ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់។ ហេព្រើរ ១៣:១៨
អ្នកដែលប្រឆាំងនឹងវិញ្ញាណខន្ធនិយម គេមានកម្លាំងឈ្នះលើសាតាំង និងពួកទេវតារបស់វា។ សាតាំងនឹងមិនថយខ្លួនមួយចំអាមឡើយ លើកលែងតែនៅពេលពួកអ្នកនាំសារនៃស្ថានសួគ៌ដេញវាចេញ។ វាអាចដកស្រង់បទគម្ពីរ ហើយនិងបង្កាច់សេចក្តីបង្រៀននៅក្នុងបទគម្ពីរនោះទៀតផង។ អ្នកដែលស្ថិតនៅក្នុងជំនាន់គ្រោះថ្នាក់នេះ ត្រូវយល់ក្នុងខ្លួនអំពីទីបន្ទាល់នៃបទគម្ពីរ។
វិញ្ញាណអារក្សដែលក្លែងធ្វើជាញាតិសន្តាន ឬមិត្តភក្តិ នឹងលេចមក សូមឱ្យគេអាណិតហើយនឹងសម្តែងការអស្ចារ្យ។ យើងត្រូវទប់ទល់ពួកវាដោយសេចក្តីពិតក្នុងព្រះគម្ពីរដែលចែងថាមនុស្សស្លាប់ឥតដឹងអ្វីសោះ ហើយអ្នកដែលលេចមកនោះគឺជាវិញ្ញាណអារក្សទេ។
អស់អ្នកដែលមិនបានស្ថាបនាជំនឿលើព្រះបន្ទូលរបស់ព្រះ នឹងត្រូវបានគេបញ្ឆោត ហើយបរាជ័យទៅ។ សាតាំងវាប្រព្រឹត្តគ្រប់ទាំងអំពើឆបោក ដោយសេចក្តីទុច្ចរិត ហើយអំពើបោកបញ្ឆោតរបស់វានឹងកើនឡើង។ ប៉ុន្តែ អ្នកដែលស្វែងរកតម្រិះប្រាជ្ញានៃសេចក្តីពិត ហើយធ្វើឱ្យព្រលឹងបានបរិសុទ្ធដោយការស្តាប់បង្គាប់នោះ នឹងរកឃើញសេចក្តីការពារខ្លួនដ៏ជាក់លាក់ក្នុង ព្រះនៃសេចក្តីពិត។ ព្រះអង្គសង្គ្រោះនឹងបញ្ជូនគ្រប់ទាំងទេវតាពីស្ថានសួគ៌ មកការពាររាស្ត្រទ្រង់ជាជាងទុកឱ្យព្រលឹងមួយដែលទុកចិត្តទ្រង់ត្រូវចាញ់សាតាំង។ អ្នកដែលកំសាន្តខ្លួនដោយជឿជាក់ថាគ្មានទណ្ឌកម្មសម្រាប់អ្នកមានបាបដែលលះបង់សេចក្តីពិតដែលព្រះនៃនគរស្ថានសួគ៌បានប្រទានមកជាទីពំនាក់សម្រាប់ការពារថ្ងៃនៃសេចក្តីវឹកវរនោះ នឹងទទួលជឿសេចក្តីកុហករបស់សាតាំង ដែលជាអំពើពុតត្បុតនៃវិញ្ញាណខន្ធនិយមវិញ។
អ្នកសើចចំអកទាំងឡាយ គេចំអកដល់សេចក្តីចែងក្នុងបទគម្ពីរ ស្តីពីគម្រោងការនៃការសង្គ្រោះ ហើយនិងពៀរវេរាដែលធ្លាក់ដល់ពួកអ្នកបដិសេធសេចក្តីពិត។ គេបង្ហាញសេចក្តីអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកមានគំនិតរៀវ ទន់ខ្សោយ និងដល់ការចេះតែជឿតាម ដើម្បីគោរពតាមសេចក្តីតម្រូវនៃក្រឹត្យវិន័យរបស់ព្រះ។ មនុស្សចំអកទាំងនោះបានហុចខ្លួនគេឱ្យមេល្បួងទាំងស្រុងគេបានរួបរួមជាមួយវា ហើយផ្សំខ្លួនជាមួយវិញ្ញាណរបស់វាយ៉ាងជិតដិតរហូតដល់គ្មានការលំអៀងចង់បម្រះចេញពីអន្ទាក់របស់វាសោះឡើយ។
គ្រឹះនៃកិច្ចការរបស់សាតាំង គឺជាសេចក្តីធានាដែលបានបន្លឺដល់នាងអេវ៉ាក្នុងសួនអេដែនថា៖ «អ្នកមិនស្លាប់ជាពិត...»។ «នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ លោកុប្បត្តិ ៣:៤,៥។ ស្នាដៃនៃការបញ្ឆោតរបស់វានឹងបានប្រើក្នុងជំនាន់ចុងក្រោយទៀត។ ហោរាមានប្រសាសន៍ថា៖ «ខ្ញុំឃើញវិញ្ញាណអសោចបីដូចជាកង្កែប...ដ្បិតវិញ្ញាណទាំងនោះជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត»។ វិវរណៈ ១៦:១៣,១៤។
លោកីយ៍ទាំងមូលនឹងធ្លាក់ចូលក្នុងក្រុមនៃសេចក្តីបំភាន់នេះ លើកលែងតែអស់អ្នកដែលបានថែរក្សាដោយមហិទ្ធិឫទ្ធិរបស់ព្រះ តាមជំនឿក្នុងព្រះបន្ទូលទ្រង់ប៉ុណ្ណោះ។ ពួកមនុស្សត្រូវបានគេនាំឱ្យជឿដោយងាយដល់សន្តិសុខដ៏ប្រកបដោយគ្រោះថ្នាក់ ហើយមានតែការបង្អុរសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះទេ ទើបគេភ្ញាក់ដឹងខ្លួនឡើងវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣