ថ្ងៃព្រហស្បតិ៍ ទី​២ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ។ រ៉ូម ៥:៣-៥

សេចក្តីមិនស្កប់បានក្លាយទៅជាអំពើបះបោរយ៉ាងសកម្ម

ក្នុងព្រះតម្រិះប្រាជ្ញារបស់ព្រះ ទ្រង់បានអនុញ្ញាតឱ្យសាតាំងបន្តកិច្ចការរបស់វា រហូតដល់សេចក្តីមិនស្កប់ចិត្តបានធំលូតលាស់ដល់មានការបះបោរ។ នេះជាការចាំបាច់មួយ ដើម្បីទុកឱ្យគម្រោងការរបស់វាបានពេញរូបរាងឡើង ប្រយោជន៍​ឱ្យទាំងអស់គ្នាបានឃើញនិស្ស័យពិតប្រាកដរបស់វា។ ពពួកទេវបុត្រនៃស្ថានសួគ៌ស្រឡាញ់លូស៊ីហ្វ័រខ្លាំងណាស់ ហើយវាក៏មានអនុភាពលើគេណាស់ដែរ។ ព្រះពុំគ្រាន់តែគ្រប់គ្រងលើពួកអ្នករស់នៅស្ថានសួគ៌ប៉ុណ្ណោះទេ តែលើអស់ទាំងពិភពដែលទ្រង់បានបង្កើតមកផង ហើយសាតាំងបានគិតថា ប្រសិនបើអាចនាំពួកទេវតាជាមួយវាក្នុងការប្រឆាំងនោះ វាក៏នឹងអាចកាន់ពិភពដទៃទៀតបានដែរ។ ដោយប្រើកលល្បិច និងការបន្លំអំណាចបោកបញ្ឆោតរបស់វាគឺខ្លាំងណាស់។ សូម្បីតែពួកទេវតាដែលស្មោះត្រង់នោះ ក៏ពុំអាចយល់ពីចរិតរបស់វាបានពេញលក្ខណៈ ឬដឹងថាកិច្ចការរបស់វានោះនឹងកើតទៅជាអ្វីដែរ។

គេបានគោរពសាតាំងខ្លាំងណាស់ ហើយអស់ទាំងការប្រព្រឹត្តរបស់វាត្រូវបានបិទបាំងដោយអាថ៌កំបាំង ធ្វើឱ្យពិបាកនឹងបើកឱ្យពួកទេវតាឃើញនូវនិស្ស័យពិតប្រាកដ។ បើមិនបានពេញរូបរាងពិតប្រាកដទេ បាបមិនមែនមើលទៅឃើញអាក្រក់ដូច្នោះឡើយ។ ពួកទេវតាពុំបានយល់នូវផលវិបត្តិនៃការផាត់ចោលក្រឹត្យវិន័យដ៏ពិសិដ្ឋទេ។ មុនដំបូងសាតាំងបានអះអាងថា វាស្វះស្វែងចង់លើកតម្កើងកិត្តិយសរបស់ព្រះ និងរកប្រយោជន៍សម្រាប់អស់អ្នករស់នៅស្ថានសួគ៌។

ក្នុងការដោះស្រាយអំពើបាប ព្រះអាចប្រើបានតែសេចក្តីសុចរិត និងសេចក្តីពិតទេ។ សាតាំងអាចប្រើនូវអ្វីដែលព្រះប្រើពុំបាន ពោលគឺសេចក្តីបញ្ជោរ និងសេចក្តីបញ្ឆោត។ ចរិតពិតប្រាកដនៃមេដណ្តើមអំណាចនេះត្រូវតែបានយល់ដោយសត្វលោកទាំងអស់។ ត្រូវ​​​​​ឱ្យពេលវេលាដល់វាដើម្បី​ឱ្យវាសម្តែងខ្លួនដោយអំពើទុច្ចរិតរបស់វា។

រី​ឯសេចក្តីមិនស្របគ្នាដែលវាបានបង្កើតឡើងនៅស្ថានសួគ៌នោះ វាបានចោទទៅលើព្រះវិញ។ អស់ទាំងអំពើអាក្រក់ទាំងប៉ុន្មាន វាបានប្រកាសថា ជាលទ្ធផលនៃការចាត់ចែងរបស់ព្រះ។ ដូច្នេះ ជាការចាំបាច់ណាស់ដែលត្រូវឱ្យវាសម្តែងផលផ្លែនៃការផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះដែលវាបានលើកមក។ កិច្ចការរបស់វាត្រូវផ្ចាញ់ផ្ចាលវា។ ពិភពលោកទាំងមូលត្រូវឃើញមេបញ្ឆោត។

សូម្បីតែនៅពេលបានសម្រេចថា វាមិនគួរនៅស្ថានសួគ៌ទៀតក៏ដោយ ព្រះដ៏មានតម្រិះប្រាជ្ញាគ្មានទីបំផុត ពុំបានបំផ្លាញសាតាំងទេ។ សេចក្តីស្មោះត្រង់នៃរាស្ត្ររបស់ព្រះ ត្រូវតែស្ថិតនៅលើការយល់ដឹងជាក់ច្បាស់នូវសេចក្តីយុត្តិធម៌របស់ទ្រង់។ បើប្រហារជីវិតសាតាំងនៅពេលនោះ អស់អ្នករស់នៅក្នុងស្ថានសួគ៌ និងស្ថានដទៃទៀតនឹងពុំអាចឃើញយុត្តិធម៌ និងមេត្តាធម៌របស់ព្រះបានឡើយ ដោយពួកគេពុំមានការឈ្វេងយល់អំពីផលវិបត្តិនៃបាបកម្ម ព្រោះពុំដែលបានប្រទះពីមុនមក។ បើបំបាត់វាមិនឱ្យមានតទៅទៀត នោះពួកគេនឹងបម្រើព្រះ​ដោយសេចក្តីភ័យខ្លាចជាជាងដោយសេចក្តីស្រឡាញ់។ ឥទ្ធិពលនៃមេបញ្ឆោតនឹងមិនបានវិនាសទាំងស្រុងទេ ហើយកិរិយានៃសេចក្តីប្រឆាំងក៏មិនបានបាត់សូន្យឈឹងដែរ។ ដើម្បីជាប្រយោជន៍ដល់ពិភពសកលតាមសម័យដ៏អស់កល្បនោះសាតាំងត្រូវគ្រោង ការរបស់វាឱ្យបានពេញលេញថែមទៀត ដើម្បីឱ្យអស់ទាំងរូបអង្គដែលត្រូវបានបង្កើតមក ឃើញក្នុងពន្លឺដ៏ពិតនូវសេចក្តីចោទប្រកាន់នឹងការគ្រប់គ្រងរបស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាលដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ។ រ៉ូម ៥:១២

Powered by CAM