ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។ យ៉ាកុប ១:១៥
នៅពេលដែលវិហារនៃប្រទេសអាហ្វ្រិកបានរក្សាថ្ងៃទីប្រាំពីរ ក្នុងការស្តាប់ឱវាទដល់បញ្ញត្តិរបស់ព្រះ គេបានរក្សាខ្លួនគេពីការប្រកបការងារនៅថ្ងៃអាទិត្យ ដើម្បីឱ្យស្របទៅនឹងទំនៀមទម្លាប់នៃវិហារ។ រ៉ូមបានជាន់ឈ្លីថ្ងៃឈប់សម្រាករបស់ព្រះ ដើម្បីលើកតម្កើងថ្ងៃឈប់សម្រាករបស់ខ្លួន ប៉ុន្តែ វិហារនៃប្រទេសអាហ្វ្រិក ដែលបានលាក់ពួននៅតែឯងជិតមួយពាន់ឆ្នាំនោះ ពុំបានចូលរួមក្នុងការងាកចេញនេះទេ។ នៅពេលដែលគេបានស្ថិតនៅក្រោមរ៉ូម គេបានបង្ខំពួកគេឱ្យបំភ្លេចថ្ងៃឈប់សម្រាកពិតប្រាកដ ហើយឱ្យលើកតម្កើងថ្ងៃក្លែងក្លាយវិញ។ ប៉ុន្តែ នៅពេលគេបានឯករាជ្យកាលណាគេបានត្រឡប់មកគោរពស្តាប់បង្គាប់ដល់ក្រឹត្យវិន័យទីបួនភ្លាម។
កំណត់ទាំងនេះបង្ហាញយ៉ាងច្បាស់នៃភាពជាខ្មាំងនៃរ៉ូមដល់ថ្ងៃឈប់សម្រាកពិតប្រាកដ និងដល់អ្នកគាំទ្រនៃថ្ងៃនោះផង។ ព្រះបន្ទូលរបស់ ព្រះបង្រៀនថា ទស្សនីយភាពទាំងនេះនឹងកើតមានឡើងម្តងទៀត នៅពេលពួកកាតូលិក និងពួកប្រូតេស្តង់រួបរួមគ្នាលើកតម្កើងថ្ងៃអាទិត្យ។
សត្វមានស្នែងដូចកូនចៀម
ទំនាយនៃវិវរណៈជំពូក១៣ ថ្លែងថាសត្វដែលមានស្នែងដូចកូនចៀម នឹងបណ្តាលឱ្យ «ផែនដី និងអស់អ្នកដែលនៅផែនដី» គោរពប្រព័ន្ធកាតូលិករ៉ូម ដែលមានសត្វ «ដូចជាខ្លារខិន» ជានិមិត្តរូប។ សត្វដែលមានស្នែងពីរ នឹងនិយាយដល់ «ពួកអ្នកនៅផែនដី ឱ្យធ្វើរូបដល់សត្វនោះ»។ មិនត្រឹមតែ ប៉ុណ្ណោះ វានឹងបញ្ជាអស់ទាំងអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ អ្នកជា និងទាំងបាវគេផងឱ្យទទួលទីសម្គាល់របស់សត្វនោះ។ វិវរណៈ ១៣:១១-១៦។ សហរដ្ឋអាមេរិកគឺជាអំណាចដែលតំណាងដោយសត្វដែលមានស្នែងដូចកូនចៀម។ ទំនាយនេះនឹងបានសម្រេចនៅពេលសហរដ្ឋអាមេរិកនឹងចេញបញ្ញត្តិឱ្យគោរពថ្ងៃអាទិត្យដែលរ៉ូមចាត់ថាជាការទទួលស្គាល់នូវឧត្តមភាពរបស់គេ។
«ខ្ញុំឃើញក្បាលវាមួយ ដូចជាបានកាប់សម្លាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ»។ វិវរណៈ ១៣:៣។ របួសដល់ស្លាប់ ចង្អុលទៅការរលំធ្លាក់នៃប្រព័ន្ធកាតូលិក រ៉ូមក្នុងឆ្នាំ១៧៩៨។ បន្ទាប់ ពីការនេះមក ហោរាមានប្រសាសន៍ថា៖ «របួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ»។ សាវ័កប៉ុលថ្លែងថា «មនុស្សដែលជាតួបាប» នឹងធ្វើកិច្ចបញ្ឆោតរបស់វា រហូតដល់គ្រាចុងក្រោយបង្អស់។ ថែស្សាឡូនីចទី២ ២:៣-៨។ ហើយ «អស់ទាំងមនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត...នឹង ក្រាបថ្វាយបង្គំចំពោះសត្វនោះ»។ វិវរណៈ ១៣:៨។ នៅក្នុងពិភពលោកចាស់ និងពិភពលោកថ្មី គេនឹងគោរពប្រព័ន្ធកាតូលិករ៉ូមក្នុងការគោរពដល់ថ្ងៃអាទិត្យ។
តាំងតែពីពាក់កណ្តាលសតវត្សទី១៩មក សិស្សនៃបទទំនាយបានសម្តែងទីបន្ទាល់នេះទៅដល់ពិភពលោក។ ឥឡូវនេះ មានឃើញវឌ្ឍនភាពយ៉ាងរហ័សមួយ ឆ្ពោះទៅរកការសម្រេចនៃទំនាយនេះ។ រីឯពួកគ្រូប្រូតេស្តង់វិញក៏មានការអះអាងដដែលនូវអំណាចពីស្ថានសួគ៌ សម្រាប់ការគោរពនៅថ្ងៃអាទិត្យ ហើយនិងមានការខ្វះខាតបទគម្ពីរជាភ័ស្តុតាង ដូចគ្នានឹងពួកអ្នកដឹកនាំនៃវិហារកាតូលិករ៉ូមដែរ។ ការពោលអះអាងថា សេចក្តីជំនុំជម្រះរបស់ព្រះបានធ្លាក់មកលើមនុស្ស ដោយសារការប្រព្រឹត្តល្មើសថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក នឹងត្រូវបានកើតឡើងម្តងទៀត ហើយគេកំពុងតែចាប់ផ្តើមពោលឡើងរួចស្រេចទៅហើយ។
ភាពប៉ិនប្រសប់នៃវិហាររ៉ូមគឺអស្ចារ្យណាស់។ គេអាចឃើញអ្វីដែលនៅអនាគត ពោលគឺថា វិហារប្រូតេស្តង់កំពុងតែឱនគោរពដល់គេ ដោយទទួលស្គាល់ថ្ងៃឈប់សម្រាកក្លែងក្លាយ ហើយពួកគេកំពុងរៀបចំបង្ខំឱ្យចេញប្រតិបត្តជាទូទៅ ដោយមធ្យោបាយដែលវិហារបានប្រើក្នុងពេលកន្លងមកហើយនោះ។ គឺជាការមិនពិបាកស្មានទេថា វិហារកាតូលិករ៉ូមត្រៀមខ្លួនចាំតែនឹងជួយពួកប្រូតេស្តង់នៅក្នុងការនេះ។
វិហារកាតូលិករ៉ូមបង្កើតអង្គការដ៏ធំមហិមាមួយក្រោមការគ្រប់គ្រងនៃមជ្ឈមណ្ឌលអាជ្ញាធររ៉ូមដោយមានអ្នកឆ្លងឆ្លើយរាប់លាននាក់នៅគ្រប់ប្រទេសបានចងជាប់ក្នុងសច្ចាប្រណិធានដល់សម្តេចសង្ឃមិនថាជាតិណា ឬរដ្ឋាភិបាលណាឡើយ។ ទោះបើគេបានស្បថថាស្មោះចំពោះរដ្ឋក៏ដោយ តែនៅពីក្រោយពាក្យទាំងនេះ គឺជាសេចក្តីសច្ចានៃការស្តាប់ឱវាទដល់រ៉ូមវិញ។
ប្រវត្តិសាស្ត្រ ធ្វើបន្ទាល់ប្រាប់ពីការខិតខំតស៊ូដែលប្រកបដោយកលល្បិចរបស់គេ ដើម្បីដាក់ខ្លួនគេចូលទៅក្នុងរឿងរ៉ាវនៃប្រទេសជាតិ លុះដល់មានជំហរមាំមួនហើយ ទើបសម្រេចគោលបំណងរបស់ខ្លួន ទោះជាមានការហិនវិនាសដល់ពួកព្រះអម្ចាស់ និងប្រជាជនយ៉ាងដូចម្តេចក៏ដោយ។
អំនួតរបស់រ៉ូមគឺថា រ៉ូមមិនដែនផ្លាស់ប្តូរឡើយ។ ជនប្រូតេស្តង់មិនដឹង ថាខ្លួនកំពុងធ្វើអ្វីទេនៅពេលដែលគេស្នើជំនួយពីរ៉ូម ក្នុងកិច្ចការនៃការលើកតម្កើងថ្ងៃអាទិត្យនោះ។ នៅពេលគេកំពុងតែតាំងគោលបំណងរបស់គេ រ៉ូមកំពុងតែបម្រុងនឹងស្ថាបនាអំណាចរបស់ខ្លួនឡើងវិញ ដើម្បីយកឧត្តមភាពដែលបានបាត់បង់មកវិញ។ ឱ្យតែគោលការនោះបានតាំងឡើងចុះ គឺថាឱ្យតែវិហារគ្រប់គ្រងអំណាចរដ្ឋ ឱ្យតែច្បាប់លោកីយ៍ចេញបញ្ញត្តិឱ្យមានការគោរពសាសនាចុះនិយាយឱ្យខ្លី ឱ្យតែអាជ្ញាធរនៃវិហារ និងរដ្ឋមានអំណាច លើសតិសម្បជញ្ញៈចុះ នោះរ៉ូមនឹងមានជ័យជម្នះជាពិតប្រាកដមិនខាន។
ពិភពប្រូតេស្តង់នឹងដឹងនូវគោលបំណងរបស់ក្រុងរ៉ូមថាជាអ្វីហើយ នៅពេលខ្លួនជាប់អន្ទាក់ ហើយរករើបម្រះចេញមិនបាន ព្រោះវាហួសពេលទៅហើយ។ រ៉ូមកំពុងតែចម្រើនអំណាចឡើងយ៉ាងស្ងាត់ស្ងៀម។ គោល លទ្ធិទាំងឡាយកំពុងតែបញ្ចេញឥទ្ធិពលក្នុងមន្ទីរនីតិបញ្ញត្តិ ក្នុងវិហារ ព្រមទាំងក្នុងចិត្តរបស់មនុស្សទៀតផង។ គេកំពុងតែចម្រើនកម្លាំងរបស់គេ ដើម្បីសម្រេចគោលបំណងរបស់ខ្លួនរង់ចាំពេលវេលាល្អមកដល់ ដើម្បីនឹងប្រហារ។ អស់ទាំងអ្វីដែលគេចង់បាន គឺទីកន្លែងយកឈ្នះ។ អ្នកណាដែលនឹងជឿ ហើយស្តាប់តាមព្រះបន្ទូលរបស់ព្រះ នោះនឹងបានទទួលនូវសេចក្តីបន្ទោសហើយនិងការធ្វើទុក្ខទោសជាមិនខាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩