ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។ ហេព្រើរ ១៣:៦
សាវ័កប៉ុលមានប្រសាសន៍ថា៖ «ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ ហើយអ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ»។ កូរិនថូសទី១ ១៥:១៦-១៨។ ប្រសិនបើ៤០០០ឆ្នាំ មកហើយពួកសុចរិតបានឡើងទៅស្ថានសួគ៌នៅពេលស្លាប់ទៅ ធ្វើដូចម្តេចឱ្យសាវ័កប៉ុលនិយាយថា ប្រសិនបើគ្មានសេចក្តីរស់ឡើងវិញទេ «អស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ»បាន?
នៅពេលរៀបចាកចេញអំពីពួកសិស្ស ព្រះយេស៊ូវពុំបានប្រាប់ពួកគេ ថា ពួកគេនឹងមកឯទ្រង់ក្នុងពេលឆាប់ៗនោះទេ៖ «ខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា» ទ្រង់មានបន្ទូល។ «បើខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ»។ យ៉ូហាន ១៤:២,៣។ សាវ័ក ប៉ុលប្រាប់យើងរាល់គ្នាទៀតថា «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឱ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះយើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ លោកបន្ថែមទៀតថា «ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»។ ថែស្សាឡូនីចទី១ ៤:១៦-១៨។ នៅពេលព្រះអង្គយាងមក គម្របផ្នូរនឹង របើកឡើង ហើយ «ពួកស្លាប់ក្នុងព្រះគ្រីស្ទ» នឹងបានរស់ឡើងឱ្យមានជីវិតអស់កល្បជានិច្ច។
ទាំងអស់គ្នានឹងត្រូវជំនុំជម្រះទៅតាមការដែលកត់ទុកនៅក្នុងបញ្ជី ហើយនិងបានទទួលរង្វាន់ទៅតាមការដែលខ្លួនបានធ្វើ។ ការជំនុំជម្រះនេះពុំបានអនុវត្តនៅពេលស្លាប់ទេ។ «ទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជម្រះលោកីយ៍ដោយយុត្តិធម៌»។ «មើលព្រះអម្ចាស់ទ្រង់យាងមកនៅកណ្តាលពួកបរិសុទ្ធទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់មនុស្សទាំងអស់»។ កិច្ចការ ១៧:៣១; យូដាស ១៤,១៥។
ប៉ុន្តែ ប្រសិនបើពួកស្លាប់កំពុងអរសប្បាយនៅស្ថានសួគ៌ ឬក៏កំពុងរមួលខ្លួននៅក្នុងភ្លើងនរកទៅហើយនោះ មានត្រូវការសេចក្តីជំនុំជម្រះនៅក្នុងអនាគតកាលធ្វើអ្វីទៀត? ព្រះបន្ទូលព្រះអាចយល់បានដោយគំនិតមនុស្សសាមញ្ញ។ តែចំណែកគំនិតត្រង់ៗវិញ តើគេអាចមើលឃើញតម្រិះ ប្រាជ្ញា ឬក៏សេចក្តីយុត្តិធម៌នៅក្នុងទ្រឹស្តីបច្ចុប្បន្ននេះឬទេ? តើពួកសុចរិតនឹងទទួលការសរសើរថា «ប្រពៃហើយបាវល្អស្មោះត្រង់អើយ...ចូរឱ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ» ក្នុងពេលដែលគេបានស្នាក់នៅចំពោះព្រះភ័ក្ត្រទ្រង់ដ៏យូរលង់ហើយនោះឬ? តើពួកអាក្រក់នឹងត្រូវកោះហៅចេញអំពីទារុណកម្ម ដើម្បីទទួលការកាត់ទោសពីព្រះដ៏ជាអ្នកកាត់ក្តីដែលថា «អ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច» ដូច្នោះឬ? ម៉ាថាយ ២៥:២១,៤១។
ទ្រឹស្តីនៃអមតភាពរបស់ព្រលឹង គឺជាគោលលទ្ធិមួយក្នុងអស់ទាំងគោលលទ្ធិខុសឆ្គងទាំងឡាយដែលរ៉ូមបានចម្លងមកពីសាសនាដទៃ។ លោកលូធើរបានរាប់គោលលទ្ធិនេះថាជា «រឿងល្បើកដ៏មហាកំភូតដែលបង្កើតជាផ្នែកនៃបទបញ្ជាគម្រក់របស់រ៉ូម»។១ ព្រះគម្ពីរបង្រៀនថា ពួកស្លាប់នឹងដេកលក់រហូតដល់មានសេចក្តីរស់ឡើងវិញ។
អ្នកសុចរិតដែលហត់នឿយ សម្រាន្តដោយសុខសាន្ត! ទោះយូរឬ ឆាប់ក្តី ចំពោះគេដូចជាមួយភ្លែតប៉ុណ្ណោះ។ គេបានដេកលក់ រួចហើយនឹងត្រូវបានដាស់ឡើងដោយសំឡេងត្រែរបស់ព្រះទៅកាន់អមតភាពដ៏រុងរឿង។ «ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញមិនពុករលួយទៀតឡើយ...។ កាលណារូបកាយពុករលួយនេះបានប្រដាប់ដោយសេចក្តីមិន ពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រកបដោយសេចក្តី មិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យថា ‘សេចក្តីជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ‘»។ កូរិនថូសទី១ ១៥:៥២-៥៤។
គេត្រូវបានហៅចេញពីដំណេកដ៏លង់លក់របស់ខ្លួន ហើយក៏ចាប់ផ្តើមគិតដូចនៅពេលដែលទើបតែស្លាប់ទៅ។ ការចាប់អារម្មណ៍ចុងក្រោយបង្អស់ គឺជាការឈឺចាប់នៃសេចក្តីស្លាប់ ការគិតចុងក្រោយ គឺនៅពេលដែលគេធ្លាក់ទៅក្នុងអំណាចរបស់ផ្នូរខ្មោច។ នៅពេលក្រោកឡើងពីផ្នូរវិញ គំនិតដ៏រីករាយជាដំបូងបង្អស់ គឺជាសំឡេងបំពងនៅក្នុងសម្រែកជ័យជម្នះថា៖ «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា? ឱផ្នូរអើយ សេចក្តីជ័យជម្នះឯងនៅឯណា?» កូរិនថូសទី១ ១៥:៤៥។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣