ថ្ងៃសៅរ៍ ទី២៥​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៥) ​

សេរីភាពនៃសម្បជញ្ញៈស្ថិតក្នុងភាពគ្រោះថ្នាក់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣០

ឥឡូវនេះក្រុមប្រូតេស្តង់ ពេញចិត្តលទ្ធិរ៉ូមនិយមជាខ្លាំង លើសជាងឆ្នាំមុនៗទៅទៀត។ នៅក្នុងប្រទេសដែលលទ្ធិកាតូលិកនិយមយកផ្លូវសម្របសម្រួលមកបង្កើនឥទ្ធិពលនោះ កំណើនមតិភាគច្រើនយល់ថា ចំណុចសំខាន់ៗរបស់យើងមិនខុសស្រឡះពីគ្នា ដូចដែលបានស្មាននោះទេ ហើយថាបើម្នាក់ៗចុះចូលបន្តិចបន្តួចទៅ នោះនឹងនាំឱ្យយើងត្រូវគ្នានឹងរ៉ូមកាន់តែខ្លាំងឡើងថែមទៀត។ មានពេលមួយនោះ ពួកប្រូតេស្តង់បានបង្រៀនកូនចៅរបស់គេថា ការចុះសម្រុងនឹងរ៉ូម គឺជាការមិនស្មោះនឹងព្រះ។ ប៉ុន្តែ ឥឡូវនេះឃើញថា គេសម្តែងចិត្តគំនិតខុសពីមុនយ៉ាងស្រឡះ។

អ្នកការពារប្រព័ន្ទកាតូលិករ៉ូមពោលថា គេបាននិយាយបង្ខូចឈ្មោះព្រះវិហារ ហើយថា វាមិនយុត្តិធម៌ទេក្នុងការវាយតម្លៃវិហារក្នុងសម័យសព្វថ្ងៃនេះ ដោយលើកសំដៅទៅនឹងការកាន់អំណាចក្នុងអំឡុងសតវត្សនៃអវិជ្ជា និងភាពខ្មៅងងឹតនោះ។ គេបានដោះសាសេចក្តីឃោរឃៅដ៏សាហាវរបស់វិហារថា ជាអំពើល្ងង់ខ្លៅក្នុងសម័យនោះទៅវិញ។

តើមនុស្សទាំងនេះបានភ្លេចសេចក្តីអះអាងនៃភាពមិនចេះខុសដែលអំណាចនេះបន្លឺឡើងហើយឬអ្វី? រ៉ូមបានថ្លែងថា៖ «យោងទៅតាមបទគម្ពីរ វិហារមិនដែលខុសឡើយ ឬក៏នឹងខុសដែរ»។

វិហារកាតូលិកនឹងមិនដែលលះបង់នូវសេចក្តីអះអាងថាខ្លួនមិនចេះខុសនោះឡើយ។ ឱ្យតែសេចក្តីតឹងរ៉ឹងបានដកចេញឥឡូវដោយរដ្ឋាភិបាលលោកីយ៍ចុះ រ៉ូមនឹងយកអំណាចពីអតីតកាលមកកាន់ក្តាប់ជាមិនខាន ហើយក៏នឹងមានការងើបឡើងវិញយ៉ាងឆាប់រហ័សនូវអំណាចផ្តាច់ការ និងការធ្វើទុក្ខបុកម្នេញទៀតផង។

ជាការពិតណាស់ ដែលមានពួកគ្រីស្ទានពិតប្រាកដ ស្ថិតនៅក្នុងក្រុមជំនុំនៃវិហារកាតូលិករ៉ូម។ មានជនរាប់ពាន់នាក់ក្នុងវិហារនោះដែលបម្រើព្រះតាមតែអំពើដែលគេមាន។ ព្រះទ្រង់ទតមើលដល់ព្រលឹងទាំងនេះដោយសេចក្តីអាណិតមេត្តា ព្រោះគេបានទទួលការអប់រំក្នុងជំនឿដែលបំភាន់ និងមិនស្កប់ស្កល់។ ទ្រង់នឹងបណ្តាល​ឱ្យកាំរស្មីចាំងជះចូលមកក្នុងភពងងឹត ហើយភាគច្រើននឹងមកចូលរួមជាមួយនឹងរាស្ត្រទ្រង់។

ប៉ុន្តែ ក្នុងនាមជាប្រព័ន្ធមួយ លទ្ធិរ៉ូមនិយមឥតចុះសម្រុងជាមួយនឹងដំណឹងល្អនៃព្រះគ្រីស្ទក្នុងពេលឥឡូវជាងពេលពីមុនឡើយ។ វិហាររ៉ូមកំពុងប្រើឧបាយកលគ្រប់យ៉ាង ដើម្បីកាន់ក្តាប់ពិភពលោកឡើងវិញ និងដើម្បី បង្កើតការធ្វើទុក្ខទោសសាជាថ្មី ហើយនិងដើម្បីស្រាយនូវអ្វីដែលប្រូតេស្តង់និយមបានចង។ លទ្ធិកាតូលិកនិយមកំពុងបញ្ចេញសំឡេងខ្ទរខ្ទារគ្រប់ទីកន្លែង។ ចូរមើលទៅឯមហាវិទ្យាល័យ និងសិក្ខាសាលាទាំងឡាយរបស់គេដែលល្បីៗដែលពួកប្រូតេស្តង់បានជួយឧបត្ថម្ភគ្រប់ទិសទីចុះ។ ចូរមើលទៅឯវឌ្ឍនភាពនៃសក្ការពិធីនិយមក្នុងប្រទេសអង់គ្លេស និងកំណើនខាងជាន់ថ្នាក់នៃពួកកាតូលិកចុះ។

ការសម្រប និងការចុះចូល

ពួកប្រូតេស្តង់បានគាំទ្រលទ្ធិកាតូលិករ៉ូម។ គេបានធ្វើការសម្របសម្រួល និងការចុះចូលដែលធ្វើ​ឱ្យពួកកាតូលិកផ្ទាល់មានការភ្ញាក់ផ្អើល។ មនុស្សម្នាទាំងឡាយកំពុងតែបិទភ្នែករបស់ខ្លួនមិនមើលចរិតពិតប្រាកដនៃលទ្ធិរ៉ូមនិយមទេ។ ប្រជារាស្ត្រត្រូវតែនាំគ្នាជម្នះនឹងការជឿនទៅមុខនៃសត្រូវនេះដែលគ្រោះថ្នាក់ដល់សេរីភាពខាងស៊ីវិល និងខាងសាសនាទៀតផង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន។ យ៉ាកុប ១:២-៣

Powered by CAM