ្ធិខុសឆ្គងដោយព្រោះដូនតាទាំងឡាយរបស់យើងបានបង្រៀន នោះយើងនឹងត្រូវទទួលការកាត់ទោសដូចបាប៊ីឡូនដែរ គឺយើងកំពុងផឹកស្រានៃសេចក្តីកំផិតរបស់បាប៊ីឡូននោះហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ក្រៅពីយើងឡើយ។ ហេព្រើរ ១១:៤០