ថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៩
ឥឡូវនេះ កំហុសរបស់សាតាំងបានលេចចេញមកដោយគ្មានការដោះសា។ វាបានបើកសម្តែងចរិតលក្ខណៈពិតប្រាកដរបស់វា។ ការកុហករបស់សាតាំងដែលចោទទាស់នឹងចរិតលក្ខណៈពិសិដ្ឋ បានលេចភ្លឺឡើងក្នុងពន្លឺដ៏ពិត។ វាបានចោទព្រះថាទ្រង់បានរកសេចក្តីលើកតម្កើងសម្រាប់តែ ព្រះអង្គទ្រង់ ដើម្បីឱ្យរាស្ត្ររបស់ព្រះអង្គស្តាប់បង្គាប់តាមទ្រង់ ហើយក៏បាន ថ្លែងទៀតថា ក្នុងពេលដែលព្រះអាទិករបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវការលះបង់អ្វីៗទាំងអស់នោះ ព្រះអង្គផ្ទាល់ពុំបានអនុវត្តការលះបង់ខ្លួននោះទេ ហើយពុំបានធ្វើពលីកម្មអ្វីសោះ។ ឥឡូវនេះគេបានឃើញថា អ្នកកាន់កាប់ពិភពសកលបានធ្វើការលះបង់ដ៏លើសលប់តាមតែសេចក្តីស្រឡាញ់អាចធ្វើទៅបាន ពីព្រោះ «ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់»។ កូរិនថូសទី២ ៥:១៩។ ដើម្បីកម្ទេចបាប ព្រះគ្រីស្ទបានដាក់ព្រះអង្គទ្រង់ ហើយបង្អោនចុះចូលរហូតដល់សោយជីវង្គតទៀតផង។
ការជជែកជួសមនុស្ស
អស់ទាំងស្ថានសួគ៌បានឃើញនូវការសម្តែងនៃសេចក្តីយុត្តិធម៌របស់ព្រះ។ លូស៊ីហ្វ័របានអះអាងថា ពូជសាសន៍មានបាបនេះគឺហួសពីការប្រោសលោះហើយ។ ប៉ុន្តែ ពិន័យនៃក្រឹត្យវិន័យបានធ្លាក់មកដល់ព្រះទ្រង់ដែលស្មើនឹងព្រះ បានជាមនុស្សមានសេរីភាពនឹងទទួលសេចក្តីសុចរិតរបស់ ព្រះគ្រីស្ទ ហើយដោយការស្តាយក្រោយចំពោះការប្រព្រឹត្តអំពើបាប និងការបន្ទាបខ្លួន គេនឹងឈ្នះលើអំណាចរបស់សាតាំង។
ប៉ុន្តែ ព្រះគ្រីស្ទយាងមកសុគតនៅផែនដីនេះ គឺមិនមែនគ្រាន់តែសម្រាប់ប្រោសលោះមនុស្សលោកប៉ុណ្ណោះទេ ទ្រង់បានយាងមកដើម្បីសម្តែងឱ្យអស់ពិភពនានាឃើញថា ក្រឹត្យវិន័យរបស់ព្រះគឺផ្លាស់ប្តូរពុំបានឡើយ។ សេចក្តីសុគតរបស់ព្រះគ្រីស្ទបានបញ្ជាក់ថា កែប្រែមិនបាន ហើយសម្តែងថាសេចក្តី យុត្តិធម៌ និងមេត្តាធម៌ គឺជាគ្រឹះនៃការគ្រប់គ្រងរបស់ព្រះ។ ក្នុងការជំនុំជម្រះចុងក្រោយ គេនឹងបានឃើញថា ដើមហេតុនៃបាបនឹងលែងមានទៀតឡើយ។ នៅពេលព្រះដ៏ជាចៅក្រមនៃអស់ទាំងផែនដីទាមទារចម្លើយពីសាតាំង «ហេតុអ្វីបានជាឯងប្រឆាំងទាស់នឹងអញ?» នោះអ្នកដែលជាដើមចមនៃសេចក្តីអាក្រក់មិនអាចឆ្លើយដោះសាបានឡើយ។
ក្នុងសម្រែកបង្ហើយរបស់ព្រះអង្គសង្គ្រោះ «ការស្រេចហើយ» សំឡេងភ្លេងបញ្ចុះសពរបស់សាតាំងបានបន្លឺឡើង។ មហាវិវាទត្រូវបានបញ្ចប់សេចក្តី នៅពេលនោះ បញ្ជាក់ថាជាការបំបាត់ឱ្យសូន្យជាចុងក្រោយដល់សេចក្តីអាក្រក់។ នៅពេលថ្ងៃនោះមកដល់ ដែល «ឆេះធ្លោដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនិងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះនឹងឆេះបន្សុសគេទាំងអស់ទៅឥតទុកឱ្យគេមានឫស ឬមែកនៅសល់ឡើយនេះហើយជាព្រះបន្ទូលនៃព្រះ យេហូវ៉ានៃពួកពលបរិវារ»។ ម៉ាឡាគី ៤:១។
នឹងលែងមានសេចក្តីអាក្រក់ទៀតឡើយ។ វិន័យរបស់ព្រះនឹងត្រូវបានគេគោរពជាក្រឹត្យវិន័យខាងឯសេរីភាព។ សត្វលោកដែលបានល្បង និងបញ្ជាក់រួចហើយនោះ នឹងមិនងាកចេញម្តងទៀតពីសេចក្តីស្មោះត្រង់ដល់ទ្រង់ ដែលបានបង្ហាញចរិតលក្ខណៈថាជាសេចក្តីស្រឡាញ់ដែលរកជម្រៅគ្មាន និងជាតម្រិះប្រាជ្ញាដែលរកទីបំផុតគ្មានឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ។ រ៉ូម ៥:១២