ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្តីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង។ ហេព្រើរ ១៣:៧
គោលលទ្ធិនៃអមតភាពធម្មជាតិ គឺបានចម្លងមកពីទស្សនវិទ្យានៃសាសនាដទៃ ហើយក្នុងភាពងងឹតនៃការងាកចេញពីជំនឿយ៉ាងខ្លាំងនោះ គេក៏បានបញ្ចូលលទ្ធិនេះទៅក្នុងជំនឿគ្រីស្ទសាសនា ហើយក៏លុបលើសេចក្តីពិតដែលចែងថា «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ សាស្តា ៩:៥។ មនុស្សជាច្រើនជឿថា វិញ្ញាណនៃអ្នកស្លាប់ គឺជាវិញ្ញាណបម្រើដែលទ្រង់ចាត់មកសម្រាប់ជួយដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមត៌ក។ ហេព្រើរ ១:១៤។
ជំនឿដែលថា វិញ្ញាណនៃអ្នកស្លាប់ទាំងឡាយត្រឡប់មកបម្រើដល់អ្នកនៅរស់នោះបានរៀបចំផ្លូវសម្រាប់វិញ្ញាណខន្ធនិយម។ បើអ្នកស្លាប់បានមានបុព្វសិទ្ធិនឹងទទួលតម្រិះប្រាជ្ញាលើសកាលដែលគេមានពីមុនទៅទៀតនោះ ហេតុអ្វីបានជាមិនត្រឡប់មកផែនដី ហើយបង្គាប់អ្នកនៅរស់ទៅ? បើវិញ្ញាណនៃអ្នកស្លាប់សំកាំងលើមិត្តភក្តិនៅលើផែនដីនេះ ហេតុអ្វីបានជាមិននិយាយឆ្លងឆ្លើយនឹងគេទៅ? តើឱ្យអ្នកដែលជឿថាមនុស្សស្លាប់នៅមានស្មារតីដឹងខ្លួនក្នុងសេចក្តីស្លាប់ បដិសេធអ្វីដែលគេហៅថាពន្លឺស័ក្តិសិទ្ធិ ដែលពួក វិញ្ញាណខ្ពង់ខ្ពស់ធ្វើការទាក់ទងជាមួយនឹងគេម្តេចបាន? នេះគឺជាខ្សែរយៈ មួយដែលគេចាត់ទុកថាជាបរិសុទ្ធ ហើយសាតាំងប្រើខ្សែរយៈនេះឯង។ ទេវតាដែលបានទម្លាក់ចុះពីស្ថានសួគ៌ លេចមកដូចជាអ្នកនាំសារពីពិភពវិញ្ញាណ។
ស្តេចនៃសេចក្តីអាក្រក់មានអំណាចនឹងនាំមកនៅចំពោះមនុស្សនូវរូបរាងនៃមិត្រដែលបានលាចាកលោកីយ៍ទៅហើយ។ ការក្លែងបន្លំនេះ គឺដូចឥតខ្ចោះ ប្រឌិតឡើងវិញដោយភាពយ៉ាងច្បាស់អស្ចារ្យ។ ភាគច្រើនត្រូវបានធូរចិត្ត ដោយដឹងថាអ្នកដែលគេស្រឡាញ់កំពុងតែសប្បាយរីករាយនៅស្ថានសួគ៌។ គេយកត្រចៀក «ស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស» ដោយគ្មានសង្ស័យពីសេចក្តីគ្រោះថ្នាក់សោះ។ ធីម៉ូថេទី១ ៤:១។
អ្នកដែលស្លាប់ទៅដោយមិនបានប្រុងប្រៀបអះអាងថាបានសុខសប្បាយ ហើយទទួលតំណែងខ្ពង់ខ្ពស់នៅស្ថានសួគ៌ទៀតផង។ បន្ទាប់មក នៅពេលគេទុកចិត្តពួកវាហើយ វាបង្ហាញគោលលទ្ធិដែលរំលើងបទគម្ពីរវិញ។ ការដែលពួកវាថ្លែងសេចក្តីពិតខ្លះៗ ហើយជួនកាលទាយព្រឹត្តិការណ៍នៅអនាគតកាលនោះ ធ្វើឱ្យគេមើលទៅទំនងទុកចិត្តបាន ហើយក៏ទទួលសេចក្តីបង្រៀនក្លែងក្លាយរបស់វា។ គេបំភ្លេចក្រឹត្យវិន័យរបស់ព្រះ ទាំងស្អប់ព្រះវិញ្ញាណនៃព្រះគុណផង។ វិញ្ញាណទាំងនោះបដិសេធថាព្រះគ្រីស្ទ ពុំមែនជាព្រះ ហើយដាក់ព្រះអាទិករស្មើនឹងពួកវាដែរ។
ជាការពិតមួយដែលជាញយៗ ផលនៃល្បិចបញ្ឆោតត្រូវបានបន្លំថាជាការសម្តែងពិតប្រាកដ ហើយពួកទេវតាអាក្រក់ក៏បង្ហាញអំណាចអធិធម្មជាតិដ៏អស្ចារ្យរបស់វាក្នុងពេលជាមួយគ្នាផងដែរ។ មនុស្សភាគច្រើនជឿថា វិញ្ញាណខន្ធនិយមគឺគ្រាន់តែជាការក្លែងបន្លំរបស់មនុស្សប៉ុណ្ណោះ។ តែនៅពេលគេឃើញការសម្តែងផ្ទាល់ភ្នែក គេនឹងជឿថាជាការហួសវិស័យធម្មជាតិ ហើយគេនឹងត្រូវចាញបញ្ឆោត ព្រមទាំងជឿការទាំងនោះថាជាមហិទ្ធិឫទ្ធិ របស់ព្រះវិញ។
ពួកគ្រូមន្តអាគមនៃស្តេចផារ៉ោន បានបន្លំកិច្ចការរបស់ព្រះដោយជំនួយរបស់សាតាំង។ សូមអាននិក្ខមនំ ៧:១០-១២។ សាវ័កប៉ុលបានធ្វើទី បន្ទាល់ថា ព្រះអម្ចាស់នឹងយាងមកបន្ទាប់ពីការ «ធ្វើការដូចជាអារក្សសាតាំងដោយនូវគ្រប់ទាំងឫទ្ធិ ទីសម្គាល់ និងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត»។ ថែស្សាឡូនីចទី២ ២:៩,១០។ ឯសាវ័កយ៉ូហានបានថ្លែងថា៖ «វានឹងធ្វើទីបន្ទាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើ ឱ្យធ្លាក់ទាំងភ្លើងពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង។ វា បញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសម្គាល់ដែលវាមានអំណាចនឹងធ្វើ»។ វិវរណៈ ១៣:១៣,១៤។ គ្មានអ្នកក្លែងបន្លំណាបានទាយទុកក្នុងសេចក្តីខាងលើនេះទេ។ ពួកមនុស្សត្រូវភាន់ច្រឡំដោយការអស្ចារ្យដែលភ្នាក់ងារ របស់សាតាំងធ្វើ ពុំមែនដោយអ្វីដែលពួកគេធ្វើដោយពុតត្បុតនោះទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣