ថ្ងៃអង្គារ ទី២៨​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាល​ណា​មាន​សេចក្តី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្តី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ យ៉ាកុប ១:១៣

ប្រព័ន្ធកាតូលិកគឺជាអ្វីដែលបទទំនាយថាជាយ៉ាងណានោះឯង ពោលគឺជាការងាកចេញពីជំនឿក្នុងជំនាន់ក្រោយ។ សូមអាន ថែស្សាឡូនីចទី២ ២:៣,៤។ នៅខាងក្រោមការប្តូរសម្បុរនៃសត្វបង្កួយ មានលាក់ពឹសដែលមិនផ្លាស់ប្តូររបស់សត្វពស់។ តើអំណាចដែលមានកំណត់កត់ទុកដោយឈាមនៃពួកបរិសុទ្ធអស់មួយពាន់ឆ្នាំ ឥឡូវត្រូវទទួលស្គាល់ថាជាផ្នែកមួយនៃវិហារនៃព្រះគ្រីស្ទបានឬ?

ការផ្លាស់ប្តូរក្នុងលទ្ធិប្រូតេស្តង់និយម

គេបានលើកថ្លែងសេចក្តីអះអាងក្នុងប្រទេសដែលកាន់លទ្ធិ ប្រូតេស្តង់ថា លទ្ធិកាតូលិកនិយម ខុសគ្នាពីលទ្ធិប្រូតេស្តង់និយមជាងជំនាន់មុនៗ តែបន្តិចបន្តួចប៉ុណ្ណោះ។ មានការផ្លាស់ប្តូរ តែការផ្លាស់ប្តូរ គឺពុំមែននៅក្នុងប្រព័ន្ធកាតូលិកទេ។ លត្ធិកាតូលិកនិយមមានសណ្ឋានស្រដៀងនឹងលទ្ធិប្រូតេស្តង់និយមដែលមាននៅសព្វថ្ងៃនេះ ពីព្រោះប្រូតេស្តង់និយមបានអន់ថយយ៉ាងខ្លាំងចាប់ពីជំនាន់នៃពួកកែទម្រង់មក។

វិហារប្រូតេស្តង់ ដែលកំពុងចង់បានឱ្យពិភពលោកលំអៀងមកខាងខ្លួន ជឿថាក្នុងសេចក្តីអាក្រក់ មានសេចក្តីល្អ ម៉្លោះហើយក្នុងទីបំផុតគេនឹងជឿថា ក្នុងសេចក្តីល្អ មានសេចក្តីអាក្រក់។ ឥឡូវនេះគេកំពុងតែសុំទោសរ៉ូមដោយមិនចំមុខ ចំពោះសេចក្តីសៅហ្មងនឹងរ៉ូម ហើយអង្វរឱ្យគេអភ័យទោសដោយព្រោះគេបាន «ប្រកាន់ថាខ្លួនត្រូវ»។ ពួកគេជាច្រើនលើកឡើងថា ភាពងងឹតនៃបញ្ញានិងសីលធម៌ដែលមានក្នុងមជ្ឈិមសម័យ បានជួយ​ឱ្យមានការ រាលដាលនៃជំនឿអកុសល និងការជិះជាន់របស់រ៉ូម ហើយថាបញ្ញាឈ្លាសវៃយ៉ាងខ្លាំងក្នុងសម័យទំនើប និងការមានសេរីភាពកាន់តែច្រើនឡើងក្នុងវិស័យនៃសាសនា គឺជាបម្រាមហាមមិនឱ្យមានការរស់ឡើងវិញនៃសេចក្តីទ្រាំមិនបាន។ ការគិតថាទិដ្ឋភាពរបៀបនេះនឹងមានក្នុងសម័យរុងរឿងនេះ គឺត្រូវបានចំអកឱ្យទៅវិញ។ ប៉ុន្តែ គួរចងចាំថា ឱ្យតែមានពន្លឺច្រើនប៉ុណ្ណា សេចក្តីងងឹតនៃអ្នកដែលបង្វែរ និងបដិសេធពន្លឺនោះក៏ច្រើនប៉ុណ្ណោះដែរ។

ជោគជ័យនៃប្រព័ន្ធកាតូលិក គឺបានពឹងផ្អែកទៅលើជំនាន់នៃសេចក្តីងងឹតយ៉ាងខ្លាំងខាងបញ្ញា។ ជំនាន់នៃរស្មីភ្លឺត្រចះត្រចង់ខាងបញ្ញា ក៏កាន់តែ ល្អដូចគ្នាដែរ។ កាលពីអតីតកាលនៅពេលមនុស្សគ្មានតម្រិះប្រាជ្ញាអំពី សេចក្តីពិត ពួកគេរាប់ពាន់នាក់ត្រូវបានជាប់អន្ទាក់ ដោយពុំបានឃើញសំណាញ់ ដែលលាតត្រដាងសម្រាប់ទាក់ជើងខ្លួន។ ក្នុងតំណនេះ ភាគច្រើនពុំបានដឹងពីអន្ទាក់នោះទេ ហើយក៏ដើរចូលទៅដោយស្រួលដូចងងឹតភ្នែកដូច្នោះ។ នៅពេលមនុស្សលើកតម្កើងទ្រឹស្តីរបស់ខ្លួនលើព្រះបន្ទូលរបស់ព្រះ បញ្ញាវាងវៃអាចនាំមកនូវគ្រោះថ្នាក់ជាងសេចក្តីល្ងង់ខ្លៅទៅទៀត។ ដូច្នេះ វិទ្យាសាស្ត្រក្លែងក្លាយក្នុងសម័យបច្ចុប្បន្ននេះ នឹងបង្ហាញថាមានការជោគជ័យក្នុងការរៀបចំផ្លូវឱ្យមនុស្សទទួលប្រព័ន្ធកាតូលិក ដូចគ្នានឹងការឃុំឃាំងចំណេះវិជ្ជាក្នុងសម័យងងឹតដូច្នោះដែរ។

ការគោរពថ្ងៃអាទិត្យ

ការគោរពថ្ងៃអាទិត្យគឺជាទំនៀមទម្លាប់ ដែលបានចាប់ផ្តើមដោយវិហាររ៉ូមដែលអះអាងថាជាសញ្ញានៃអាជ្ញាធររបស់គេ។ គោលគំនិតនៃប្រព័ន្ធកាតូលិកស្តីពីការចុះសម្រុងនឹងទំនៀមទម្លាប់លោកីយ៍ និងការគោរពប្រពៃណីរបស់មនុស្សលើក្រឹត្យបញ្ញត្តិរបស់ព្រះ គឺកំពុងតែជ្រាបចូលទៅក្នុងវិហារប្រូតេស្តង់ ហើយនាំគេឱ្យលើកតម្កើងថ្ងៃអាទិត្យ ដូចដែលប្រព័ន្ធកាតូលិកបានលើកតម្កើងកាលពីមុនមកដែរ។

ព្រះរាជក្រឹត្យ ក្រុមប្រឹក្សាទូទៅ និងបញ្ញត្តិច្បាប់ព្រះវិហារដែលបានគាំទ្រដោយអំណាចលោកីយ៍ គឺជាជំហានដែលពិធីបុណ្យនៃសាសនាដទៃ បានទទួលស័ក្តិយសក្នុងពិភពគ្រីស្ទាន។ វិធានការសាធារណៈទីមួយដែលបង្ខំឱ្យគោរពថ្ងៃអាទិត្យ គឺជាច្បាប់ដែលព្រះចៅអធិរាជកុងស្តង់ទីនបានដាក់មក។ ទោះជាពីខាងក្រៅមើលទៅដូចជាលក្ខន្តិកៈនៃសាសនាដទៃក៏ដោយ ក៏ព្រះចៅអធិរាជនៅតែចេញច្បាប់នេះឱ្យគេប្រតិបត្តតាម បន្ទាប់ពីទ្រង់បានទទួលជឿគ្រីស្ទសាសនាតែឈ្មោះមក។

យូស៊ីបៀស ជាសង្ឃជាន់ខ្ពស់ម្នាក់ ដែលបានសូមជំនួយពីពួកព្រះអម្ចាស់ និងជាមិត្រសម្លាញ់ពិសេសរបស់កុងស្តង់ទីន បានថ្លែងអះអាងថា ព្រះគ្រីស្ទបានប្តូរថ្ងៃឈប់សម្រាកទៅថ្ងៃអាទិត្យវិញ។ គ្មានទីបន្ទាល់ពីបទគម្ពីរ ធ្វើជាភ័ស្តុតាងសោះឡើយ។ យូស៊ីបៀសផ្ទាល់បានទទួលស្គាល់កំហុសនេះ ដោយមិនដឹងខ្លួន។ «គ្រប់ទាំងអ្វីៗ» គាត់មានប្រសាសន៍ «ដែលជាភារកិច្ចសម្រាប់ធ្វើនៅថ្ងៃឈប់សម្រាក ទាំងអស់នេះយើងបានប្តូរមកឯថ្ងៃនៃព្រះ អម្ចាស់ហើយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ យ៉ាកុប ១:១៩

Powered by CAM