ថ្ងៃសៅរ៍ ទី១៨​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៣) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៣

«គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូប ព្រះ ដែលនឹងគ្រងមត៌កនៅក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបាន ឡើយ»។ «មានពរហើយអស់អ្នកដែលលាងអាវខ្លួន [កាន់តាមបញ្ញត្តិព្រះ] ដើម្បីឱ្យបានច្បាប់ដល់ដើមជីវិត ហើយឱ្យបានចូលទៅក្នុងក្រុងតាមទ្វារ។ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សម្លាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់អ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្តីកំភូត»។ អេភេសូរ ៥:៥; វិវរណៈ ២២:១៤,១៥។

ព្រះបានប្រទានដល់មនុស្ស នូវសេចក្តីបញ្ជាក់នៃវិធីរបស់ព្រះអង្គ សម្រាប់ទប់ទល់ជាមួយអំពើបាប។ «ព្រះយេហូវ៉ា...នឹងបំផ្លាញពួកមនុស្សអាក្រក់»។ «ឯពួកមនុស្សរំលងច្បាប់នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ»។ ទំនុកតំកើង ១៤៥:២០; ៣៧:៣៨។ អាជ្ញាច្បាប់នៃការគ្រប់គ្រងរបស់ព្រះនឹងបង្ក្រាបការបះបោរ ប៉ុន្តែ ក្នុងការសងកម្មពៀរ ដើម្បីរកយុត្តិធម៌ព្រះទ្រង់នៅតែមានចរិតលក្ខណៈដែលប្រកបដោយសេចក្តីមេត្តាករុណា និងសេចក្តីប្រណីសណ្តោសដដែល។

ព្រះទ្រង់ពុំប្រើការបង្ខិតបង្ខំទេ ព្រះអង្គគ្មានអំណាចចំពោះការស្តាប់បង្គាប់ដោយការបង្ខំចិត្តឡើយ។ ព្រះអង្គប្រាថ្នាឱ្យសត្វលោកដែលជាស្នា ព្រះហស្តព្រះអង្គ ស្រឡាញ់ទ្រង់ដោយព្រោះទ្រង់គួរជាទីស្រឡាញ់។ ព្រះអង្គសព្វព្រះទ័យឱ្យគេស្តាប់បង្គាប់ទ្រង់ ដោយព្រោះគេមានការដឹងគុណចំពោះតម្រិះប្រាជ្ញា យុត្តិធម៌ និងសេចក្តីប្រោសប្រណីរបស់ផងព្រះអង្គ។

គោលការនៃការគ្រប់គ្រងរបស់ព្រះ គឺស្របគ្នាជាមួយសិក្ខាបទរបស់ព្រះអង្គសង្គ្រោះ ពោលគឺ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ»។ ម៉ាថាយ ៥:៤៤។ ព្រះទ្រង់ប្រតិបត្តសេចក្តីយុត្តិធម៌ដល់មនុស្សអាក្រក់ ដើម្បីជាសេចក្តីល្អសម្រាប់ពិភពលោក ហើយថែមទាំងដើម្បីជាសេចក្តីល្អសម្រាប់អស់អ្នកដែលត្រូវទទួលសេចក្តីជំនុំជម្រះរបស់ព្រះអង្គផង។ ទ្រង់បានក្រសោបគេដោយសញ្ញានៃសេចក្តីស្រឡាញ់ ព្រមទាំងតាមផ្តល់ឱ្យគេនូវសេចក្តីមេត្តាករុណាទៀតផង ប៉ុន្តែគេបានមើលងាយដល់សេចក្តីស្រឡាញ់របស់ទ្រង់ ធ្វើ​​ឱ្យបញ្ញត្តិរបស់ព្រះអង្គទៅជាឥតន័យ ហើយបដិសេធសេចក្តីមេត្តាករុណាទៀត។ គេនៅតែទទួលអំណោយទាន តែប្រមាថដល់ម្ចាស់អំណោយ។ ព្រះទ្រង់បានទ្រាំទ្រចំពោះអំពើមិនគួរគប្បីរបស់គេ ប៉ុន្តែតើឱ្យទ្រង់ចាក់ច្រវាក់ពួកបះបោរនេះទុកនៅក្បែរទ្រង់ ហើយបង្ខំគេឱ្យធ្វើទៅតាមបំណងរបស់ព្រះអង្គឬ?

មិនបានរៀបចំខ្លួនចូលនគរស្ថានសួគ៌

អស់អ្នកដែលបានរើសយកសាតាំងជាមេដឹកនាំរបស់ខ្លួន គឺពុំបានរៀបចំខ្លួនចូលគាល់ព្រះអង្គទេ។ ការមានឫកខ្ពស់ អំពើឆបោក អំពើអសីលធម៌ និងអំពើឃោរឃៅ បានផ្សារជាប់ក្នុងចរិតលក្ខណៈរបស់គេ។ តើគេអាចចូលទៅស្ថានសួគ៌រស់នៅជារៀងរហូតជាមួយអស់អ្នកដែលខ្លួនស្អប់ខ្ពើម កាលនៅផែនដីបានដែរឬទេ? សេចក្តីពិតនឹងមិនដែលយល់ស្របជាមួយ នឹងអ្នកភូតភរណាមួយឡើយ សភាពទន់ភ្លន់និងមិនស្កប់ចិត្តជាមួយការតម្កើងខ្លួនទេ ភាពស្អាតស្អំ ក៏មិនសមសួនដល់ជនពុករលួយដែរ សេចក្តីស្រឡាញ់ពិតប្រាកដពុំមានការចាប់អារម្មណ៍ចំពោះបុគ្គលដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ តើមានសេចក្តីអរសប្បាយអ្វីខ្លះដែលនគរស្ថានសួគ៌អាចផ្តល់ឱ្យពួកជនដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះ?

តើអស់អ្នកដែលមានចិត្តពោរពេញទៅដោយសម្អប់ដល់ព្រះ ដល់សេចក្តីពិត និងភាពបរិសុទ្ធអាចលាយឡំជាមួយបណ្តាមនុស្សនៃស្ថានសួគ៌ ហើយចូលរួមក្នុងចម្រៀងសរសើរបានដែរឬ? ពេលវេលាទុកឱ្យប្រែចិត្តរាប់ឆ្នាំបានផ្តល់មកឱ្យពួកគេ ប៉ុន្តែគេពុំដែលហ្វឹកហ្វឺនចិត្តគំនិតឱ្យស្រឡាញ់ ភាពស្អាតស្អំឡើយ។ ពួកគេពុំដែលរៀនភាសានៃស្ថានសួគ៌ទេ ឥឡូវនេះហួសពេលហើយ។

ជីវិតបះបោរប្រឆាំងនឹងព្រះ ជាការធ្វើឱ្យខ្លួនគេមិនសមនឹងចូលនគរស្ថានសួគ៌បាន។ សន្តិភាព និងភាពស្អាតស្អំនឹងក្លាយទៅជាទារុណកម្មចំពោះគេ សិរីល្អរបស់ព្រះនឹងបានជាភ្លើងឆាបឆេះវិញ។ គេប្រាថ្នារត់ចេញពីទីបរិសុទ្ធនោះ ហើយទូលសូមនូវសេចក្តីវិនាស ប្រយោជន៍ឱ្យគេអាចពួនបំបាំងពីព្រះភ័ក្រ្តព្រះដែលទទួលសុគតដើម្បីសង្គ្រោះគេ។ វាសនារបស់មនុស្សអាក្រក់ គឺសម្រេចទៅលើការជ្រើសរើសរបស់ខ្លួនផ្ទាល់។ ការផាត់ខ្លួនចេញអំពីស្ថានសួគ៌ គឺជាការស្ម័គ្រចិត្តរបស់ខ្លួន ហើយសេចក្តីយុត្តិធម៌ និងមេត្តាធម៌ជាផ្នែករបស់ព្រះ។ ក៏ដូចគ្នានឹងទឹកជំនន់ដែរ ភ្លើងនៃថ្ងៃដ៏ធំប្រកាសពី ការវិនិច្ឆ័យរបស់ព្រះថា ពួកអាក្រក់លែងកែបានហើយ។ គេបានប្រើទំនើងចិត្តរបស់គេក្នុងការបះបោរ។ នៅពេលដែលជីវិតបានផុតទៅហើយ នោះហួសពេលនឹងបង្វែរគំនិតគេចេញពីអំពើរំលងមកឯការស្តាប់ បង្គាប់ ពីសម្អប់មកឯសេចក្តីស្រឡាញ់ហើយ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ក្រៅ​ពី​យើង​ឡើយ។ ហេព្រើរ ១១:៤០

Powered by CAM