ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ហេព្រើរ ១៣:៥
ឈ្នួលនៃអំពើបាប
«ដ្បិតឈ្នួលនៃអំពើបានជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះ ជាជីវិតរស់នៅដ៏អស់កល្ប តាមរយៈព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ នៅពេលដែលជីវិតនឹងបានជាមត៌ករបស់ពួកសុចរិត សេចក្តីស្លាប់នឹងបានជាចំណែករបស់មនុស្សអាក្រក់។ «សេចក្តីស្លាប់ទីពីរ» ត្រូវស្ថិតក្នុងទីកន្លែងផ្ទុយគ្នានឹងជីវិតអស់កល្ប។ រ៉ូម ៦:២៣; វិវរណៈ ២០:១៤។
បន្ទាប់ពីលោកអ័ដាមបានធ្វើបាបមក សេចក្តីស្លាប់បានរាលដាលលើមនុស្សទាំងអស់។ ទាំងអស់ចូលទៅក្នុងផ្នូរដូចគ្នា។ តាមរយៈផែនការនៃសេចក្តីសង្គ្រោះ ទាំងអស់គ្នានឹងត្រូវបាននាំចេញពីផ្នូរមកវិញ៖ «ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត នឹងបានសេចក្តីរស់ឡើងវិញទាំងអស់គ្នា»។ «ព្រោះដូចជាមនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណានោះ គ្រប់គ្នានឹងបានប្រោសឱ្យរស់ក្នុងព្រះគ្រីស្ទជាយ៉ាងនោះដែរ»។ ប៉ុន្តែ មានភាពខុសគ្នារវាងក្រុមទាំងពីរដែលបានចែងមកនេះ៖ «អស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឱ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើងឱ្យជាប់មានទោស»។ កិច្ចការ ២៤:១៤; កូរិនថូសទី១ ១៥:២២; យ៉ូហាន ៥:២៨,២៩។
ការរស់ឡើងវិញជាលើកទីមួយ
អស់អ្នកដែល «បានរាប់ជាគួរ» ឱ្យបានរស់ពីស្លាប់ឡើងវិញ គឺ «មាន ពរហើយក៏បរិសុទ្ធផង» «សេចក្តីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ»។ លូកា ២០:៣៤; វិវរណៈ ២០:៦។ ប៉ុន្តែ អស់អ្នកដែលពុំបានទទួល ការអត់ទោស តាមរយៈការប្រែចិត្ត និងការជឿត្រូវទទួល «ឈ្នួលនៃអំពើបាប»។ គេនឹងទទួលទណ្ឌកម្ម «តាមការប្រព្រឹត្តរបស់ខ្លួន» ហើយបញ្ចប់នៅក្នុង «សេចក្តីស្លាប់ទីពីរ»។
ដោយព្រោះព្រះពុំអាចជួយសង្គ្រោះបាបជនដែលស្ថិតនៅក្នុងបាបកម្មរបស់ខ្លួនបានទាល់តែសោះនោះ ទ្រង់បានហូតយកជីវិតរស់នៅពីគេ ព្រោះអំពើរំលងរបស់គេបានធ្វើឱ្យខ្លួនបាត់បង់ និងដោយព្រោះគេបានបង្ហាញ ថាខ្លួនគេពុំគួរនឹងទទួលអ្វីសោះឡើយ។ «ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើអ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។ គេ «នឹងត្រឡប់ដូចជាមិនដែលកើតមក»។ ទំនុកតំកើង ៣៧:១០; អូបាឌា ១៦។ គេលិចទៅក្នុងសេចក្តីបាត់បង់សូន្យឈឹងដែលគ្មានទីសង្ឃឹមអស់កល្បជានិច្ច។
នោះហើយជាទីបញ្ចប់នៃអំពើបាប។ «ទ្រង់បានបំផ្លាញពួកអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេឱ្យបាត់ជាដរាបរៀងទៅ។ ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច»។ ទំនុកតំកើង ៩:៥,៦។ ហោរាយ៉ូហាន នៅក្នុងគម្ពីរវិវរណៈ បានឮភ្លេងជាតិសកលច្រៀងសរសើរតម្កើងដោយឥត ច្រឡំចង្វាក់ដល់បន្តិចឡើយ។ គ្មានព្រលឹងបាត់បង់ណាមួយជេរប្រមាថដល់ព្រះនាមព្រះ ក្នុងពេលដែលគេកំពុងរមួលខ្លួនទៅក្នុងទារុណកម្មដ៏មិនចេះចប់នោះឡើយ។ គ្មានអ្នកខូចបង់ណាដែលនៅក្នុងនរក នឹងស្រែកថ្ងូរលាយឡំជាមួយចម្រៀងនៃពួកអ្នកបានសង្គ្រោះសោះឡើយ។
ក្នុងលទ្ធិខុសឆ្គងនៃភាពអមតៈជាធម្មជាតិ គឺគោលលទ្ធិនៃការយល់ដឹងក្នុងសេចក្តីស្លាប់។ ក៏ដូចគ្នានឹងទារុណកម្មអស់កល្បជានិច្ចដែរ គឺឃើញថា ទាស់ទទឹងនឹងបទគម្ពីរ ហេតុផល និងអារម្មណ៍មនុស្សជាតិរបស់យើងផងដែរ។
យោងទៅតាមជំនឿដែលគេនិយមជឿវិញ ពួកអ្នកប្រោសលោះនៅស្ថានសួគ៌ បានសុាំជាមួយនឹងអ្វីៗដែលកើតឡើងនៅផែនដីហើយ។ ប៉ុន្តែ ធ្វើដូចម្តេចឱ្យពួកស្លាប់មានសេចក្តីសប្បាយរីករាយទៅបាន កាលបើគេដឹងនូវបញ្ហាស្មុគស្មាញរបស់មនុស្សរស់ ឃើញគេកំពុងទ្រាំទ្រចំពោះទុក្ខវេទនា ការខកចិត្ត និងការឈឺចាប់នៃជីវិតនោះ? តើគួរឱ្យខ្ពើមរអើមយ៉ាងណាទៅ ចំពោះជំនឿដែលថា ដរាបណាដង្ហើមចាកចេញពីរូបកាយហើយ ព្រលឹងដែលពុំបានប្រែចិត្តត្រូវបញ្ជូនទៅកាន់ភ្លើងនរកភ្លាមនោះ?
តើបទគម្ពីរចែងដូចម្តេច? មនុស្សពុំដឹងអ្វីទេនៅពេលស្លាប់៖ «គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាធូលីដីវិញ នៅថ្ងៃនោះឯងអស់ទាំងគំនិតរបស់គេ ក៏សូន្យបាត់ទៅ»។ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ...។ សេចក្តីស្រឡាញ់ សេចក្តីសម្អប់ និងសេចក្តីឈ្នានីសរបស់គេ ក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណាក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃ ជាដរាបទៅមុខដែរ»។ «ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកទ្រង់មិនបាន ហើយសេចក្តីស្លាប់ក៏នឹងអួតសរសើរទ្រង់មិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្តីពិតរបស់ទ្រង់មិនបានឡើយ។ ឯមនុស្សរស់ គឺមនុស្សរស់ហើយដែលនឹងសរសើរដល់ទ្រង់ដូចជាទូលបង្គំនៅថ្ងៃនេះដែរ»។ «ដ្បិតក្នុងមរណភាព គ្មានសេចក្តីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់?» ទំនុកតំកើង ១៤៦:៤; សាស្តា ៩:៥,៦; អេសាយ ៣៨:១៨,១៩; ទំនុកតំកើង ៦:៥។
នៅថ្ងៃបុណ្យទី៥០ ពេត្រុសបានបញ្ជាក់ថា ស្តេចដាវីឌ «បានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏បាននៅជាមួយយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ»។ «ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ»។ កិច្ចការ ២:២៩,៣៤។ ការពិតដែលស្តេចដាវីឌស្ថិតនៅក្នុងផ្នូរ រហូតដល់គ្រារស់ឡើងវិញជាភ័ស្តុតាងថា ពួកសុចរិតមិនទៅស្ថានសួគ៌នៅពេលស្លាប់ទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣