ថ្ងៃពុធ ទី២២​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ។ ហេព្រើរ ១៣:៨

សំណូមពររបស់សាតាំងដល់អ្នកមានប្រាជ្ញា

ចំពោះមនុស្សដែលមានវប្បធម៌ និងអាកប្បកិរិយានឹងធឹងវិញ ស្តេចនៃសេចក្តីងងឹត សម្តែងវិញ្ញាណខន្ធនិយម ក្នុងទិដ្ឋភាពដ៏កាន់តែប្រសើរឡើង និងដ៏ប្រកបដោយប្រាជ្ញាថែមទៀត។ វាប្រើទស្សនីយភាពដ៏គួរឱ្យចាប់ចិត្ត និងការពិពណ៌នាហូរហែអំពីស្នេហា និងសប្បុរសធម៌ ដើម្បីធ្វើឱ្យចិត្ត នឹកវិលវល់នឹងរបស់ទាំងនោះ។ វានាំមនុស្សឱ្យមានអំនួតយ៉ាងខ្លាំងចំពោះ ប្រាជ្ញារបស់ខ្លួនរហូតដល់ចិត្តគេស្អប់ព្រះដែលមានព្រះជន្មអស់កល្បជានិច្ច។

សាតាំងបញ្ឆោតមនុស្សក្នុងពេលឥឡូវ ដូចជាវាបញ្ឆោតនាងអេវ៉ា ក្នុងសួនអេដែនដូច្នោះដែរ ដោយធ្វើឱ្យចិត្តរំជួលចង់តម្កើងខ្លួនឯង។ «អ្នកនឹងបានដូចជាព្រះដែរ» វាពោលឡើង «ព្រមទាំងដឹងការខុសត្រូវផង»។ លោកុប្បត្តិ ៣:៥។ វិញ្ញាណខន្ធនិយមបង្រៀនថា «មនុស្សគឺជាសត្វនៃការវិវឌ្ឍ...ទៅជាព្រះ»។ ហើយមួយសោតទៀតថា៖ «ការជំនុំជម្រះនឹងបានត្រឹមត្រូវ ពីព្រោះជាការជំនុំជម្រះដល់ខ្លួនឯង...។ បល្ល័ង្កគឺនៅក្នុងខ្លួនអ្នក»។ ហើយម្នាក់ទៀតថ្លែងថា៖ «មនុស្សណាដែលយុត្តិធម៌ ហើយគ្រប់ខ្នាត គឺជាព្រះគ្រីស្ទហើយ»។

ដូច្នេះ សាតាំងបានប្តូរយកនិស្ស័យមានបាបរបស់មនុស្ស មកធ្វើជាច្បាប់វិនិច្ឆ័យតែមួយគត់វិញ។ នេះគឺជាការវិវឌ្ឍហើយ មិនមែនទៅលើទេ តែទៅក្រោមវិញ។ មនុស្សនឹងមិនចម្រើនខ្ពស់ជាងខ្នាតនៃសេចក្តីបរិសុទ្ធ និងសេចក្តីល្អរបស់គេបានឡើយ។ ប្រសិនបើគេគិតថាខ្លួនគេជាកំពូលខ្ពង់ខ្ពស់បំផុតនោះ គេនឹងមិនទទួលអ្វីខ្ពស់ជាងនោះទៅទៀតសោះឡើយ។ មានតែព្រះគុណរបស់ព្រះតែមួយគត់ប៉ុណ្ណោះដែលមានអំណាចលើកតម្កើងមនុស្សបាន។ បើទុកឱ្យនៅតែឯងដំណើររបស់គេគឺត្រូវតែចុះក្រោម។

ការទាក់ចិត្តដល់អ្នកស្រឡាញ់អំពើភ្លើតភ្លើន

ចំពោះអ្នកបណ្តោយខ្លួន អ្នកស្រឡាញ់អំពើភ្លើតភ្លើង និងអ្នកត្រេកត្រអាលកាមតណ្ហា វិញ្ញាណខន្ធនិយមពុំសូវសម្តែងការបន្លំដ៏ប៉ិនប្រសប់ទេ។ នៅក្នុងទម្រង់ទាំងមូលវិញ គេរកអ្វីដែលសមស្របទៅតាមការលំអៀងរបស់ខ្លួន។ សាតាំងសម្គាល់គ្រប់ទាំងបាបកម្មដែលបុគ្គលម្នាក់ៗរមែងប្រព្រឹត្ត ហើយវាធ្វើយ៉ាងម៉េច ដើម្បីឱ្យឱកាសនោះមកដល់ ដើម្បីបំប៉នចិត្តដែលលំអៀងនោះ។ វាបានល្បួងមនុស្សតាមសេចក្តីឥតប្រមាណ ដើម្បីធ្វើឱ្យខ្សោយអានុភាពខាងផ្លូវកាយ ផ្លូវចិត្ត និងសីលធម៌។ វាបំផ្លាញមនុស្សរាប់ពាន់នាក់ តាមការបណ្តោយតាមតណ្ហា ធ្វើឱ្យខូចនិស្ស័យទាំងមូលអស់ទៅ។ ហើយដើម្បីបញ្ចប់កិច្ចការរបស់វា វិញ្ញាណទាំងឡាយថ្លែងថា៖ «តម្រិះប្រាជ្ញាពិតប្រាកដដាក់មនុស្សខ្ពស់ជាងអស់ទាំងច្បាប់» ហើយ «អ្វីៗគឺត្រូវទាំងអស់» ហើយថា «ព្រះទ្រង់មិនប្រកាន់ទោសអ្វីទេ» ព្រមទាំងថា «អស់ទាំងអំពើបាប ...គឺឥតមានកំហុសអ្វីសោះ»។ នៅពេលមនុស្សជឿថា សេចក្តីប្រាថ្នាគឺជាច្បាប់ខ្ពស់បំផុត ហើយសេរីភាពគឺជាការធ្វើតាមអំពើចិត្ត ហើយថាមនុស្ស មានការទទួលខុសត្រូវសម្រាប់តែខ្លួនឯងនោះ តើមាននរណាអាចឆ្ងល់ថា អំពើពុករលួយមាននៅគ្រប់គ្នាបាន? មនុស្សជាច្រើនបណ្តែតអារម្មណ៍តាមកាមតណ្ហាដោយមិនអល់អែកឡើយ។ សាតាំងក៏ប្រមូលមនុស្សរាប់ពាន់នាក់ដែលអះអាងថាដើរតាមព្រះគ្រីស្ទមកក្នុងសំណាញ់របស់វា។

ប៉ុន្តែ ព្រះបានប្រទានពន្លឺគ្រប់គ្រាន់ហើយ ដើម្បីឱ្យរកឃើញអន្ទាក់នោះ។ គ្រឹះនៃវិញ្ញាណខន្ធនិយម គឺធ្វើសង្គ្រាមទាស់នឹងបទគម្ពីរតែម្តង។ ព្រះគម្ពីរចែងថាមនុស្សស្លាប់ឥតដឹងអ្វីសោះឡើយ គំនិតរបស់គេបានសាបសូន្យទៅ ហើយគេគ្មានចំណែកអ្វីក្នុងសេចក្តីសប្បាយ ឬសេចក្តីទុក្ខសោករបស់អ្នកនៅផែនដីឡើយ។

មួយទៀតសោត ព្រះបានហាមមិនឱ្យនិយាយឆ្លងឆ្លើយដោយធ្វើពុតជាមួយវិញ្ញាណដែលបានឃ្លាតចាកទៅហើយនោះឡើយ។ «វិញ្ញាណចម្លែកទាំងឡាយ» ដែលគេច្រើនតែហៅថាជាពួកអ្នកមកពីពិភពដទៃនោះ គឺមានចែងនៅក្នុងព្រះគម្ពីរថាជា «វិញ្ញាណនៃពួកអារក្ស»។ សូមអានជនគណនា ២៥:១៣; ទំនុកតំកើង ១០៦:២៨; កូរិនថូសទី១ ១០:២០; វិវរណៈ ១៦:១៤។ ការប្រស្រ័យទាក់ទងជាមួយវាត្រូវបានហាមប្រាមក្រោមពិន័យដល់ស្លាប់។ លេវីវិន័យ ១៩:៣១; ២០:២៧។ ប៉ុន្តែ វិញ្ញាណខន្ធនិយមបានជ្រាបចូលដល់មជ្ឈដ្ឋានវិទ្យាសាស្ត្រ លុកលុយព្រះវិហារហើយបានចូលដល់នីតិបញ្ញត្តិ ទាំងដល់ក្រុមប្រឹក្សាស្តេចផង។ សេចក្តីបញ្ឆោតដ៏មហិមានេះ គឺជាការរស់ឡើងវិញក្នុងសេចក្តីបន្លំថ្មីនៃអំពើអាបធ្មប់ដែលគេបានកាត់ទោសវាយប្រហារកាលពីដើម។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣

Powered by CAM