ថ្ងៃអាទិត្យ ទី២៦​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ យ៉ាកុប ១:៥

ថ្វីដ្បិតតែលទ្ធិរ៉ូមនិយមស្ថិតនៅលើសេចក្តីបោកបញ្ឆោតក៏ដោយ វាមិនជាច្រឡោះបោះ ឬឆ្គាំឆ្គងទេ។ សាសនកិច្ចនៃវិហាររ៉ូម គឺជាពិធីដ៏ឱឡារិកសម្បើមបំផុតមួយ។ ការតែងតាំងដ៏ល្អប្រណីត និងសាសនពិធីដ៏ផ្ចិតផ្ចង់ទាំងប៉ុន្មាន បានរំជើបរំជួលចិត្តរបស់ពួកបណ្តាជនក្រៃលែង ហើយធ្វើឱ្យគេគិតពិចារណាលែងបាន ព្រមទាំងធ្វើឱ្យសម្បជញ្ញៈស្ពឹកទៀតផង។ ភ្នែកត្រូវជាប់ស្នេហ៍។ វិហារដ៏រុងរឿងត្រចះត្រចង់ ការតម្រៀបជាជួរយ៉ាងគួរពេចពិលរមិលមើល អាសនាមាស ទីសក្ការបូជាដែលធ្វើពីគ្រឿងមាសពេជ្រ គំនូរដ៏ល្អប្រណីត និងរូបចម្លាក់ដ៏ល្អឆើតទាក់ភ្នែកអ្នកស្រឡាញ់សម្រស់ ណាស់។ ចំណែកឯភ្លេងតូរ្យតន្ត្រីវិញ គឺគ្មាននរណាអាចលើសបានឡើយ។ សំឡេងដ៏ពីរោះនៃគ្រឿងព្យាណូខ្យល់ លាយឡំជាមួយទំនុកចម្រៀងជាច្រើនទៀត ពេលបំពងចេញពីកំពូលដ៏ខ្ពស់ និងកាត់តាមសសរច្រកផ្លូវដើរនៃមហាវិហារដ៏រុងរឿងនោះមកធ្វើឱ្យគេកោតក្នុងចិត្ត និងមានចិត្តគោរពយ៉ាងក្រៃលែង។

ភាពត្រចះត្រចង់ និងពិធីអ៊ឹកធឹកតែសំបកខាងក្រៅនេះ គឺជាការចំអកដល់សេចក្តីទន្ទឹងចាំនៃព្រលឹងដែលទ្រុឌទ្រោមដោយបាបកម្មទៅវិញ។ សាសនាព្រះគ្រីស្ទ មិនត្រូវការការទាក់ចិត្តដូចនេះទេ។ រស្មីចាំងចេញពីឈើឆ្កាង រំលេចពន្លឺភ្លឺបរិសុទ្ធហើយគួរឱ្យស្រឡាញ់ដែលគ្មានការតុបតែងខាងក្រៅណាអាចធ្វើឱ្យលើសតម្លៃពិតប្រាកដនេះបានឡើយ។

ការឱ្យតម្លៃខ្ពស់ដល់វិចិត្រកម្ម ការចូលចិត្តនឹងអ្វីដែលល្អប្រណីត គឺច្រើនតែជាប្រការដែលសាតាំងប្រើ ដើម្បីនាំមនុស្សឱ្យភ្លេចនូវការចាំបាច់របស់ព្រលឹង ហើយនិងនាំឱ្យមនុស្សរស់នៅសម្រាប់តែលោកនេះប៉ុណ្ណោះ។

អធិកភាព និងពិធីអ៊ឹកធឹកនៃការគោរពថ្វាយបង្គំរបស់ពួកកាតូលិក មានឥទ្ធិពលទាក់ទាញ ហើយនិងមានមន្តស្នេហ៍ដែលបញ្ឆោតមនុស្សជាច្រើន។ គេមកមើលវិហាររ៉ូម ហើយចាត់ទុកថាជាទ្វារស្ថានសួគ៌។ គ្មានអ្នកណាមួយអាចច្រានចេញនូវឥទ្ធិពលរបស់វិហារនេះបានទេ លើកលែងតែអ្នកដែលតាំងជំហររឹងមាំលើគ្រឹះនៃសេចក្តីពិតដែលមានចិត្តផ្លាស់ប្រែជាថ្មី ដោយព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។ អ្វីដែលពួកមនុស្សប្រាថ្នាចង់បាននោះ គឺទម្រង់សាសនាដែលគ្មានអំណាចនោះឯង។

ការដែលវិហារអះអាងថាមានសិទ្ធិលើកលែងទោស គឺនាំឱ្យពួកកាតូលិករ៉ូម មានអារម្មណ៍ធូរធានឹងអំពើបាប ហើយសក្ការពិធីនៃការសារភាព រមែងអនុញ្ញាត​ឱ្យប្រព្រឹត្តអំពើអាក្រក់។ អ្នកដែលលុតជង្គង់នៅចំពោះមនុស្សមានបាបដូចគ្នា ហើយបើកសារភាពនូវការនឹងគិតដ៏សម្ងាត់ដែលនៅក្នុងចិត្តរបស់ខ្លួន គឺបង្អាប់ដល់ព្រលឹងខ្លួនហើយ។ ក្នុងការរ៉ាយរ៉ាប់ ប្រាប់អំពីបាបទាំងឡាយនៃជីវិតរបស់ខ្លួនដល់សង្ឃដែលជាមនុស្សមានបាបដែរនោះ ចរិតលក្ខណៈរបស់គេត្រូវបានបន្ទាបចុះ ហើយត្រូវទទួលសេចក្តីស្មោកគ្រោកជាផលវិបត្តិវិញ។ គំនិតគិតពីព្រះរបស់គេត្រូវបានអាប់អួ លុះដូចជាមនុស្សជាតិដែលធ្លាក់ខ្លួនដុនដាប ដោយព្រោះសង្ឃឈរជាអ្នកតំណាង ព្រះ។ ការសារភាពដ៏អាប់ឱន ពីមនុស្សដល់មនុស្សនេះ គឺជាប្រភពទឹកសម្ងាត់ដែលច្រើនតែបង្ហូរសេចក្តីអាក្រក់ដែលកំពុងធ្វើឱ្យពិភពលោកស្មោកគ្រោក។ តែចំពោះអ្នកដែលស្រឡាញ់នឹងការបណ្តោយខ្លួនវិញ ការសារភាពដល់មនុស្សសាមញ្ញ នោះវាគាប់ចិត្តជាងការចែករំលែកបញ្ហាខ្លួនទៅព្រះទៅទៀត។ ការធ្វើទុក្ករកិរិយាជាជាងលះបង់អំពើបាប ជាការងាយស្រួលដល់ធម្មជាតិមនុស្ស ហើយក៏ជាការងាយស្រួលមួយទៀតផងដែរ ដើម្បីបំបាក់សាច់ឈាមដោយសម្តែងអាការៈតែពីខាងក្រៅ បែបដូចជាសំពត់ធ្មៃជាជាងឆ្កាងសេចក្តីត្រេកត្រអាលខាងសាច់ឈាមវិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ យ៉ាកុប ១:១៩

Powered by CAM