ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-៣០)
សាតាំង និងមនុស្ស
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់។ ហេព្រើរ ១១:៦
«អញនឹងធ្វើឱ្យពូជឯងហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ លោកុប្បត្តិ ៣:១៥។ សេចក្តីខ្មាំងនឹងគ្នានេះ គឺមិនមែនមកពីធម្មជាតិទេ។ នៅពេលមនុស្សប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះ និស្ស័យរបស់គេក្លាយទៅជាអាក្រក់ត្រូវគ្នានឹងសាតាំង។ ពួកទេវតាដែលព្រះបានទម្លាក់ពីស្ថានសួគ៌ និងពួកមនុស្សនឹងចងសម្ព័ន្ធនឹងគ្នាទាស់នឹងស្ថានសួគ៌ ហើយក្រុមគ្រួសារនៃមនុស្សទាំងមូល នឹងត្រូវបានរួបរួមគ្នាក្នុងការប្រឆាំងនឹងព្រះ។
នៅពេលសាតាំងបានឮថា សេចក្តីខ្មាំងនឹងគ្នាត្រូវតែមានរវាងខ្លួនវា និងស្ត្រី ហើយនិងរវាងពូជវា និងពូជស្ត្រីវាដឹងថា មនុស្សនឹងអាចទប់ទល់ នឹងអំណាចរបស់វាដោយមធ្យោបាយណាមួយមិនខាន។
ព្រះគ្រីស្ទបានបណ្តុះក្នុងមនុស្សនូវភាពជាខ្មាំងប្រឆាំងនឹងសាតាំង។ បើគ្មានព្រះគុណដែលជួយកែប្រែចរិតលក្ខណៈ និងគ្មានអំណាចថ្មីនេះទេ មនុស្សនឹងនៅតែជាខ្ញុំបម្រើ ធ្វើតាមសេចក្តីបញ្ជារបស់សាតាំងជាដរាប។ ប៉ុន្តែ គន្លងធម៌ថ្មីក្នុងមនុស្ស បង្កើតឱ្យមានការប៉ះទង្គិច ព្រោះអំណាចដែលព្រះប្រទានឱ្យនោះធ្វើឱ្យមនុស្សអាចតទល់នឹងមេប្រើអំណាចផ្តាច់ការ។ ការស្អប់ខ្ពើមអំពើបាបជាជាងស្រឡាញ់អំពើបាប គឺជាការបង្ហាញគន្លងធម៌មកពីស្ថានលើទាំងស្រុង។
ការប្រឆាំងគ្នារវាងព្រះគ្រីស្ទ និងសាតាំងបានបង្ហាញយ៉ាងច្បាស់ អស្ចារ្យក្នុងការដែលពិភពលោកទទួលព្រះយេស៊ូវ។ ភាពឥតខ្ចោះ និងភាពបរិសុទ្ធនៃព្រះគ្រីស្ទបានធ្វើឱ្យអ្នកឥតព្រះក្នុងខ្លួនស្អប់ទ្រង់។ សេចក្តីលះបង់របស់ទ្រង់បានជាសេចក្តីបន្ទោសជានិរន្តដល់មនុស្សអួតអាង និងមនុស្សប្រកបដោយតម្រេក។ សាតាំង និងទេវតាអាក្រក់បានសាមគ្គីជាមួយមនុស្សទុច្ចរិត ទាស់នឹងព្រះដែលជាអ្នកមានជ័យជម្នះខាងសេចក្តីពិត។ ភាពជាខ្មាំងដូចគ្នានេះ ក៏បានសម្តែងដល់ពួកគ្រីស្ទបរិស័ទដែរ។ អ្នកណាដែលទប់ទល់នឹងសេចក្តីល្បួង នឹងរំជួលកំហឹងរបស់សាតាំងហើយ។ ព្រះគ្រីស្ទ និងសាតាំងមិនអាចត្រូវគ្នាបានឡើយ។ «អស់អ្នកណាដែលចង់រស់ដោយប្រតិបត្តតាមព្រះយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ»។ ធីម៉ូថេទី២ ៣:១២។
ភ្នាក់ងាររបស់សាតាំងស្វែងរកមធ្យោបាយដើម្បីបញ្ឆោតអ្នកដើរតាមព្រះគ្រីស្ទ និងទាក់ទាញចិត្តគេចេញពីសេចក្តីស្មោះស្ម័គ្រ។ គេបានបង្វែរន័យបទគម្ពីរ ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ វិញ្ញាណដែលធ្វើគុតព្រះគ្រីស្ទ ទាញមនុស្សទុច្ចរិតឱ្យបំផ្លាញអ្នកដើរតាមទ្រង់។ ការអស់ទាំងនេះ គឺបានទស្សន៍ទាយក្នុងបទទំនាយផ្នែកខាងដើម «អញនឹងធ្វើឱ្យពូជ ឯងហើយ និងស្ត្រី គឺទាំងពូជឯង និងពូជនាង មានសេចក្តីខ្មាំងនឹងគ្នា»។
ហេតុអ្វីបានជាសាតាំងមិនពិសោធការដែលគេជម្នះនឹងវាដ៏ខ្លាំងជាងនេះទៅទៀតនោះ? ពីព្រោះកងទាហានរបស់ព្រះគ្រីស្ទ មានការទាក់ទងពិតប្រាកដតិចតួចណាស់ជាមួយព្រះគ្រីស្ទ។ គេមិនបានស្អប់ខ្ពើមអំពើបាប ដូចព្រះបរមគ្រូរបស់ខ្លួនទេ។ គេពុំបានខិតខំប្រឹងជម្នះអំពើបាបនោះឡើយ។ ម៉្លោះហើយគេមើលមិនឃើញទាល់តែសោះ នូវចរិតលក្ខណៈរបស់ស្តេចនៃសេចក្តីងងឹត។ មនុស្សទាំងឡាយឥតបានដឹងទេថា សត្រូវរបស់ខ្លួនគឺជាមេទ័ពដ៏ខ្លាំងពូកែដែលកំពុងធ្វើសង្គ្រាមជាមួយព្រះគ្រីស្ទ។ សូម្បីតែគ្រូផ្សាយដំណឹងល្អ ក៏មើលរំលងភ័ស្តុតាងនៃសកម្មភាពរបស់វាដែរ។ គេហាក់បីដូចជាមិនអើពើនឹងវត្តមានរបស់វាតែម្តង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ។ ហេព្រើរ ១១:១៣