ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨
ការប្រឆាំងរបស់សាតាំង គឺនឹងត្រូវជាទីបន្ទាល់នៃលទ្ធផលដ៏អាក្រក់នៃអំពើបាបដល់ពិភពសកល។ ការកាន់ក្តាប់របស់វានឹងបង្ហាញផលផ្លែនៃការផាត់ចោលឫទ្ធិអំណាចដ៏ពិសិដ្ឋ។ ប្រវត្តិសាស្ត្រនៃការពិសោធនៃសេចក្តី ប្រឆាំងនេះ គឺនឹងត្រូវបានជាសេចក្តីការពារជាដរាបដល់អស់ទាំងប្រាជ្ញាបរិសុទ្ធទាំងឡាយ ដើម្បីសង្គ្រោះពួកគេពីអំពើបាបនិងទណ្ឌកម្ម។
នៅពេលដែលបានប្រកាសដល់អស់អ្នកយល់ស្របនឹងសាតាំងថា មេដណ្តើមអំណាចដ៏ធំត្រូវតែបណ្តេញចេញពីស្ថានបរមសុខ មេប្រឆាំងបានបញ្ចេញសេចក្តីស្អប់ខ្ពើមយ៉ាងខ្លាំងដល់ក្រឹត្យវិន័យរបស់ព្រះអាទិករ។ វាបានចាត់ទុកលក្ខន្តិកៈដ៏ពិសិដ្ឋថា ជាការឃាត់ឃាំងមិនឱ្យមានសេរីភាព ហើយប្រកាសប្រាប់យ៉ាងម៉ឺងម៉ាត់ពីគោលបំណងដើម្បីលុបបំបាត់ក្រឹត្យវិន័យ ពោលគឺបើរួចពីការឃាត់ឃាំងនេះ ពួកពលបរិវារនៃស្ថានសួគ៌នឹងប្រហែលចម្រើនដល់សភាវៈដ៏ខ្ពង់ខ្ពស់ជាងនេះទៅទៀត។
ការបណ្តេញចេញពីស្ថានសួគ៌
សាតាំងនិងពួកពលរបស់វាបានយកការប្រឆាំងរបស់គេមកបន្ទោសព្រះគ្រីស្ទ។ បើមិនបានកែតម្រូវពួកគេ នោះគេនឹងមិនដែលប្រឆាំងទេ។ រឹងហើយចចេស ហើយនៅតែអះអាងទាមទារទាំងប្រមាថថាជាជនរងគ្រោះនៃអំណាចជិះជាន់ដែលឥតទោសសោះនោះ មេប្រឆាំង និងអ្នកកាន់ខាងវាក៏ត្រូវបានបំបរបង់ពីស្ថានសួគ៌។ សូមអាន វិវរណៈ ១២:៧-៩។
អាកប្បកិរិយារបស់សាតាំងនៅតែបណ្តុះបណ្តាលសេចក្តីប្រឆាំងនៅផែនដី ទៅលើកូនចៅដែលមិនស្តាប់ឱវាទ។ ដូចជារូបវាដូច្នោះដែរ ពួកគេបានសន្យានឹងមនុស្សនូវសេរីភាពតាមការបំពានវិន័យរបស់ព្រះ។ ការកែតម្រូវអំពើបាបនៅតែរំជួលឱ្យមានសម្អប់។ សាតាំងបាននាំមនុស្សឱ្យដោះសាខ្លួនគេ ហើយឱ្យអ្នកដទៃរួបរួមគំនិតជាមួយអំពើបាបរបស់វា។ ជាជាងកែតម្រង់កំហុសរបស់ខ្លួន ពួកគេបានធ្វើឱ្យគេតូចចិត្តនឹងអ្នកណែនាំវិញ ធ្វើហាក់ដូចជាអ្នកនោះជាអ្នកបណ្តាលនូវភាពលំបាកដូច្នោះ។ សាតាំងបានលោមមនុស្សឱ្យធ្វើបាប ដោយប្រើការបង្ហាញចរិតលក្ខណៈមិនពិតរបស់ព្រះដូចវាបានអនុវត្តនៅស្ថានសួគ៌ដែលធ្វើឱ្យគេចាត់ទ្រង់ថាជាអ្នកតឹងរ៉ឹង និងអ្នកប្រើអំណាចផ្តាច់ការ។ វាបានថ្លែងថា លក្ខខណ្ឌដ៏អយុត្តិធម៌របស់ព្រះបាននាំឱ្យមនុស្សជំពប់ដួល ដូចជាបាននាំឱ្យខ្លួនវាប្រឆាំងដែរ។
ក្នុងការបំបរបង់សាតាំងចេញពីស្ថានសួគ៌ ព្រះបានសម្តែងយុត្តិធម៌ និងកិត្តិយសរបស់ទ្រង់។ ប៉ុន្តែ នៅពេលមនុស្សបានធ្វើបាប ព្រះបានប្រទានភ័ស្តុតាងនៃសេចក្តីស្រឡាញ់ ដោយប្រទានព្រះរាជបុត្រារបស់ទ្រង់ឱ្យសុគតជួសពូជសាសន៍ដែលបានធ្លាក់ទៅក្នុងអំពើបាប។ ក្នុងការលោះបាបនេះ យើងនឹងឃើញចរិតលក្ខណៈរបស់ព្រះ។ សេចក្តីវែកញែកដ៏ធំធេងនៃឈើឆ្កាងបង្ហាញថា បាបកម្មគឺមិនអាចចោទទៅលើការគ្រប់គ្រងរបស់ព្រះបានឡើយ។ ក្នុងការដែលព្រះអង្គសង្គ្រោះប្រកបការងារនៅផែនដី មេបញ្ឆោតដ៏ធំត្រូវបានបើកមុខឡើង។ ការប្រមាថដ៏ឥតញញើតដែលទាមទារឱ្យព្រះគ្រីស្ទឱនគោរពដល់វា សេចក្តីព្យាបាទដ៏មិនចេះងោកងុយ ដែលតាមយាយី ព្រះអង្គពីកន្លែងមួយទៅកន្លែងមួយ បណ្តាលឱ្យចិត្តសង្ឃ និងប្រជាជនបដិសេធសេចក្តីស្រឡាញ់របស់ទ្រង់ និងឱ្យគេស្រែកថា «ឆ្កាងវាទៅ!ៗ» ទាំងអស់នេះ បានធ្វើឱ្យពិភពសកលកោតស្ងើច និងមានចិត្តឈឺចាប់។ សេ្តចនៃសេចក្តីអាក្រក់បានបញ្ចេញអស់ទាំងអំណាច និងការប៉ិនប្រសប់ របស់វា ដើម្បីបំផ្លាញព្រះយេស៊ូវ។ សាតាំងបានយកមនុស្សធ្វើជាភ្នាក់ងាររបស់វា ដើម្បីធ្វើឱ្យព្រះជន្មនៃព្រះអង្គសង្គ្រោះបានពេញដោយសេចក្តីវេទនា និងសេចក្តីសោកសង្រេង។ ដុំភ្លើងនៃសេចក្តីច្រណែន និងសេចក្តីព្យាបាទ សេចក្តីស្អប់ខ្ពើម និងការសងសឹកបានផ្ទុះឡើងនៅកាល់វ៉ារីទាស់នឹងព្រះរាជបុត្រារបស់ព្រះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ។ រ៉ូម ៥:១២