ថ្ងៃពុធ ទី៨​ ខែកញ្ញា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣១) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ។ ហេព្រើរ ១១:៨

ពួកវិញ្ញាណអាក្រក់ដែលកាលពីដើមបានបង្កើតមកដោយគ្មានបាបមាននិស្ស័យ អំណាច និងសិរីល្អស្មើពួកទេវតាបរិសុទ្ធដែរ ដែលឥឡូវនេះ ជាអ្នកនាំសាររបស់ព្រះ។ តែដោយបានធ្លោយធ្លាក់ព្រោះអំពើបាប គេបានព្រួតដៃគ្នាបំបាក់កិត្តិយសរបស់ព្រះ និងបំផ្លិចបំផ្លាញមនុស្ស។ ពួកគេរួបរួមជាមួយសាតាំងក្នុងការប្រឆាំង ហើយធ្វើសហការច្បាំងនឹងឫទ្ធិអំណាចស្ថានសួគ៌។

ប្រវត្តិសាស្ត្រក្នុងគម្ពីរសញ្ញាចាស់ បានចែងពីវត្តមានរបស់ពួកគេ ប៉ុន្តែ ក្នុងអំឡុងពេលដែលព្រះគ្រីស្ទបាននៅផែនដីនោះ វិញ្ញាណអាក្រក់ទាំងនេះបានសម្តែងអំណាចរបស់វាក្នុងភាពដ៏សាហាវបំផុត។ ព្រះគ្រីស្ទ បានយាងមកដើម្បីប្រោសលោះមនុស្សលោក ចំណែកឯសាតាំងបានតស៊ូចង់គ្រប់គ្រងពិភពលោក។ វាបានជោគជ័យក្នុងការបង្កើតឱ្យមានការគោរព រូបចម្លាក់ ក្នុងគ្រប់ផ្នែកនៃផែនដីលើកលែងតែប្រទេសប៉ាលេស្ទីនប៉ុណ្ណោះ។ ព្រះគ្រីស្ទបានយាងមកប្រទេសនេះ ជាប្រទេសតែមួយគត់ ដែលពុំទាន់បានទោរទន់ទៅតាមមេល្បួងទាំងស្រុង ទាំងលាតព្រះហស្តនៃសេចក្តីស្រឡាញ់អញ្ជើញគេទាំងអស់គ្នាឱ្យរកសេចក្តីលើកលែងទោស និងសន្តិភាពក្នុងទ្រង់។ ពួកពលបរិវារនៃសេចក្តីងងឹតបានដឹងថា បើបេសកកម្មរបស់ព្រះគ្រីស្ទបានជោគជ័យនោះ ការកាន់ក្តាប់របស់គេនឹងត្រូវចប់នៅពេលខាងមុខជាមិនខាន។

ការដែលអារក្សចូលមនុស្ស គឺបានចែងក្នុងព្រះគម្ពីរសញ្ញាថ្មីយ៉ាងច្បាស់។ ជនដែលបានរងទុក្ខនោះ មិនគ្រាន់តែឈឺចាប់ពីជំងឺដែលកើតមកពីធម្មជាតិទេ តែព្រះគ្រីស្ទទ្រង់ឈ្វេងយល់ពីវត្តមាននៃពួកវិញ្ញាណអាក្រក់ និងភ្នាក់ងាររបស់ពួកវា។ អ្នកដែលខ្មោចចូលទៅស្រុកកាដារាដែលឆ្កួតប្រកាច់ បែកពពុះមាត់ និងកម្រោលចូលនោះ គឺកំពុងធ្វើបាបខ្លួនឯង ហើយអាចធ្វើឱ្យអ្នកមកជិតគ្រោះថ្នាក់ទៀតផង។ ឈាមដែលហូរ រាងកាយដែលខូចទ្រង់ទ្រាយ និងគំនិតដែលវង្វេងនោះ បានបង្ហាញនូវទស្សនីយភាពមួយដែលគាប់ចិត្តដល់ស្តេចនៃសេចក្តីងងឹត។ អារក្សម្នាក់ក្នុងចំណោមអារក្សទាំងឡាយដែលចូលគេ បាននិយាយថា «ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន»។ ម៉ាកុស ៥:៩។ ក្នុងកងទាហានរូ៉មុាំង កងទ័ពមួយពលមានទាហានចំនួនពីបីទៅប្រាំពាន់នាក់។ គ្រាន់តែឮបទបញ្ជាពីព្រយេស៊ូវភ្លាម ពួកវិញ្ញាណអាក្រក់ក៏ចេញពីជនរងគ្រោះ ទុកឱ្យគេធូរស្រាល មានបញ្ញាវាងវៃឡើងវិញ ហើយទន់ភ្លន់ផង។ ប៉ុន្តែ ពួកអារក្សបាននាំហ្វូងជ្រូកមួយហ្វូងចូលក្នុងទឹកសមុទ្រ ឯអ្នកស្រុកកាដារា បានឃើញការខូចខាត នោះវាច្រើនជាងការទទួលព្រះពររបស់ព្រះគ្រីស្ទ ដូច្នេះគេបានសូមឱ្យលោកគ្រូព្យាបាលដ៏ពិសិដ្ឋចេញពីទីនោះទៅ។ សូមអានម៉ាថាយ ៨:២៨-៣៤។ ដោយ ចោទព្រះយេស៊ូវចំពោះការខាតបង់របស់ខ្លួន សាតាំងបានធ្វើឱ្យប្រជាជនភ័យខ្លាចដោយគិតដល់ប្រយោជន៍ផ្ទាល់ខ្លួន ហើយបានបង្ការគេមិនឱ្យស្តាប់ដល់ព្រះបន្ទូលរបស់ទ្រង់។

ព្រះគ្រីស្ទបានអនុញ្ញាតឱ្យពួកវិញ្ញាណអាក្រក់បំផ្លាញជ្រូក ដើម្បីជាសេចក្តីបន្ទោសដល់ពួកជូវដែលចិញ្ចឹមសត្វមិនស្អាតសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ បើព្រះគ្រីស្ទពុំបានទប់ពួកអារក្សទេនោះ ហ្វូងជ្រូក អ្នកឃ្វាល និងម្ចាស់ជ្រូកនឹងត្រូវធ្លាក់ទៅក្នុងសមុទ្រទាំងអស់គ្នាទៅហើយ។

មួយសោតទៀត ព្រឹត្តិការណ៍ត្រូវបានអនុញ្ញាត​​ឱ្យកើតឡើង ដើម្បីឱ្យពួកសាវ័កឃើញអំណាចឃោរឃៅរបស់សាតាំងលើមនុស្ស​ និងសត្វប្រយោជន៍កុំឱ្យគេចាញ់កលល្បិចរបស់វា ហើយក៏ជាព្រះហឫទ័យទ្រង់ដែរ ដើម្បី​ឱ្យប្រជាជនឃើញព្រះមហិទ្ធិឫទ្ធិរបស់ទ្រង់ក្នុងការបណ្តាច់ចំណងរបស់សាតាំង ហើយដោះលែងអ្នកជាប់ឈ្លើយនោះ។ ទោះជាព្រះយេស៊ូវបានយាងចេញទៅហើយក្តី មនុស្សម្នាដែលបានរួចខ្លួនដោយការអស្ចារ្យនោះ បានរស់នៅដើម្បីថ្លែងប្រាប់សេចក្តីមេត្តាករុណានៃព្រះដ៏ជាមត៌ករបស់គេ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ។ ហេព្រើរ ១១:១៣

Powered by CAM