ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ។ ហេព្រើរ ១១:៣០
មានក្រុមដ៏ធំមួយបានងាកទៅរកជំនឿខុសឆ្គងហួសល្បត់មួយទៀត។ គេបានយល់ឃើញថា បទគម្ពីរតំណាងព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីអាណិតមេត្តា ហើយមិនអាចជឿថា ទ្រង់នឹងដាក់សត្វលោករបស់ព្រះអង្គ ទៅក្នុងភ្លើងនរកដែលឆេះអស់កល្បជានិច្ចនោះបានឡើយ។ ដោយប្រកាន់ជឿថា មនុស្សមានបាបអាចរស់នៅក្នុងសេចក្តីត្រេកត្រអាល ទោះបើមិនអើពើចំពោះសេចក្តីតម្រូវរបស់ព្រះ ក៏ទ្រង់នៅតែសព្វព្រះទ័យទទួលដែរ។ គោលលទ្ធិបែបនេះពឹងផ្អែកទៅលើសេចក្តីមេត្តាករុណារបស់ព្រះ តែមើលរំលងសេចក្តីយុត្តិធម៌របស់ទ្រង់វិញ គឺជាលទ្ធិដែលបំពេញចិត្តស្រើបស្រាលទេ។
សេចក្តីសង្គ្រោះជាសាកលដែលពុំមានចែងក្នុងបទគម្ពីរ
ពួកអ្នកជឿចំពោះសេចក្តីសង្គ្រោះជាសាកលបានមួលបង្កាច់បទគម្ពីរ។ អ្នកដែលបានតាំងខ្លួនថាជាគ្រូគង្វាលរបស់ព្រះគ្រីស្ទ បានបន្លឺផ្ទួនៗនូវពាក្យកុហកភូតភរ ចេញពីមាត់ពស់នៅក្នុងសួនច្បារអេដែនដែលថា «អ្នក មិនស្លាប់ជាពិតមែនទេ»។ «នៅថ្ងៃណាដែលអ្នកបរិភោគ ភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ»។ វាបញ្ជាក់ថា អំពើអាក្រក់បំផុតរបស់អ្នកមានបាបទាំងឡាយ អ្នកកាប់សម្លាប់ ចោរលួចប្លន់ អ្នកកំផិត នឹងបានចូលទៅកាន់ស្ថានបរមសុខ បន្ទាប់ពីបានស្លាប់ទៅ។ នេះជារឿងល្បើកដ៏គួរឱ្យគាប់ចិត្តមែន សម្រាប់បំប៉នដល់ចិត្តត្រេកត្រអាល!
ប្រសិនបើពិតថា មនុស្សទាំងអស់នឹងចូលនគរស្ថានសួគ៌តែម្តង នៅក្នុងខណៈដែលខ្លួនស្លាប់ទៅ នោះយើងរាល់គ្នាគួរលោភចង់បានសេចក្តីស្លាប់វិញជាជាងជីវិត។ មានមនុស្សជាច្រើនត្រូវបានណែនាំឱ្យផ្តាច់ជីវិតរបស់ខ្លួនដោយជំនឿបែបនេះ។ បន្ទាប់ពីបានលង់ខ្លួនក្នុងឧបសគ្គ និងការខកចិត្តហើយ វាជាការងាយស្រួលណាស់ ដើម្បីនឹងផ្តាច់ខ្សែជីវិត ហើយឡើងទៅកាន់ភពដែលរស់អស់កល្បជានិច្ច។
ព្រះទ្រង់បានប្រទានភ័ស្តុតាងយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលទ្រង់ថា ទ្រង់នឹងដាក់ទណ្ឌកម្មដល់អស់អ្នកដែលរំលងបញ្ញត្តិរបស់ផងព្រះអង្គ។ តើព្រះអង្គមានសេចក្តីមេត្តាករុណាហួសពេក រហូតទាល់តែពុំអាចរកយុត្តិធម៌ឱ្យបាបជនមិនបានឬ? ចូរមើលទៅឯឈើឆ្កាងនៃកាល់វ៉ារីចុះ។ ជីវង្គតនៃព្រះរាជបុត្រារបស់ព្រះបានបញ្ជាក់ជាភ័ស្តុតាងថា «ឈ្នួលនៃអំពើបាបនោះជាសេចក្តីស្លាប់» (រ៉ូម ៦:២៣) គឺថារាល់ទាំងការបំពានដល់បញ្ញត្តិព្រះ ត្រូវតែទទួលទារុណកម្ម។ ព្រះគ្រីស្ទដែលពុំមានបាបសោះបានក្លាយជាបាបសម្រាប់មនុស្ស។ ទ្រង់បានទទួលរងកំហុសនៃសេចក្តីរំលង ហើយបានបាំងព្រះភ័ក្ត្រនៃព្រះវរបិតារបស់ព្រះអង្គ រហូតទាល់តែព្រះទ័យបានប្រេះឆា ហើយព្រះជន្មទ្រង់បានបាត់បង់ ទាំងអស់នេះគឺដើម្បីឱ្យបាបជនអាចបានសង្គ្រោះ។ គ្រប់ទាំងព្រលឹងណាដែលបដិសេធមិនព្រមរួមចំណែកក្នុងតង្វាយ ប្រោសលោះដ៏មានតម្លៃលើសលប់នេះ ត្រូវតែទទួលរងកំហុស និងទណ្ឌកម្មនៃសេចក្តីរំលងដោយខ្លួនឯង។
លក្ខខណ្ឌដែលបានបញ្ជាក់ច្បាស់លាស់
«អញនឹងឱ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិត [ដោយ] ឥតយកថ្លៃ» សេចក្តីសន្យានេះបានដល់អ្នកណាដែលស្រេកប៉ុណ្ណោះ។ «អ្នកណាដែលឈ្នះនោះនឹងបានគ្រងសេចក្តីទាំងនេះជាមត៌ក អញនឹងធ្វើជាព្រះដល់អ្នកទាំងនោះ ហើយអ្នកទាំងនោះនឹងធ្វើជាកូនរបស់អញ»។ វិវរណៈ ២១:៦,៧។ លក្ខខណ្ឌទាំងឡាយត្រូវបានចែងមកឱ្យឃើញស្រាប់ហើយ។ ដើម្បីគ្រងទុករបស់ទាំងអស់ជាមត៌កយើងត្រូវតែឈ្នះអំពើបាប។
«មិនមានសេចក្តីសុខស្រួលដល់មនុស្សអាក្រក់ទេ»។ សាស្តា ៨:១៣។ បាបជនកំពុងប្រមូល «សេចក្តីក្រោធទុកសម្រាប់ដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះនឹងសម្តែងមកដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត» ពោលគឺសងសេចក្តីវេទនា និងសេចក្តីលំបាកដល់គ្រប់ទាំងព្រលឹងមនុស្សណាដែលប្រព្រឹត្តអាក្រក់។ រ៉ូម ២:៥,៦,៩។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ក្រៅពីយើងឡើយ។ ហេព្រើរ ១១:៤០