ថ្ងៃច័ន្ទ ទី៦​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារ​សេចក្តី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្តី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្តី​បន្ទាល់​ពី​គាត់​ថា ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គាត់​ណាស់។ ហេព្រើរ ១១:៥

សត្រូវដែលចាំឃ្លាំមើល

សត្រូដែលឃ្លាំមើលនេះ ជ្រៀតជ្រែកចូលក្នុងគ្រប់ទាំងផ្ទះសម្បែងគ្រប់ទាំងផ្លូវក្នុងក្រុមជំនុំ ក្នុងក្រុមប្រឹក្សាជាតិ និងក្នុងតុលាការ។ វាធ្វើឱ្យគេស្មុគស្មាញ វាបញ្ឆោត និងលួងលោមបំផ្លាញព្រលឹង និងរូបកាយរបស់មនុស្សក្មេងចាស់ប្រុសស្រីគ្រប់ទីកន្លែង។ វាបំបាក់បំបែកក្រុមគ្រួសារសាបព្រោះ សេចក្តីសម្អប់ ទំនាស់ទាស់ទែង ចិត្តមិនស្កប់ និងឃាតកម្ម។ ហើយពិភពលោកហាក់បីដូចជាចាត់ទុកការទាំងនេះថាព្រះបានដាក់មកដូច្នោះ ហើយនិងគិតថាការនេះត្រូវតែមាន។ អស់អ្នកណាដែលពុំបានសម្រេចចិត្តដើរតាមព្រះគ្រីស្ទ គឺជាខ្ញុំបម្រើរបស់សាតាំងហើយ។ នៅពេលពួកគ្រីស្ទានជ្រើសរើសសង្គមនៃមនុស្សគ្មានព្រះ គេបើកចំហខ្លួនគេឱ្យមានសេចក្តីល្បួងហើយ។ សាតាំងលាក់ខ្លួនវាមិនឱ្យគេមើលឃើញ ហើយយកការបញ្ឆោតរបស់វាមកគ្របលើភ្នែករបស់គេ។

ការចុះសម្រុងនឹងទំនៀមទម្លាប់លោកីយ៍ គឺបំផ្លាស់បំប្រែព្រះវិហារទៅឯផ្លូវលោកីយ៍ មិនដែលលោកីយ៍ទៅឯផ្លូវព្រះគ្រីស្ទទេ។ ភាពសុាំនឹងអំពើបាប នឹងធ្វើឱ្យអំពើបាបនោះមើលទៅមិនសូវអាក្រក់ណាស់ណាទេ។ នៅពេលដែលយើងប្រកបការងារ ហើយត្រូវកើតទុក្ខលំបាក យើងអាចដឹងច្បាស់ថាព្រះនឹងការពារយើង ប៉ុន្តែបើយើងដាក់ខ្លួនក្រោមសេចក្តីល្បួងវិញ មិនយូរមិនឆាប់យើងនឹងដួលជាមិនខាន។

មេល្បួងតែងតែធ្វើការបានជោគជ័យល្អ តាមរយៈអ្នកដែលមើលទៅមិនសូវសង្ស័យថាស្ថិតនៅក្រោមកណ្តាប់ដៃវា។ ទេពកោសល្យ និងការលូតលាស់ក្នុងការអប់រំ គឺជាអំណោយទានរបស់ព្រះ ប៉ុន្តែ នៅពេលប្រការទាំងនេះឃ្លាតចេញពីទ្រង់ វានឹងក្លាយទៅជាអន្ទាក់ទៅវិញ។ មនុស្សជាច្រើនដែលមានបញ្ញាវាងវៃដែលចម្រើនមកពីការអប់រំ ហើយដែលមានអាកប្ប កិរិយារួសរាយ គឺជាឧបករណ៍ដ៏ល្អប្រណីតមួយក្នុងកណ្តាប់ដៃរបស់សាតាំង។

ចូរកុំភ្លេចសេចក្តីព្រមានរបស់ព្រះដែលបានបន្លឺប្រាប់រាប់សតវត្សរហូតមកដល់ជំនាន់យើងឥឡូវនេះថា៖ «ចូរឱ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសឹង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ ចូរពាក់ «គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យបាននឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។ ពេត្រុសទី១ ៥:៨; អេភេសូរ ៦:១១។ សត្រូវដ៏ធំរបស់យើងកំពុងតែគ្រោងយុទ្ធនាការចុងក្រោយរបស់វា។ អស់អ្នកណាដែលដើរតាមព្រះយេស៊ូវ នឹងប៉ះទង្គិចនឹងសត្រូវនេះជាមិនខាន។ កាលណាពួកគ្រីស្ទានត្រាប់តាមគំរូដ៏ពិសិដ្ឋបានកាន់តែជិតដូចទ្រង់ប៉ុណ្ណា ខ្លួនគេនឹងច្បាស់ជាបានជាទីសម្គាល់សម្រាប់ឱ្យសាតាំងធ្វើទុក្ខប៉ុណ្ណោះដែរ។

សាតាំងបានវាយប្រហារព្រះគ្រីស្ទ ដោយសេចក្តីល្បួងដ៏សាហាវ និងដ៏ប៉ិនប្រសប់ជាក្រៃលែង ប៉ុន្តែទ្រង់បានច្រានវាចេញទៅវិញ ក្នុងគ្រប់ទាំងការប៉ះទង្គិចគ្នានេះ។ ជ័យជម្នះទាំងនោះធ្វើឱ្យយើងឈ្នះបានដែរ។ ព្រះគ្រីស្ទនឹងប្រទាននូវកម្លាំងដល់អ្នកណាដែលសូម។ គ្មានមនុស្សណាអាចចាញ់សាតាំងបានទេ បើខ្លួនមិនអនុញ្ញាតឱ្យនោះ។ មេល្បួងគ្មានអំណាចនឹងគ្រប់គ្រងទំនើងចិត្ត ឬបង្ខំមនុស្សឱ្យធ្វើបាបឡើយ។ វាអាចបណ្តាលឱ្យមានចិត្តខ្វល់ខ្វាយ តែមិនអាចធ្វើឱ្យមិនស្អាតបានឡើយ។ រឿងហេតុដែលព្រះ គ្រីស្ទបានឈ្នះនោះ គួរតែបណ្តាលចិត្តនៃអ្នកដើរតាមទ្រង់ឱ្យមានចិត្តក្លាហាន ដើម្បីប្រយុទ្ធនឹងអំពើបាបហើយនិងសាតាំង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ។ ហេព្រើរ ១១:១៣

Powered by CAM