ថ្ងៃព្រហស្បតិ៍ ទី២៣​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។ ហេព្រើរ ១៣:១៦

ដោយតំណាងសេចក្តីថោកទាបបំផុតរបស់មនុស្ស ដូចការដែលវាបានធ្វើនៅស្ថានសួគ៌ សាតាំងនិយាយទៅកាន់លោកីយ៍ថា៖ «ទោះបើអ្នកជឿ ឬមិនជឿព្រះ ឬព្រះគម្ពីរក៏ដោយ ចូររស់នៅតាមតែអំពើចិត្តចុះ ព្រោះស្ថានសួគ៌គឺជាផ្ទះរបស់អ្នកហើយ»។ ព្រះបន្ទូលរបស់ព្រះបានចែងមកថា៖ «វេទនាដល់ពួកអ្នកដែលរាប់សេចក្តីអាក្រក់ថាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត»។ អេសាយ ៥:២០។

ព្រះគម្ពីរត្រូវបានតំណាងថាជារឿងប្រឌិត

ពួកវិញ្ញាណកុហកបានមួលបង្កាច់នូវអ្វីដែលពួកសាវ័កបានសរសេរកាលគេរស់នៅលើផែនដីនេះ។ សាតាំងកំពុងធ្វើឱ្យពិភពលោកជឿថា ព្រះគម្ពីរគឺជារឿងប្រឌិតដែលជាសៀវភៅសម្រាប់ទារកនៃពូជសាសន៍ ប៉ុន្តែ ឥឡូវវាផុតសម័យហើយ។ សៀវភៅដែលនឹងកាត់ទោសវា និងពួកអ្នកតាមវា វាបានដាក់នៅក្នុងទីងងឹត រី​ឯព្រះអង្គសង្គ្រោះនៃពិភពលោកវិញ វាបានធ្វើ​ឱ្យគេមើលមកទ្រង់ថា គ្មានអ្វីលើសមនុស្សសាមញ្ញឡើយ។ ហើយអ្នកជឿខាងការសម្តែងព្រលឹងវិញ្ញាណ ខំធ្វើឱ្យមើលទៅឃើញថា ក្នុងព្រះជន្មនៃព្រះ អង្គសង្គ្រោះ គឺគ្មានអ្វីអស្ចារ្យទាល់តែសោះ។ គេថ្លែងថា ការអស្ចារ្យរបស់គេ គឺខ្លាំងលើសកិច្ចដែលព្រះគ្រីស្ទបានប្រព្រឹត្តទៅទៀត។

ឥឡូវនេះ វិញ្ញាណខន្ធនិយមកំពុងបន្លំក្នុងវិស័យគ្រីស្ទាន។ ប៉ុន្តែ សេចក្តីបង្រៀនរបស់វា គឺមិនអាចបដិសេធ ឬលាក់បានឡើយ។ ទម្រង់របស់វា​នាបច្ចុប្បន្ននេះ គឺជាការបញ្ឆោតដ៏គ្រោះថ្នាក់ ហើយប៉ិនប្រសប់ជាងមុនទៅទៀត។ ឥឡូវវាអះអាងថាជឿព្រះគ្រីស្ទ និងព្រះគម្ពីរផង។ ប៉ុន្តែ គេបានបកស្រាយព្រះគម្ពីរក្នុងរបៀបដែលធ្វើឱ្យគាប់ចិត្តដល់អ្នកពុំទាន់ផ្លាស់ប្រែចិត្ត។ សេចក្តីស្រឡាញ់ត្រូវបានចាត់ទុកថាជាសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះ ប៉ុន្តែត្រូវបានបន្ទាបបន្ថោកទៅជាមនោសញ្ចេតនានិយមដ៏ខ្សោយទៅវិញ។ សេចក្តីប្រកាសរបស់ព្រះ ដើម្បីកាត់ទោសអំពើបាប និងសេចក្តីតម្រូវនៃក្រឹត្យវិន័យបរិសុទ្ធរបស់ទ្រង់ គឺត្រូវបានទុកផុតពីភ្នែក។ រឿងព្រេងទាំងឡាយបាននាំមនុស្សឱ្យបដិសេធថាព្រះគម្ពីរគឺពុំមែនជាគ្រឹះនៃជំនឿរបស់គេទេ។ គេបានបដិសេធព្រះគ្រីស្ទដូចកាលពីមុនដូច្នោះដែរ តែពុំបានយល់ដឹងពីសេចក្តីបោកបញ្ឆោតឡើយ។

មានមនុស្សតិចណាស់ដែលយល់ជ្រៅជ្រះ អំពីអំណាចបញ្ឆោតនៃវិញ្ញាណខន្ធនិយមនេះ។ ភាគច្រើនបានលូកលវា គ្រាន់តែដើម្បីបំបាត់សេចក្តីសង្ស័យប៉ុណ្ណោះ។ គេនឹងបានពេញទៅដោយសេចក្តីតក់ស្លុតជាខ្លាំង កាលបើដឹងថាកំពុងហុចខ្លួនឱ្យវិញ្ញាណទាំងនោះគ្រប់គ្រង។ ប៉ុន្តែ គេបានឆ្លងកាត់ទីហាមឃាត់ ហើយមេបំផ្លាញក៏ប្រើអំណាចរបស់វាទាស់នឹងទំនើងចិត្តរបស់គេ។ ឱ្យតែវាល្បួងចិត្តគំនិតរបស់គេឱ្យចុះចូលតាមសេចក្តីបញ្ជារបស់វាម្តងបានចុះ នោះវានឹងចាប់ពួកគេធ្វើជាឈ្លើយជាប្រាកដ។ ក្នុងការឆ្លើយតបដល់ការអធិស្ឋានដ៏អស់ពីចិត្តនោះ គឺគ្មានអំណាចអ្វីក្រៅពីអំណាចរបស់ព្រះទេ ទើបអាចរំដោះពួកគេទាំងនេះបាន។

អស់អ្នកដែលប្រព្រឹត្តអំពើបាបដោយចេតនានោះ គឺកំពុងអញ្ជើញសេចក្តីល្បួងរបស់សាតាំងហើយ។ គេញែកខ្លួនគេពីព្រះ និងពីការគាំពារនៃពួកទេវតារបស់ទ្រង់ផង ម៉្លោះហើយគេគ្មានអ្វីការពារខ្លួនសោះ។ «កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេង អ៊ិអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឱ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី? ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្តីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ»។ អេសាយ ៨:១៩,២០។

ប្រសិនបើមនុស្សបានមានចិត្តចង់ដឹងសេចក្តីពិតស្តីអំពីនិស្ស័យមនុស្ស និងស្ថានភាពនៃមនុស្សស្លាប់នោះ គេនឹងឃើញក្នុងវិញ្ញាណខន្ធ និយមនូវអំណាចរបស់សាតាំង និងការអស្ចារ្យក្លែងក្លាយទាំងអម្បាលម៉ាណជាមិនខាន។ ប៉ុន្តែ មនុស្សទាំងឡាយបិទភ្នែកមិនមើលពន្លឺឡើយ ហើយសាតាំងក៏ចាក់សំណាញ់វាជុំវិញពួកគេ។ «ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឱ្យគេបានសង្គ្រោះនោះ...ហេតុនោះបានជាព្រះទ្រង់នឹងឱ្យសេចក្តីខុសឆ្គងមកបណ្តាលឱ្យគេជឿតាមសេចក្តីភូតភរវិញ»។ ថែស្សាឡូនីចទី២ ២:១០,១១។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣

Powered by CAM