ថ្ងៃអង្គារ ទី៧​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣១) ​

វិញ្ញាណអាក្រក់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារ​សេចក្តី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះបន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្តី​កោតខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំសំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ៍​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្តី​សុចរិតដែល​ត្រូវ​ខាង​សេចក្តី​ជំនឿទុក​ជា​មរដក​ដែរ។ ហេព្រើរ ១១:៧

បទគម្ពីរបានបើកសម្តែងយ៉ាងច្បាស់ អំពីពួកទេវតារបស់ព្រះ និងវិញ្ញាណអាក្រក់ទាំងឡាយ ដែលប្រស្រ័យទាក់ទងជាមួយប្រវត្តិសាស្ត្រ មនុស្ស។ ពួកទេវតាបរិសុទ្ធដែលជួយបម្រើ «ដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរដក» (ហេព្រើរ ១:១៤) ត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាវិញ្ញាណនៃអ្នកស្លាប់។ ប៉ុន្តែ បទគម្ពីរបង្ហាញវត្ថុតាងថា វិញ្ញាណទាំងនេះមិនមែនជាព្រលឹងនៃអ្នកស្លាប់ទេ។

មុនការបង្កើតមនុស្ស មានពួកទេវតារួចស្រេចទៅហើយ ពីព្រោះនៅពេលគ្រឹះផែនដីបានធ្វើឡើង «ផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»។ យ៉ូប ៣៨:៧។ បន្ទាប់ពីមនុស្សបានធ្លាក់ទៅក្នុងអំពើបាបមក ព្រះក៏បានបញ្ជូនពួកទេវតាឱ្យទៅយាមដើមជីវិតមុន នឹងមនុស្សម្នាក់ស្លាប់ទាន់។ ពួកទេវតាមានអំណាចលើមនុស្ស ព្រោះមនុស្សដែលបង្កើតមក «ទាបជាងពួកទេវតាតែបន្តិចទេ»។ ទំនុកតំកើង ៨:៥។

ហោរាមានប្រសាសន៍ថា៖ ខ្ញុំ «ក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក»។ គេជា «ពួកទេវតាដ៏សល់សែន» រង់ចាំបម្រើស្តេចលើអស់ទាំងស្តេច ព្រោះជា «អ្នកបម្រើទ្រង់ដែលធ្វើតាមព្រះហឫទ័យ» និង «ស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់»។ វិវរណៈ ៥:១១; ទំនុកតំកើង ១០៣:២០,២១; ហេព្រើរ ១២:២២។ ដោយព្រោះពួកគេជាអ្នកនាំសាររបស់ ព្រះ គេនាំគ្នាចេញទៅ «ដូចជាផ្លេកបន្ទោរ» ការហោះហើររបស់គេនោះលឿនណាស់។ ទេវតាដែលបានលេចមកនៅឯផ្នូររបស់ព្រះអង្គសង្គ្រោះមានសណ្ឋាន «ដូចជាផ្លេកបន្ទោរ» ធ្វើឱ្យអាមាត្យភ័យញាប់ញ័រ «ហើយ ត្រឡប់ដូចជាមនុស្សស្លាប់»។ នៅពេលសានហេរីបបានប្រមាថព្រះ និងគំរាមអ៊ីស្រាអែល «ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពនៃពួកអាសសុើ សម្លាប់មនុស្សអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់»។ អេសេគាល ១:១៤; ម៉ាថាយ ២៨:៣,៤; ពង្សាវតាក្សត្រទី២ ១៩:៣៥។

ពួកទេវតាត្រូវបានបញ្ជូនទៅដល់កូនចៅរបស់ព្រះ ក្នុងបេសកកម្មនៃសេចក្តីមេត្តាករុណាដល់លោកអ័ប្រាហាំនូវសេចក្តីសន្យានៃការប្រទានពរដល់ក្រុងសូដុម ដើម្បីសង្គ្រោះលោកឡុតពីសេចក្តីអន្តរាយ ដល់អេលីយ៉ា ដែលស្ទើរតែបាត់បង់ក្នុងវាលរហោស្ថាន ដល់អេលីសេនូវរាជរថ និងសេះភ្លើង ពេលគាត់បានទ័លច្រកដោយសត្រូវ ដល់ដានីយ៉ែលនៅពេលគេបោះ​ឱ្យទៅជាចំណីសិង្ហ ដល់ពេត្រុសដែលហៀបនឹងស្លាប់ក្នុងគុករបស់ស្តេច ហេរូឌ ដល់អ្នកជាប់គុកនៅក្រុងភីលីព ដល់ប៉ុលក្នុងយប់នៃព្យុះសង្ឃរានៅលើសមុទ្រ និងទៅបើកចិត្តកូនីលៀសឱ្យទទួលដំណឹងល្អ ទៅដល់ពេត្រុស ដើម្បីបញ្ជូនគាត់ឱ្យយកដំណឹងនៃសេចក្តីសង្គ្រោះ ដល់ជនចម្លែកដែលជាសាសន៍ដទៃ។ គឺរបៀបនេះហើយដែលពួកទេវតាបានបម្រើដល់រាស្ត្ររបស់ព្រះ។

ទេវតាការពារ

ទេវតាការពារមួយអង្គ ត្រូវបានចាត់មកឯអ្នកដើរតាមព្រះគ្រីស្ទម្នាក់ៗ។ «ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឱ្យរួច»។ ព្រះអង្គសង្គ្រោះបានមានបន្ទូលអំពីអ្នកដែលជឿដល់ទ្រង់ថា ទេវតារបស់គេ «ដែលនៅស្ថានសួគ៌ តែងតែឃើញព្រះភ័ក្ត្រព្រះវរបិតានៃខ្ញុំជានិច្ច»។ ទំនុកតំកើង ៣៤:៧; ម៉ាថាយ ១៨:១០។ រាស្ត្រ របស់ព្រះដែលប្រឈមមុខនឹងសេចក្តីព្យាបាទដ៏រោលរាលរបស់ស្តេចនៃភាពងងឹតនោះ គឺត្រូវមានពួកទេវតាជាអ្នកការពារជានិច្ច។ ការធានានេះត្រូវបានប្រទានឱ្យមក ពីព្រោះមនុស្សនឹងត្រូវជួបប្រទះភ្នាក់ងារនៃសេចក្តីអាក្រក់ដ៏ខ្លាំងពូកែ។ ពួកវានេះមានច្រើនអនេក វាខំតស៊ូ ហើយមិនចេះនឿយហត់សោះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ។ ហេព្រើរ ១១:១៣

Powered by CAM