ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។ យ៉ាកុប ១:១២
ភាពដូចគ្នាយ៉ាងខ្លាំង
ក្នុងពេលដែលពួកជូវជាន់ឈ្លីក្រឹត្យវិន័យរបស់ព្រះដោយសម្ងាត់ នៅពេលព្រះគ្រីស្ទយាងមកជាលើកទីមួយនោះ គេមានចិត្តមោះមុតតែខាងក្រៅ ក្នុងការគោរពសិក្ខាបទទាំងប៉ុន្មាន ដោយធ្វើតាមគ្រប់តួអក្សរយ៉ាងខ្ជាប់ខ្ជួន រហូតដល់ធ្វើឱ្យមានអំពល់ទុក្ខជាខ្លាំង ក្នុងការគោរពប្រតិបត្តតាម។ ពួកជូវប្រកាន់ថាខ្លួនខំគោរពក្រឹត្យវិន័យយ៉ាងណានោះ ពួកកាតូលិករ៉ូមក៏ប្រកាន់ថាគោរពឈើឆ្កាងយ៉ាងនោះដែរ។
គេដាក់ឈើឆ្កាងលើវិហារ អាសនា និងលើសំលៀកបំពាក់របស់គេ។ គ្រប់ទីកន្លែងគេបានសម្តែងការគោរព និងការលើកតម្កើងផ្លាកឈើឆ្កាង។ ប៉ុន្តែ សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទត្រូវបានកប់ក្រោមទំនៀមទម្លាប់ដែលគ្មានប្រយោជន៍ និងក្រោមការខំប្រឹងប្រព្រឹត្តតាមគ្រប់តួអក្សរទៅវិញ។ ពួកអ្នកដែលមានជំនឿខ្ជាប់ខ្ជួនត្រូវបានរក្សាទុកឱ្យភ័យខ្លាចដល់សេចក្តីក្រោធ របស់ព្រះក្នុងពេលដែលពួកគ្រូគង្វាលជាន់ខ្ពស់នៃវិហារ រស់នៅក្នុងជីវិត សម្បូរហូរហៀរ និងក្នុងសេចក្តីសប្បាយតាមតម្រេក។
ការខិតខំតស៊ូរបស់សាតាំង គឺដើម្បីបង្ខូចចរិតលក្ខណៈរបស់ព្រះ និស្ស័យអំពើបាបព្រមទាំងរឿងរ៉ាវពិតប្រាកដដែលទាក់ទងក្នុងមហាវិវាទ។ កលល្បិចដ៏ប៉ិនប្រសប់របស់វាបណ្តាលឱ្យមនុស្សធ្វើបាប។ ក្នុងពេលជាមួយគ្នា វាបណ្តាលឱ្យគេយល់ខុសពីព្រះ ដើម្បីឱ្យគេគោរពព្រះអង្គដោយសេចក្តីភ័យខ្លាច និងសេចក្តីស្អប់ជាជាងដោយសេចក្តីស្រឡាញ់។ ដោយការយល់ខុសអំពីគុណធម៌របស់ព្រះ គេបាននាំឱ្យប្រទេសឥតសាសនាជាក់លាក់ជឿថា ការធ្វើយញ្ញបូជាមនុស្ស គឺជាការចាំបាច់ដើម្បីឱ្យព្រះសព្វព្រះទ័យ។ សេចក្តីឃោរឃៅដ៏សាហាវយង់ឃ្នងត្រូវបានប្រព្រឹត្តឡើងតាមទម្រង់ផ្សេងៗទៀតក្រោមការគោរពរូបចម្លាក់។
សហភាពនៃសាសនាដទៃ និងគ្រីស្ទសាសនា
វិហារកាតូលិករ៉ូមកំពុងតែបង្រួបបង្រួមសាសនាដទៃ និងគ្រីស្ទសាសនា ហើយដូចជាសាសនាដទៃដែរ វិហារនេះកំពុងតែបង្ខូចចរិតលក្ខណៈរបស់ព្រះ ហើយក៏បានអនុវត្តនូវអំពើឃោរឃៅមិនតិចជាងមុនឡើយ។ ពួកសង្ឃជាន់ខ្ពស់បានស្វែងរកមធ្យោបាយ ដើម្បីដាក់ទារុណកម្មយ៉ាងតឹងរ៉ឹងបំផុតដោយមិនចាំបាច់ផ្តាច់ជីវិតនៃអ្នកដែលមិនព្រមចុះចូលទៅនឹងសេចក្តីអះអាងរបស់ខ្លួន។ ក្នុងករណីភាគច្រើនអ្នករងទុក្ខបានប៉ងរកសេចក្តីស្លាប់ ព្រោះជាការបន្ធូរសម្រាលដ៏ផ្អែមមួយ។
ដើម្បីឱ្យបានជឿខ្ជាប់ខ្ជួននឹងរ៉ូម គេបានប្រើការវាយដំ ការបង្អត់ អាហារ និងការបន្តឹងយ៉ាងខ្លាំងក្លាដល់សព៌ាង្គកាយជាវិន័យ។ ដើម្បីឱ្យបានគាប់ព្រះហឫទ័យពីស្ថានសួគ៌ គេបានបង្រៀនអ្នកលន់តួទោសឱ្យផ្តាច់ចំណងដែលព្រះបានបង្កឡើងដើម្បីប្រទានប្រសិទ្ធិពរ និងដើម្បីធ្វើឱ្យមនុស្សរីករាយក្នុងការស្នាក់នៅផែនដីបណ្តោះអាសន្ននេះ។ ក្នុងទីធ្លាវិហារមានជនរងគ្រោះរាប់ពាន់នាក់ ដែលចំណាយជីវិតគេជាអសារបង់ ដើម្បីព្យាយាមទប់ គ្រប់ទាំងគំនិត និងអារម្មណ៍នៃសេចក្តីអាណិតអាសូរមិនឱ្យមានសម្រាប់គ្នាទៅវិញទៅមកព្រោះខ្លាចព្រះប្រកាន់ទោស។
ព្រះពុំបានដាក់បន្ទុកដ៏ធ្ងន់យ៉ាងនេះដល់មនុស្សទេ។ ព្រះគ្រីស្ទពុំបានធ្វើគំរូដល់ជនស្រីប្រុសឱ្យនៅតែក្នុងវត្តអារាម ដើម្បីឱ្យសមនឹងបានចូលទៅស្ថានសួគ៌ទេ។ ព្រះអង្គពុំដែលបង្រៀនឱ្យទប់សេចក្តីស្រឡាញ់ឡើយ។
ស្តេចប៉ាបបានអះអាងខ្លួនថាជាអ្នកតំណាងព្រះគ្រីស្ទ។ ប៉ុន្តែ តើមានដែលឮព្រះគ្រីស្ទបញ្ជូនមនុស្សឱ្យចូលគុក ដោយព្រោះតែគេមិនបានឱនគោរពដលទ្រង់ជាស្តេចនៃស្ថានសួគ៌ឬទេ? តើមានព្រះសូរសៀងទ្រង់កាត់ទោសដល់ស្លាប់ចំពោះជនណាដែលមិនបានទទួលទ្រង់ឬទេ?
ឥឡូវវិហាររ៉ូម បង្ហាញមុខដល់ពិភពលោកដោយប្រើវិធីខមាទោស ដើម្បីគ្របបាំងប្រវត្តិនៃអំពើសាហាវយង់ឃ្នងរបស់ខ្លួន។ គេបានបំពាក់ខ្លួនគេដោយសំលៀកបំពាក់ដូចជាព្រះគ្រីស្ទ ប៉ុន្តែគេនៅតែមិនផ្លាស់ប្តូរដដែល។ គ្រប់ទាំងគោលការណ៍នៃប្រព័ន្ធកាតូលិកក្នុងអតីតកាលនៅតែមានដល់សព្វថ្ងៃ។ គោលលទ្ធិដែលគេច្នៃក្នុងសម័យងងឹត នៅតែមានគេកាន់តាម។ ប្រព័ន្ធកាតូលិកដែលពួកប្រូតេស្តង់កំពុងគោរពឥឡូវនេះ គឺជាប្រព័ន្ធដដែល ដែលបានកាន់ក្តាប់ក្នុងជំនាន់នៃកំណែទម្រង់ នៅពេលដែលជនរបស់ព្រះបានឈរឡើងប្តូរជីវិតដើម្បីបើកសម្តែងសេចក្តីទុច្ចរិតរបស់វិហារ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩